• 2020-12-02 08:57:08
  • ព័ត៌មាន

ខកចិត្ដមិនស្ទើរ! តារា​ពីរ​ដួង​នេះ ត្រូវខកពេលរៀបការដល់ទៅពីរដង តែនៅចិញ្ចឹមចិត្ដចង់រៀបការដដែល

  • 2020-12-02 08:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ជំនឿ​របស់​ខ្មែរ មុន​នឹង​ឈាន​ដល់​ការ​រៀបចំ​ពិធី​មង្គល​ការ​មួយ​បាន ត្រូវ​ឆ្លងកាត់​ការ​គុណ​គូរ ឬ​ដេញ​វេលា​យ៉ាង​ម៉ត់ចត់​ពីលោក​អាចារ្យ។ ប៉ុន្តែ​តារា​ចម្រៀង និង​សម្ដែង​ទាំង​ពីរ​ដួងនេះ បាន​ឆ្លងកាត់​ការ​ដេញ​វេលា និង​ប្ដេជ្ញាចិត្ដ ​ថា​នឹង​រៀបការ​ឲ្យ​បាន​ក្នុង​ឆ្នាំ​២០២០ ប៉ុន្ដែមិនបានសម្រេច​ដូច​បំណង។

តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម អឹម លោក អាន​​ គុណកូឡា ប្រកាស​ពន្យារ​ពេល​រៀបការ​របស់​ខ្លួន​យ៉ាង​តក់ក្រហល់​កាល​ពី​ល្ងាច​មិញ ទាំង​ដែល​លោក​ធ្លាប់​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​នឹង​រៀបការ​ឲ្យ​បាន​នៅ​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០២០ ព្រោះលោកធ្លាប់ខកម្ដងហើយ ហើយពេលនេះសំបុត្រ​អញ្ជើញ​ភ្ញៀវ​ក៏ចែក​ជិត​អស់​ដែរ។

ការ​ប្រកាស​ផ្អាក​រៀបការ​របស់​តារា​ចម្រៀង​រូប​នេះ គឺ​នៅ​ក្រោយ​ពី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍ ហើយ​រាជរដ្ឋាភិបាល​ បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ ឬ​រៀបចំពិធី​មង្គលការ​ដែល​មាន​មនុស្ស​ចូលរួមច្រើន​ ដើម្បី​ទប់ស្កាត់​ការឆ្លងរីករាលដាល នៃជំងឺ​នេះ​រយៈ​ពេល​១៥​ថ្ងៃ គឺ​គិត​ចាប់​ពី​ថ្ងៃទី១ ដល់​ថ្ងៃទី១៥ ​ធ្នូ។

លោក អានគុណ កូឡា៖"ក្នុង​នាម​ខ្ញុំ​ជា​កូន​កំលោះ អាន គុណកូឡា និង​អាណាព្យាបាល​កូន​ប្រុស-ស្រី សូម​ប្រកាស​ផ្អាក​កម្មវិធី​រៀប​មង្គលការ​ជា​បណ្ដោះអាសន្ន សម្រាប់​ព័ត៌មាន​លម្អិត​នឹង​ជូន​ដំណឹង​ជា​ថ្មី​ទៀត។ ដូច្នេះ​សូម​គោរព​ជម្រាប​ជូន ឯកឧត្ដម លោក​ជំទាវ និង​ភ្ញៀវ​កិត្តិយស​ទាំង​អស់ មេត្តា​យោគយល់ និង​អធ្យាស្រ័យ​ដល់​ក្រុម​គ្រួសារ​យើង​ខ្ញុំ​ផង"។

លោក អាន គុណកូឡា គ្រោង​ចូល​រោង​ជ័យ​ជាមួយ​នារី​រកស៊ី​ត្បូង​ដ៏​ស្រស់​ស្អាត​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន នៅ​បុរី​ផ្លរ៉ា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នា​ថ្ងៃទី១២ ខែ​១២ ឆ្នាំ​២០២០ បន្ទាប់​ពី​លោក​លើក​ពេល​រៀបការ​ម្ដង​ហើយ​កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២០ ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩។

ងាក​មក​មើល​គម្រោង​រៀបការ​របស់​តារា​កំប្លែង​ស្រី វ៉ាន់ នីឡា វិញ​ម្ដង។ នីឡា និង​ចាស់​ទុំ​ទាំង​សង​ខាង បាន​ឯកភាព​គ្នា ហើយ​មានគម្រោង​រៀបការ​ចំនួន​ពីរ​ដង​ដែរ ពោល​គឺ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២០ ម្ដង និង​​ម្ដង​ទៀត​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ប៉ុន្តែ​គម្រោង​រៀបការ​ទាំង​ពីរ​លើក​ ត្រូវ​បាន​រាំង​ស្ទះ​ដោយសារ​ជំងឺ​កូវីដ-១៩។

ការ​ផ្អាក​គម្រោង​រៀបការ​ជា​លើក​ទី២ នេះ​​ បាន​ធ្វើ​ឲ្យ​កញ្ញា វ៉ាន់ នីឡា ខកចិត្ដ​យ៉ាង​ខ្លាំង ហើយ​ប្រលយ​ពាក្យ​យ៉ាង​ខ្លី​ថា"មាន​ពីរ​ជម្រើស គឺ​សែន និង​ចុះ​អេតា​ស៊ីវិល"។

ចំណង​ស្នេហ៍​របស់​តារា​កំប្លែង​វ័យ​ក្មេង វ៉ាន់ នីឡា ជាមួយ​បុរស​ក្រៅ​សិល្បៈ​វ័យ​ស្របាល​គ្នា ជាង​៣​ឆ្នាំ បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់​តែ​ស្រឡាញ់​គ្នា និង​យល់ចិត្ត​ថ្លើម​គ្នា​ខ្លាំង រហូត​មិន​អាច​ខ្វះ​គ្នា​បាន ដោយ​ពួកគេ​តែងតែ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ទៀត​ផង។

ទោះជា​យ៉ាង​ណា​តារា​ទាំង​ពីរ​ដួង​ដែល​ត្រៀម​នឹង​ស្គាល់​ការ​រស់នៅ​ជាមួយ​ដៃគូ​ជីវិត​ក្នុង​ភាព​ជា​ប្ដី-ប្រពន្ធ នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​រៀបការ​ជា​ទ្រង់ទ្រាយ​ធំ​ឲ្យ​បាន​នៅ​ថ្ងៃ​ណា​មួយ ប៉ុន្តែ​ស្ថានភាព​ជាក់ស្ដែង​សម្រាប់​ឆ្នាំ​២០២០ នេះ គឺ​មិន​អំណោយផល​សម្រាប់​ពួកគេ​ឡើយ ព្រោះ​ជំងឺ​កូវីដ-១៩ កំពុង​វាយលុក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម