• 2020-12-10 07:33:25
  • ព័ត៌មាន

លើក​ទី​១ ​អ្នក​ឧកញ៉ា គិត ម៉េង សរសើរ​​ខ្លួន​​​ឯង ថាមាន​សំណាង​ណាស់​ បាន​ជួប​ជំទាវ ស្រីតូច ចំណាន

  • 2020-12-10 07:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង ៥​ឆ្នាំ​ដែល​រស់​នៅ​ជា​ស្វាមី ភរិយា នឹង​គ្នា ទើប​តែ​ពេល​នេះ​ប៉ុណ្ណោះ ដែល​អ្នក​ឧកញ៉ា គិត ម៉េង បាន​បញ្ចេញ​ឲ្យ​ដឹង​ថា​ជា​សាធារណៈ​ថា ខ្លួន​ពិត​មាន​សំណាង​ណាស់​ដែល​បាន​អតីត​តារា​ចម្រៀង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ធ្វើ​ជា​ភរិយា។

សារ​នេះ អ្នក​ឧកញ៉ា គិត ម៉េង ទើប​បាន​បញ្ចេញ​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ ចប់​ថ្ងៃ​ទី ១០ ធ្នូ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ដើម្បី​អបអរ​នឹង​ថ្ងៃ​ពិសេស​របស់​មនុស្ស​ជាតិ​នេះ អ្នក​ឧកញ៉ា បាន​សរសេរ​នៅ​ទំព័រ​បណ្ដាយ​សង្គម​របស់​ខ្លួន​ថា ថ្ងៃ​នេះ គឺ​ជា​ សេចក្តី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស គឺ​ជា​ឯកសារ​ដែល​ត្រូវ​បាន​ការពារ និង​ទទួល​ស្គាល់​ទូទាំង​ពិភពលោក ហើយ​ថា​សិទ្ធិ​នីមួយៗ​ក្នុង​ចំណោម​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ទាំង​៣០ គឺ​មាន​សារៈ​សំខាន់​ដូច​ៗ​គ្នា។

ដូច្នេះ​ហើយ ក្នុង​ឱកាស​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ អ្នក​ឧកញ៉ា ​សូម​ចូល​រួម​អបអរសាទរ​សិទ្ធិ​រៀបការ និង​មាន​គ្រួសារ។ នៅ​ក្នុង​សំណេរ​នេះ មាន​ចំណុច​​មួយ​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង ក្រោយ​អ្នក​ឧកញ៉ា លើក​សរសើរ​ពី​សំណាង​ខ្លួន​ឯង ក្នុង​ការ​ជ្រើស​រើស​គូ​ស្រករ។

អគ្គនាយក​រ៉ូយ៉ាល់​គ្រុប បាន​រំលេច​សារ​ថា "ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់​ដែល​បាន​ជួប​ភរិយា​ខ្ញុំ គឺ​លោក​ជំទាវ ម៉ៅ ចំណាន ហើយ​ជាង​នេះ​ទៅ​ទៀត ពួក​យើង​កាន់​តែ​រីករាយ​ដែល​បាន​កសាង​គ្រួសារ​ដ៏​គួរ​ឱ្យ​ស្រលាញ់​ជាមួយ​គ្នា។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​អ្នក​ទាំងអស់​គ្នា រីករាយ​ក្នុង​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ និង​មាន​សុវត្ថិភាព!”។

អ្នក​ឧកញ៉ា គិត ម៉េង និង​ជំទាវ ស្រី​តូច ចំណាន បាន​រៀប​​មង្គល​ការ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ ១៩ មីនា ២០១៥ យ៉ាង​មហាឡារិក និង​បាន​ក្លាយ​ជា​មង្គល​ការ​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នោះ។ មក​ដល់​បច្ចុប្បន្ន អ្នក​ឧកញ៉ា និង​លោក​ជំទាវ បង្កើត​បាន​បុត្រ​ចំនួន ៤នាក់(ស្រី២ ប្រុស២)​ជា​ចំណង​ដៃ។ ការ​ជួប​ប្រសព្វ​គ្នា​រវាង​អ្នក​ទាំង​ពីរ ខ្លះ​បាន​លើក​សរសើរ​ខាង​ស្រី ថាពិត​ជាមហា​សំណាង ត្បិត​ថា​ខាង​ប្រុស គឺ​ជា​អ្នក​ជំនួញ​ដ៏​ធំ និង​មាន​ទ្រព្យ​សិប​លាន​នៅ​កម្ពុជា។

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ខាង​អ្នក​ឧកញ៉ា បាន​សារភាព​ដោយ​ខ្លួន​ឯង​វិញ​ថា គឺ​ខ្លួន​ពិត​ជា​មាន​សំណាង​ណាស់ ដែល​បាន​រួម​គ្នា​បង្កើត​គ្រួសារ​ដ៏​កក់​ក្ដៅ​ជាមួយ ជំទាវ ម៉ៅ ចំណាន។ យ៉ាង​ណា ប្រធាន​សភា​ពាណិជ្ជកម្ម​​កម្ពុជា មិន​បាន​លម្អិត​ឡើយ​ថា លោក​ជំទាវ មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ រហូត​ដល់​ខ្លួន​ទប់​មាត់​មិន​បាន​នោះ​ឡើយ។

ទោះ​យ៉ាង​នេះ​ក្ដី កន្លង​មក​គេ​ដឹង​ថា ជំទាវ ស្រី​តូច ចំណាន គឺ​ជា​កុល​ស្ត្រី​មួយ​រូប​ដែល​ស្អាត​ទាំង​ចរិយា ទាំង​រូបរាង និង​ទន់​ភ្លន់​ទាំង​អត្តចរិក។ បែប​នេះ​ហើយ លោក​ជំទាវ​មាន​អ្នក​គោរព​ស្រឡាញ់​ច្រើន​ណាស់។ កាល​ពី​ប៉ុន្មាន​​ឆ្នាំ មហាជន​ធ្លាប់​ភ្ញាក់​ផ្អើល​ម្ដង ក្រោយ​លេច​រូប​​ភាព​លោក​ជំទាវ ឱន ចង​ខ្សែ​ស្បែក​ជើង​ជូន​ស្វាមី​នៅ​ទីសាធារណៈ ក្នុង​វេលា​ដែល​អ្នក​ទាំង​ពីរ​ចូល​រួម​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សំណង់​ធំ​នៅ​លើ​កោះ​មួយ​នៅ​កម្ពុជា។

រូបភាព​នោះ មហាជន​បាន​សរសើរ​ថា ជំទាវ ស្រី​តូច ចំណាន ឬ​ម៉ៅ ចំណាន គោរព​ឲ្យ​តម្លៃ និង​ប្រណិបត្តិ​ស្វាមី​បាន​ល្អ​ណាស់ សូម្បី​តែ​នៅ​ទីសាធារណៈ ដោយ​មិន​ប្រកាន់​ខ្លួន​ឡើយ។ ក្រៅ​ពី​គុណសម្បត្តិ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ អតីត​តារាស្រី​រូប​នេះ ក៏​ត្រូវ​បាន​គេ​ដឹង​ថា បាន​ជួយ​ស្វាមី​ឲ្យ​រីក​ចម្រើន​ខាង​ផ្នែក​ជំនួញ​ជា​ច្រើន​ថែម​ទៀត ក្នុង​នោះ​ជំទាវ​ខ្លួន​ឯង ក៏​អាច​កាន់​ការ​ជួស​មុខ​ស្វាមី​លើ​ជំនួញ​មួយ​ចំនួន ឲ្យ​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​ថែម​ទៀត​ផង។

ហេតុផល​ទាំង កន្លង​មក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា ជំទាវ ស្រី​តូច ចំណាន មិន​ត្រឹម​តែ​មាន​សមត្ថភាព ប៉ុន្តែ​ជំទាវ​នៅ​មាន​លេខ​សំណាង ដែល​ជួយ​យឹតយោង​ស្វាមី​នៅ​ក្នុង​សមរភូមិ​ជំនួញ​ថែម​ទៀត ដូច​សុភាសិត​ខ្មែរ​មួយ​និយាយ​ថា "សំណាប​យោង​ដី ស្រី​យោង​បុរស"៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម