• 2020-12-10 03:24:10
  • ព័ត៌មាន

លេច​មុខ សុខ ពិសី បរិច្ចាគ​ច្រើន​ជាងគេ​ក្នុង​ចង្កោម​តារា​ចម្រៀង ហើយ​បង្កប់​នូវ​សារ​ជ្រាលជ្រៅ​មួយ​ទៀត!

  • 2020-12-10 03:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចង្កោម​តារា​ចម្រៀង និង​សម្ដែង​របស់​ខ្មែរ​ដែល​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ទៅ​កាន់​រាជរដ្ឋាភិបាល​ដើម្បី​រួម​ចំណែក​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ប៉ុន្មាន​ថ្ងៃ​មក​នេះ គេ​ឃើញ​តារា​ចម្រៀង​ល្បីៗ​ដូច​ជា​លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ដ កញ្ញា តន់ ចន្ទសីម៉ា និង​លោក ខេម ជា​ដើម បាន​បរិច្ចាគ​ភ្លាមៗ។

ដោយឡែក​តារា​ចម្រៀង​ល្បីឈ្មោះ​ប្រចាំ​នៅ​ផលិតកម្ម​សាន់ដេ កញ្ញា សុខ ពិសី ទើបតែបាន​បរិច្ចាគ​ថវិកា​ចំនួន​៣០០០​ដុល្លារ ឬ​ស្មើនឹង​១២​លាន​រៀល។ ចំនួនថវិកា​ដែល​បាន​បរិច្ចាគ​នេះ គឺ​ឈរ​នៅ​លំដាប់​លេខរៀងលើ​គេ​បង្អស់​ក្នុង​ចង្កោម​តារា​សម្ដែង និង​ចម្រៀង​របស់​ខ្មែរ​ដែល​បាន​បរិច្ចាគ​រយៈ​ពេល​បី​ថ្ងៃ​កន្លង​ទៅ ពោល​គឺ​តារា​ដែល​បាន​បរិច្ចាគ​មុនៗ គឺខ្ពស់​បំផុតត្រឹម​១០​លាន​រៀល​ប៉ុណ្ណោះ។ នេះបើគិតត្រឹមថ្ងៃទី៩ ខែធ្នូ ម្សិលមិញ។

ការ​ចេញ​មុខ​យឺត​ជាងគេ តែ​បាន​បរិច្ចាគ​ច្រើន​ជាង​គេ​របស់​តារា​ចម្រៀង​រូប​នេះ ក៏បាន​ភ្ជាប់​នូវ​សារ​ជូនពរ​មួយ​ដល់​ជន​រួម​ជាតិ​ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩ ដូច្នេះ៖"ខ្មែរ​ស្រឡាញ់​ខ្មែរ! សូម​បងប្អូន​ជនរួមជាតិ​ជៀស​ផុត​ពី​ទុក្ខ​ភ័យ​គ្រប់ៗគ្នា។ ដោយ​ក្ដី​គោរព​ស្រឡាញ់​ពី​នាង​ខ្ញុំ"។

បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន ជុំវិញ​ការ​កៀរគរ​ប្រភពថវិកា​ពី​សប្បុរសជន ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ មាន​តារា​ចម្រៀង និង​សម្ដែង​ជា​ច្រើន​បាន​ចូល​រួម​បរិច្ចាគ​ជាហូរហែរ។ ជាក់ស្ដែង​នៅ​ថ្ងៃ​នេះ​គេឃើញ​អ្នកនាង​គង់ សុជាតិ និង​ស្វាមី ក៏​បាន​បរិច្ចាគ​ទឹកប្រាក់ផ្ទាល់ខ្លួនចំនួន​១០០០​ដុល្លារ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់