• 2021-02-09 08:18:43
  • ជីវិតតារា

ផាន់ រុង មានប្រវត្តិកិបទុកលុយម្ដាយផ្ញើឲ្យរៀនទៅទិញកាមេរ៉ា ដើម្បីសម្រេចសុបិនមួយក្នុងវិស័យភាពយន្ត

  • 2021-02-09 08:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"អា​អត់​ការងារ​ធ្វើ" និង​"អា​រហាម" គឺ​ជា​ចំណង​ជើង​ខ្សែភាពយន្ត​អប់រំ​ខ្លីៗ​របស់ ផាន់ រុង ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​បំផុត​នៅ​ដើម​ឆ្នាំ​២០២១។ ប៉ុន្តែ​បើ​ក្រឡេក​មើល​ស្ថានភាព​របស់ ផាន់ រុង បច្ចុប្បន្ន​គឺ​ខុស​ស្រឡះ​ពី​សាច់​រឿង​ដែល​លោក​បាន​និពន្ធ និង​សម្ដែង​ដោយ​ខ្លួន​ឯង​នេះ។

ត្រឹម​វ័យ​២២​ឆ្នាំ​សោះ ផាន់ រុង សម្រេច​គោលបំណង​ធំ​ក្នុង​ជីវិត​ដល់​ទៅ​បី​ទៅ​ហើយ។ ទី​១ លោក​បាន​បើក​ហាង​លក់​សាច់​អាំង​មួយ​កន្លែង​ទទួល​ចំណូល​មិន​ក្រោម​៥០០០​ដុល្លារ​ក្នុង​១​ខែ ទី២​ចំណូល​ពី​ក្រុមហ៊ុនYoutube និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​មិន​ក្រោម​១​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ និង​ទី៣ លោក​ទើប​ទិញ​ផ្ទះ​១​ល្វែង​នៅ​ម្ដុំ​ទំនប់​កប់​ស្រូវ​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ។

តើ ផាន់ រុង ជា​ន​ណា? លោក​មាន​ប្រវត្តិ​យ៉ាងណា​កាល​ពី​កុមារ ហើយ​បាន​ឆ្លងកាត់​ឧបសគ្គ​អ្វី​ខ្លះ​ទម្រាំ​លោក​បាន​ក្លាយ​ជា​បុគ្គល​សំខាន់​ម្នាក់​ក្នុង​គ្រួសារ និង​ចង្កោម​អ្នក​សិល្បៈ​វ័យក្មេង​នៅ​កម្ពុជា។ Sabay បាន​ធ្វើ​បទសម្ភាសន៍​ពិស្ដារ​មួយ​ជាមួយ ផាន់ រុង នៅ​ថ្ងៃ​នេះ ហើយ​យើង​ខ្ញុំ​សូម​សង្ខេប​ជា​អត្ថបទ​ដែល​មាន​ខ្លឹមសារ​ដើម​ដូចតទៅ៖

"ស្ថានភាព​គ្រួសារ"

ផាន់ រុង កើត​នៅ​ថ្ងៃទី៣០ ខែ​មេសា ឆ្នាំ​២០០០ ក្នុង​គ្រួសារ​លក់​គុយទាវ​មួយ​មាន​ជីវភាព​មធ្យម ស្ថិតនៅ​ផ្សារ​បន្ទាយ​ឆ្មា ឃុំ​បន្ទាយ​ឆ្មា ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ លោក​មាន​ឪពុក​ឈ្មោះ អ៊ុក ចន្ថា និង​ម្ដាយ​ឈ្មោះ អ៊ួច គន្ធា ប្រកប​មុខរបរ​លក់​គុយទាវ តែ​ក្រោយ​មក​បាន​ប្ដូរ​មក​លក់​មាស និង​ទូរស័ព្ទ​ដៃ​វិញ។ លោក គឺ​ជា​កូន​ទី៣ ក្នុង​ចំណោម​បងប្អូន​ប្រុស​៣​នាក់ និង​ស្រី​១​នាក់ ហើយ​បច្ចុប្បន្ន​អ្នក​ទាំង​បួន បាន​រៀបការ​រស់នៅ​បែក​ផ្ទះ​២​នាក់ និង​រស់នៅ​ក្នុង​បន្ទុក​២​នាក់។

ត្បិត​ថា ផាន់ រុង កើត​មក​មាន​សម្បុរ​ខ្មៅ សក់​កន្ទ្រើង និង​រូប​សម្បត្តិ​មិន​សូវ​សមសួន​ដូច​ជា​កូន​អ្នក​ផ្សារ ប៉ុន្តែ ផាន់ រុង ពុំ​មាន​ប្រវត្តិ​ជូរចត់​ដូច​បងៗ​ដែល​ត្រូវ​ក្រោក​ពី​ព្រលឹម​ដើម្បី​ជួយ​រៀបចំ​កន្លែង​លក់​គុយទាវ និង​ជួយ​រម្ងាស់​ឆ្អឹង​ស៊ុប​គុយទាវ​ជាមួយ​ម្ដាយ​ដូច​បង​ៗ​គេ​ឡើយ។ ផាន់ រុង បាន​ធំ​ដឹង​ក្ដី​ស្រប​ពេល​ដែល​ឪពុក-ម្ដាយ​លោក​ផ្លាស់​ពី​មុខរបរ​លក់​គុយទាវ​មក​លក់​មាស និង​ទូរស័ព្ទ​តែ​ម្ដង ហើយ​កាលណោះ​រូប​លោក​ចាប់​យក​អាជីព​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ និង​រៀន​បណ្ដើរតែម្ដង។

"កម្រិត​វប្បធម៌ និង​ការ​សិក្សា"

នៅ​២០០៦ ផាន់ រុង បាន​ចូល​រៀន​ថ្នាក់​ទី១ នៃ​សាលា​បឋម​សិក្សា​បន្ទាយ​ឆ្មា ហើយ​បាន​បន្ត​ថ្នាក់​បឋមភូមិ និង​មធ្យម​សិក្សា​ទុតិយភូមិ ត្រឹម​ថ្នាក់​ទី១១ នៅ​វិទ្យាល័យ​បន្ទាយ​ឆ្មា។ ឆ្លង​ចូល​ដល់​ថ្នាក់​ទី១២​ដែល​កាល​ណោះ ផាន់ រុង មាន​វ័យ​១៧​ឆ្នាំ បាន​ផ្លាស់ប្ដូរ​ការ​សិក្សា​ពី​ស្រុក​កំណើត មក​រៀន​នៅ​វិទ្យាល័យ​សន្ធរ​មុខ រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៧។ ក្រោយ​មក​លោក​ក៏​បាន​ប្រឡង​បាក់ឌុប​ជាប់ ហើយ​បន្ត​រៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ន័រតុន ផ្នែក​វិស្វករ និង​សំណង់​ស៊ីវិល​បាន​ឆ្នាំ​ទី២ ក៏​ភ្ជួរ​ឈ្មោះ​សិន ដើម្បី​ចាប់​អាជីព​និពន្ធ ដឹកនាំ​រឿង និង​សម្ដែង​ដោយ​ខ្លួន​ឯង​វិញ​ម្ដង។

"ប្រវត្តិ​តស៊ូ​ពេល​កំពុង​រៀន និង​ត្រៀម​ជើង​ចូល​សិល្បៈ"

រយៈ​ពេល​បី​ឆ្នាំ​ដែល ផាន់ រុង រស់នៅ​ទីក្រុង​ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​ទី១២ និង​ថ្នាក់​បរិញ្ញាបត្រ បាន​ធ្វើ​ឲ្យ​លោក​ស្គាល់​ភ្លើង​ពណ៌ និង​ការ​ប្រកួតប្រជែង​ដ៏​សម្បូរ​បែប ស្រប​ពេល​គ្នា​នោះ​លោក​ក៏​ឆ្លងកាត់​ឧបសគ្គ​មិន​ណយ​ដែរ។ ផាន់ រុង បាន​ជួល​បន្ទប់​តូច​មួយ​តម្លៃ​៦០​ដុល្លារ​ក្នុង​១​ខែ ម្ដុំ​ផ្សារ​សំណង់​១២ ដើម្បី​ស្នាក់នៅ​ជាមួយ​មិត្តភ័ក្ដិ​២​នាក់​ផ្សេង​ទៀត។ គ្រា​នោះ​លោក​ត្រូវ​ចាត់ចែង​លុយ​ដែល​ឪពុក-ម្ដាយ​ផ្ញើ​ពី​ស្រុក​ចំនួន​២០០​ដុល្លារ ឬ​ស្មើ​នឹង​៨០​ម៉ឺន​ក្នុង​១​ខែ ទៅ​លើ​ការ​រៀន​សូត្រ ហូបចុក​ប្រចាំ​ថ្ងៃ និង​ជួយ​បង់​ថ្លៃ​បន្ទប់​ជាមួយ​មិត្តភ័ក្ដិ ហើយ​ក៏​ឆ្លៀត​កិប​លុយ​ម្ដាយ​ខ្លះ​ដែរ ដើម្បី​ទិញ​កាមេរ៉ា​ថត​រឿង។

ផាន់ រុង៖"ពេល​លាក់​លុយ​គាត់(ម្ដាយ)​អីចឹង ខ្ញុំ​មាន​អារម្មណ៍​ថា​អាណិត​គាត់ តែ​ខ្ញុំ​មិន​សោកស្ដាយ​ណាស់ណា​ទេ ព្រោះ​កាមេរ៉ា​នេះ​ហើយ​ដែល​ទាញ​ខ្ញុំ​ឲ្យ​មហាជន​បាន​ស្គាល់ ហើយ​ខ្ញុំ​ក៏​រក​លុយ​បាន​ច្រើន​គួរសម​ពី​កាមេរ៉ា​នេះ​ដែរ"។

ផាន់ រុង ត្រូវ​បង្ខំចិត្ត​កុហក​ម្ដាយ និង​ចាប់​ផ្ដើម​ចេះ​កិបកេង​លុយ​ដែល​ឪពុក-ម្ដាយ ផ្ញើ​ឲ្យ​សម្រាប់​ទុក​តែ​សម្រាប់​រៀន​សូត្រ​ចន្លោះ​ពី​៣០០០​រៀល ទៅ​៨០០០​រៀល​ក្នុង​១​ខែ ដើម្បី​សន្សំ​ទិញ​កាមេរ៉ា​១​គ្រឿង​ម៉ាក Gopro មាន​តម្លៃ​៣៨០​ដុល្លារ។ រយៈ​ពេល​បី​ឆ្នាំ នៃ​ការ​សន្សំ​នូវ​ប្រាក់​ដ៏​ស្ដួចស្ដើង​នេះ​ធ្វើ​ឲ្យ​លោក​មាន​លទ្ធភាព ទិញ​កាមេរ៉ា​នោះ​មែន។ ក្រោយ​មក គឺ​នៅ​ឆ្នាំ​២០១៨ កាមេរ៉ា​នេះ​ត្រូវ​បាន​ប្រើ​មុន​គេ​ក្នុង​ការ​ថត​ចម្រៀង​មួយ​បទ​ក្រោម​ចំណង​ជើង​ថា"DJ ស្រុក​ស្រែ"។

បទ​ចម្រៀង និង​រឿង​ជា​ច្រើន បាន​ចេញ​ជា​បន្តបន្ទាប់ ហើយ​ទទួល​បាន​ការ​គាំទ្រ​តាំង​ពី​ពេល​នោះ​មក។ រហូត​ដល់​ថ្ងៃ​មិត្តភ័ក្ដិ​លោក​ម្នាក់​បាន​ដក​លុយ​ផ្ទាល់​ខ្លួន​គេ​ទៅ​ទិញ​កាមេរ៉ា​ថ្មី និង​ល្អ​មួយ​គ្រឿង​ដែរ ដើម្បី​សហការ​ថត​រឿង និង​បទ​ចម្រៀង​មួយ​លោក។

ការ​បន្ថែម​កាមេរ៉ា​ថត​មួយ​ទៀត បាន​ធ្វើ​ឲ្យ​ចង្វាក់ នៃ​ការ​ផលិត​រឿង និង​បទ​ចម្រៀង​របស់​លោក​កាន់​តែ​ងាយ​ស្រួល និង​លឿន​ជាង​មុន ស្រព​ពេល​ដែល​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ទើប​លោក​សម្រេច​ភ្ជួរ​ឈ្មោះ​ពី​ការ​សិក្សា​ងាក​មក​ផលិត​រឿង​ពេញ​ដៃ​ពេញ​ជើង​តែ​ម្ដង។

គិត​មក​ដល់​ខែ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ បទ​ចម្រៀង​របស់​លោក​ចេញ​បាន​ជិត​២០​ហើយ រីឯ​រឿង​ខ្លីៗ​បែប​អប់រំ​វិញ​ក៏​ចេញ​បាន​មិន​ក្រោម​៥០​រឿង​ដែរ។ បច្ចុប្បន្ន​លោក​ទទួល​បាន​ចំណូល​ប្រចាំ​ខែ​ពី​ក្រុមហ៊ុន Youtubeប្រមាណ​១​ម៉ឺន​ដុល្លារ តាម​រយៈ​ការ​ដាក់​រឿង​នៅ​លើ​បណ្ដាញ​ដ៏​ពេញ​និយម​មួយ​នេះ និង​ការ​ជួល​ផ្សាយពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​នានា។

"ជំនាញ និង​ការ​សិក្សា​ផ្នែក​សិល្បៈ"

និយាយ​ទៅ​អ្នក​និពន្ធ ដឹកនាំ​រឿង និង​ជា​តួ​សម្ដែង​ប្រុស ផាន់ រុង មិន​ដែល​បាន​ចូល​សាលា​សិល្បៈ ឬ​រៀន​ជំនាញ​ផលិត​ខ្សែ​ភាពយន្ត​អ្វី​ឡើយ។ ប៉ុន្តែ​លោក​មាន​ទេពកោសល្យ​ពី​កំណើត គួបផ្សំ​នឹង​ការ​ស្រាវជ្រាវ​តាម​បណ្ដាញ​សង្គម​នានា និង​ស្វែងយល់​ពី​ស្ថានភាព​សង្គម​ជាក់​ស្ដែង​ទើប​ធ្វើ​ឲ្យ​លោក​មាន​សមត្ថភាព​ផលិត​រឿង និង​បទ​ចម្រៀង​ជាហូរហែ​មក​បាន។

"ចំណង់​ចំណូល​ចិត្ត ឬ​ទម្លាប់​ប្រចាំ​ថ្ងៃ"

ផាន់ រុង គឺ​ជា​មនុស្ស​ប្រុស​ពូកែ​លេងសើច រួសរាយ​រាក់ទាក់ ប៉ុន្តែ​ម៉ឺងម៉ាត់​នឹង​ការងារ។ លោក​ថា លោក​មិន​សូវ​ចំណាយ​ពេល​ច្រើន​លើ​ការ​ដើរ​លេង ឬ​ផឹកស៊ី​ឡើយ ព្រោះ​សកម្មភាព​ចេញ​ថត​ជាមួយ​តួ​ប្រុស និង​ស្រី​ៗ ក្រោម​បរិយាកាស​ល្អ​ប្លែក​ៗ​គ្នា​ស្ទើរ​រាល់​ថ្ងៃ​នោះ គឺ​វា​សប្បាយ​ស្រាប់​ទៅ​ហើយ​សម្រាប់​រូប​លោក។

ជា​ទម្លាប់​បើ​លោក​ពុំ​រវល់​ចេញ​ថត​ទេ គឺ​ក្រោក​ពី​គេង​ភ្លាម លោក​តែងតែ​ទាញ​សៀវភៅ​រឿង​ផ្សេង​ៗ​មក​អាន ឬ​ទាញ​ប៊ិច​មក​និពន្ធ​ជា​សាច់​រឿង​តែ​ម្ដង ហើយ​ថ្ងៃ​ឡើង​លោក​ឆ្លៀត​ទៅ​មើល​ការ​ខុសត្រូវ​ហាង​លក់​សាច់​អាំង​របស់​លោក​ឈ្មោះ"សាច់​អាំង Phanrong" នៅ​កោះ​ពេជ្រ។

"គោលបំណង​ធំ​ទៅ​ថ្ងៃ​អនាគត"

ក្រៅ​ពី​ភាព​ជោគជ័យ​លើ​អាជីព​ផលិត​រឿង បើក​ហាង​រកស៊ី និង​ទិញ​ផ្ទះ​ល្វែង​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​កាល​ពី​ពេល​ថ្មីៗ​នេះ ផាន់ រុង កំពុង​ព្យាយាម​សម្រេច​គោលបំណង​ធំ​ៗ​ចំនួន​ពីរ​ទៀត។ នោះ​គឺ​បំណង​ទិញ​ឡាន​ម៉ាក រ៉ូលរ៉យ មាន​តម្លៃ​ក្បែរ​មួយ​លាន​ដុល្លារ និង​គោលបំណង​មួយ​ទៀត គឺ​បង្កើន​ប្រាក់​ចំណូល​ប្រចាំ​ខែ​ឲ្យ​បាន​លើស​ពី​ចំណូល​បច្ចុប្បន្ន​ដែល​បាន​ត្រឹម​តែ ១៥០០០​ដុល្លារ ដើម្បី​យឹតយោង​បងប្អូន និង​នាំ​ឪពុក-ម្ដាយ​ឲ្យ​មក​រស់នៅ​រាជធានី​ភ្នំពេញ​ទាំង​អស់​គ្នា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់