• 2021-01-18 03:34:50
  • ព័ត៌មាន

លើស​ពី​ពាក្យ​អគុណ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន នាយ​កុយ​ បានបញ្ចេញ​សំនៀង​១​បទ​យ៉ាង​ពីរោះ!

  • 2021-01-18 03:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើស​ពី​ពាក្យ​អគុណ​ចំពោះ​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ដែល​បាន​ណែនាំ​ថា​លោក​កុយ គួរ​ទទួល​វ៉ាក់សាំង​កូវីដ-១៩ មុន​គេ ក្នុង​ចំណោម​អ្នក​ទទួល​មុន ស្រាប់​តែ​ល្ងាចមិញ​នេះ លេច​មុខ​លោក​ជួង ជី ហៅ​នាយ​កុយ មក​បកស្រាយ​ចម្រៀង​១​បទ​ក្រោម​ចំណង​ជើង​ថា"សូម​អគុណ​មិត្ត​ចិន" យ៉ាង​ពីរោះ និង​មាន​អត្ថន័យបំផុត។

បទ​"សូម​អគុណ​មិត្ដ​ចិន" ដែល​ច្រៀង​ដោយ​នាយ​កុយ លំនាំ​បទ"ជឿ​ចិត្ត​អូន​ចុះ" ជា​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​ដោយ លី ស៊ីនហួន។ អម​ជាមួយ​សំនៀង​យ៉ាង​មាន​អត្ថន័យ​មួយ​បទ​នេះ​លោក​ក៏​បាន​រាំ និង​បញ្ចេញ​កាយវិការ​យ៉ាង​សម​ទៅ​នឹង​ចង្វាក់ភ្លេងដែរ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ប្រកាស​ថា មិត្ត​ចិន​នឹងផ្ដល់​ជំនួយ​ជា​វ៉ាក់​សាំង​កូវីដ-១៩ របស់​ក្រុមហ៊ុន​ចិនឈ្មោះ SINOPHARM ចំនួន​១​លាន​ដួស សម្រាប់​មនុស្ស​៥០​ម៉ឺន​នាក់​ដំបូង​នៅ​កម្ពុជា។ នៅក្នុង​ថ្ងៃ​ដែល​សម្ដេច​ប្រកាស​នោះ ក៏​មាន​ការ​ណែនាំ​មួយ​ពី​សម្ដេច​ដោយផ្ទាល់ដែរទៅកាន់តារាកំប្លែងរូបនេះ តាម​រយៈ​សារ​ជា​អក្សរ​ថា"លោក​កុយ ​គួរ​ទទួល​វ៉ាក់សាំង​មុន​គេ​ក្នុង​ចំណោម​អ្នក​ទទួល​មុន។ ទទួល​បាន​វ៉ាក់សាំង​ នឹង​មាន​ហាងឆេង​ខ្ពស់"។

ឆ្លើយតប​ទៅ​កាន់​សម្ដេច​វិញ​ទាំង​ទឹកចិត្ត​ត្រេកអរ លោក ជួង ជី ហៅ​នាយ​កុយ បានថ្លែង​អំណរគុណ​ចំពោះ​សម្ដេច​ដែល​លោក​បាន​ផ្ដល់​កិត្តិយស​ឲ្យ​រូបលោកបាន​ចាក់​វ៉ាក់សាំង​មុន​គេ។ លោក​ក៏​បាន​ជូនពរ​សម្ដេច​ទាំង​ពីរ និង​កូន​ចៅ​ប្រុស​ស្រី​ឲ្យ​ជួប​តែ​សេចក្ដី​សុខ និង​សូមកុំ​ឲ្យ​មាន​ជំងឺ​បៀតបៀន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម