• 2020-12-24 00:31:00
  • ព័ត៌មាន

សាយ ឆ្លើយតប​ ក្រោយរង​ការ​រិះគន់ រឿង​ទទួលជំនួយពីអ្នកគាំទ្រ BTS

  • 2020-12-24 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ភាព​ចម្រូងចម្រាស​មួយទាក់ទង​នឹង​ការ​បរិច្ចាគ​ទឹកប្រាក់​ចំនួន​១៣០០​ដុល្លារ ជា​លើក​ដំបូង​របស់​ ​Amy Cambodia ដែល​ជា​ក្រុម​គាំទ្រ BTS តាម​រយៈ​លោក អ៊ួន បឋម ហៅ​សាយ ដើម្បី​ទិញ​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩។

បន្ទាប់​ពី​សាយ បាន​ប្រគល់​ថវិកា​សប្បុរសធម៌​នេះ​ទៅ​កាន់​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាត់ចែង​លើ​ការ​បញ្ជា​ទិញ​វ៉ាក់សាំង កាល​ពី​ថ្ងៃ​ម្សិលមិញ មាន​មនុស្ស​រាប់​រយ​នាក់​បាន​គាំទ្រ​ការ​បរិច្ចាគ​នេះ ប៉ុន្តែក៏​មាន​អ្នក​លេង​Tik Tok និង​Facebook ខ្លះដែរ បាន​ចាត់​ទុក​ថា​វា​ជា​ការសម្ដែង។

ឆ្លើយតប​នឹង​ការ​រិះគន់​នេះ អ្នក​គាំទ្រ​របស់​សាយ និង​ខ្លះ​មាន​ប្រភព​មក​ពី​អ្នក​គាំទ្រ​ក្រុម​ BTS សរុប​ជិត​១០០០​នាក់ បាន​ចូល​មក​ឆ្លើយតប​ថា ដោយ​សុំ​ឲ្យ​មាន​ការ​បកស្រាយ​ពី​ក្រុម​អ្នក​រិះគន់​​ដែល​ថា​ការ​បរិច្ចាគ​នេះ​ជា​ការ​សម្ដែង។ បន្ថែម​ពី​លើ​នេះ ក្រុម​ភាគ​ច្រើន​ដែល​គាំទ្រ លើក​ឡើង​ថា ការ​ចូល​រួម​ជួយ​សង្គម​លើ​ផ្នែក​ណា​មួយ គឺ​ជា​រឿង​ទាំង​អស់​គ្នា ដែល​អាច​ចូល​រួម​បាន​ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ។

សំខាន់ គឺ​សកម្មភាព​របស់​ពួក​គេ មាន​ផល​វិជ្ជមាន​ដល់​សង្គម គឺ​គ្រប់​គ្រាន់ ដូច្នេះ​ហើយ មិន​ថា​អ្នក​ណា ដែល​បាន​ចូល​រួម​កិច្ចការ​សង្គម សុទ្ធ​តែ​គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្តដូច​គ្នា។ក៏​ដូច​គ្នា​ដែរ ចំពោះ​បញ្ហា​នេះសាមី​ខ្លួន​ម្ចាស់​គម្រោង "Run with Sai for Charity" បាន​ចេញ​មក​ឆ្លើយ​តប​ដែរ​ថា សម្រាប់​លោក​មិន​សំខាន់​ឡើយ​ថា អ្នក​ចូល​រួម​ជា​នរណា​ សំខាន់​ពួក​គេ​បាន​រួម​គ្នា​ជួយ​សង្គម។

សាយ ថ្លែងថា៖ "សម្រាប់ខ្ញុំមិនសំខាន់គាត់គាំទ្រអ្នកណាឬក្រុមណានោះទេ សំខាន់គាត់ចូលរួមក្នុងការងារសង្គម ចូលរួមជួយជាតិ និងមិនប៉ះពាល់ដល់អ្នកដទៃទៅគឺល្អហើយ"។

ដោយ​ទឹក​ចិត្ដ​សប្បុរស និង​ស្រឡាញ់​សង្គម និង​ចង់​ជួយ​កុមារ​កម្ពុជា​ដែល​មាន​ការ​ប្រឈម​ខ្ពស់ លោក អ៊ួន បឋម ហៅ​សាយ សម្រេច​បង្កើត​ហ្គេម​សប្បុរសធម៌​ចំនួន​២ ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ផង និង​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទិញ​វ៉ាក់សាំង​កូវីដ-១៩ ផង។ ហ្គេម​មនុស្សធម៌​ទាំង​ពីរ​នោះ​រួម​មាន៖ ចូល​រួម​បរិច្ចាគ​១​ដុល្លារ ដើម្បី​មន្ទីរ​ពេទ្យ​កុមារ​អង្គរ និង​ហ្គេម​ទី២ មាន​ឈ្មោះ​ថា ២​ដុល្លារ ដើម្បី​វ៉ាក់សាំង​កូវីដ-១៩ ១លាន​ដូស​ដើម្បី​កម្ពុជា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម