• 2021-02-01 02:36:09
  • ព័ត៌មាន

ទើប​បញ្ចប់​គម្រោង​រត់ សម្រាក​មិន​ទាន់​ស្រួល​ខ្លួន​ផង ឥឡូវ Sai ប្រកាស​គម្រោង​ធំ​ៗ​២​ទៀត​ហើយ!

  • 2021-02-01 02:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹក​ថ្ងៃ​សៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ បានរៀបចំកម្មវិធីប្រកាសបិទជាផ្លូវការ។

កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយ​សាយ ដែលលោកអ៊ួន បឋម (សាយ)បានធ្វើការរត់ដោយប្រើរយៈពេល៩៧ថ្ងៃ ក្នុងចម្ងាយ២៤០៨គ.ម ហើយបានឆ្លងកាត់ ២១ខេត្តក្រុង ជុំវិញប្រទេសកម្ពុជា បាន​បញ្ចប់​ជា​ផ្លូវ​ការ​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ទី ៣០ មករា ២០២១ នៅ Major Cineplex by Smart។ តែ​ឥឡូវ​យុវជន​ឆ្នើម បាន​ប្រកាស​គម្រោង​ធំ​២​ទៀត​ហើយ។

នៅ​ក្នុង​ថ្ងៃ​បិទ​ផ្លូវ​ការ កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ បាន​ឲ្យ​ដឹង​ថា យុវជន​មក​ពី​ខេត្ត​ស្ទឹងត្រែង ទទួលបានទឹកប្រាក់បរិច្ចាគពីប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានពីសំណាក់ក្រុមហ៊ុនផ្សេងៗលើពីគោលដៅដែលបានដាក់នៅក្នុងកម្មវិធី ទ្វេមួយជាពីរ ដោយមានទឹកប្រាក់សរុបប្រមាណចំនួន ២ ០២៥ ៦០៩ ៧១០ រៀល (ពីរពាន់ម្ភៃប្រាំលាន ប្រាំមួយរយប្រាំបួនពាន់ ប្រាំពីររយដប់រៀល) ស្មើនឹងប្រមាណជា ៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលថវិកានេះគឺជាថវិកាដ៏សប្បុរសបរិច្ចាគពីសំណាក់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស។

បើ​ទោះ​ជា​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ លោកអ៊ួន បឋម (សាយ) បានប្រកាសកម្មវិធីថ្មីពីរទៀត បន្ទាប់ពីកម្មវិធីនេះ នោះគឺ ៖

-ការ​ផលិត​ជា​ភាពយន្ត​ឯកសារ​ពី​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​ជាមួយសាយ៖ ក្រោយ​ការ​ផលិត​ត្រូវ​បាន​បញ្ចប់ ភាពយន្ត​ឯកសារ​នេះ នឹង​ដាក់​បញ្ចាំង​នៅក្នុង​រោងកុន ដើម្បី​ប្រជាពលរដ្ឋទូទៅ និងជាពិសេសគឺ សម្រាប់យុវជនកម្ពុជាផ្ទាល់តែម្តង​បាន​ទស្សនា។ ភាពយន្ត​នេះ មាន​គោល​បំណង​ជា​គំរូ និង​ជាការជម្រុញទឹកចិត្ត ក្នុងការចាប់ផ្តើមធ្វើសកម្មភាពដើម្បីជួយដល់សង្គម​នានា ពី​យុវជន​ទាំង​ឡាយ នា​ពេល​អនាគត។

-ចំណែក​ឯ​កម្មវិធី​មួយ​ទៀត​នោះ គឺ​កម្មវិធី តោះចាប់ផ្តើមធ្វើជាមួយសាយ (Let’s Do It with Sai)៖ ជា​កម្មវិធី​ជួយ​សង្គម​មួយ​ទៀត មាន​ចេតនា​ផ្តួច​ផ្តើម​គំនិត​ឲ្យ​យុវជន​មាន គំនិតចង់ធ្វើសកម្មភាពល្អដើម្បីជួយដល់សង្គម ក្នុងការចាប់ផ្តើមធ្វើដោយមិនរារែកចិត្ត ដែលក្នុងនោះកម្មវិធីនឹងធ្វើការ ជ្រើសរើសយកយុវជនជាក្រុមតូចៗ ដែលបានដាក់ពាក្យមកកាន់កម្មវិធី។ កម្មវិធីនឹងផ្តល់ជាប្រឹក្សាយោបល់ និងពិភាក្សាក្នុងការរៀបចំសកម្មភាព ឬយុទ្ធនាការកិច្ចសង្គមណាមួយ ហើយ​កម្មវិធី​អាច​នឹង​ធ្វើការ​គាំទ្រ​ជា​កញ្ចប់​មូលនិធិ​មួយ​ចំនួន​ផង​ដែរ។

យ៉ាង​ណា មិន​មាន​កាល​បរិច្ឆេទ​ផ្លូវ​ការ​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ ប៉ុន្តែ​គេ​ជឿ​ថា អ្វី​ៗ​អាច​នឹង​មិន​យូរ​នោះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី