• 2021-01-20 08:32:13
  • ព័ត៌មាន

ស្ពាយ​ប្រាក់​វាល់​លាន​ទៅ​សៀមរាប ប៉ុន្តែ​សាយ ស្នើ​សុំ​ជំនួយ​ម្ហូបអាហារ​ពី​សប្បុរសជន​រយៈ​ពេល​៥​ថ្ងៃ

  • 2021-01-20 08:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជាមានទឹកចិត្ដសប្បុរស និងស្មោះត្រង់មែន លោក សាយ កំពុងស្ពាយលុយវាល់លានទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប​ ប៉ុន្ដែលោកប្រកាសសុំជំនួយជាអាហាររយៈពេល៥ថ្ងៃ ដោយមិនប៉ះពាល់លុយជំនួយដែលប្រមូលបានឡើយ។

បាត់​មុខ​មួយ​រយៈ​ខ្លី ក្រោយ​ពី​បញ្ចប់​បេសកកម្ម​រត់​រយៈ​ពេល​៩៩​ថ្ងៃ លើ​ចម្ងាយ​ផ្លូវ​ជាង​២០០០​គីឡូម៉ែត្រ ថ្ងៃ​នេះ លោក អ៊ួន បឋម និង​ក្រុមការងារ​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ ប្រកាស​ធ្វើ​ពិធី​ប្រគល់​ជំនួយ​ពី​សប្បុរសជន​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ថ្ងៃទី២៥ ខែ​មករា ឆ្នាំ​២០២១ ខាង​មុខ​នេះហើយ។

លោក អ៊ួន បឋម ហៅ​សាយ និយាយ​នៅ​រសៀល​ថ្ងៃ​ទី២០ ខែ​មករា នេះ​ថា រូប​លោក និង​ក្រុម​ការងារ កំពុង​រៀបចំ​ចេញ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​បិទ​កម្មវិធី និង​ប្រគល់​ថវិកា​ជូន​មន្ទីរពេទ្យ។ ទន្ទឹម​គ្នា​នេះ​លោក​ក៏​អំពាវនាវ​ថា៖"មាន​បងប្អូន​ណា​ចង់​ទទួល​បាយ​ទឹក​ពួក​យើង​ទេ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ពួក​យើង និង​បាន​ជួប​ជជែក​គ្នា​លេង​ផង"។

លោក អ៊ួន បឋម និង​ក្រុម​ការងារ​ប្រមាណ​ជា​១០​នាក់ នឹង​ចំណាយ​ពេល​៥​ថ្ងៃ ដើម្បី​ស្នាក់នៅ​ខេត្ដ​សៀមរាប។ ចំពោះ​ការ​ស្នាក់នៅ ដើម្បី​រង់ចាំ​ដល់​ថ្ងៃ​ធ្វើ​ពិធី​ប្រគល់​ថវិកា​ជំនួយនេះ ត្រូវ​បាន​គេ​ជួយ​ហើយ គឺ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​មួយនៅខេត្ដសៀមរាប ហើយ​លោក​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​ម្ចាស់​សណ្ឋាគារ​នោះដែរ។

លោក អ៊ួន បឋម បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា"រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ" ដែល​ទើប​បិទ​បញ្ចប់​នៅ​កាល​ពីថ្ងៃទី១០ ខែ​មករា ឆ្នាំ​២០២១។ ក្នុង​បេសកកម្ម​រត់​ជុំវិញ​ប្រទេស​កម្ពុជា​ដើម្បី​រៃអង្គាស​ប្រាក់​ទៅ​ជួយ​ដល់​កុមារ​ដែល​រងគ្រោះ តាម​រយៈ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ គឺ​ប្រមូល​បាន​ដល់ទៅជិត ៥០ម៉ឺនដុល្លារ ដែលអាចជួយសង្រ្គោះជិវិតកុមារ​បានជាច្រើនករណី។

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី