• 2021-02-17 06:53:58
  • ព័ត៌មាន

នាយ​កុយ ប្រាប់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ក្រោយ​ចាក់​វ៉ាក់សាំង​Sinopharm បាន​១ថ្ងៃ

  • 2021-02-17 06:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ជើងចាស់​លោក ជួង ជី ហៅ​នាយ​កុយ បាន​រ៉ាយរ៉ាប់​ពី​ស្ថានភាព​សុខភាព និង​ការ​តប​នានា​ក្រោយ​ចាក់​វ៉ាក់សាំង​Sinopharm ដើម្បី​ការពារ​ជំងឺ​កូវីដ-១៩ បាន​១​ថ្ងៃ។ គិត​មក​ដល់​រសៀល​ថ្ងៃទី១៧ ខែ​កុម្ភៈ នេះ​លោក​ថា រូប​លោក​ពុំ​មាន​អាការៈ​អ្វី​ខុស​ប្លែក​ទេ​គឺ​នៅ​មាន​សុខភាព​ល្អ​ធម្មតា។

នាយ​កុយ ប្រាប់​Sabay នៅ​មុន​នេះ​បន្តិច​ថា មុន​ចាក់ ខាង​គ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព​លោក​ឃើញ​ថា​ពុំ​មាន​ជំងឺ​ទឹកនោមផ្អែម ថ្លើម មហារីក និង​ជំងឺ​ប្រចាំ​កាយ​អ្វី​ផ្សេង​ទៀត​ដែល​ងាយ​នឹង​ប្រតិកម្ម​នឹង​ថ្នាំ​បង្ការ​ជំងឺ​កូវីដ-១៩ ឡើយ ទើប​គ្រូ​ពេទ្យ​ចាក់​ឲ្យ​តែ​ម្ដង។ Sabay៖ គ្រូ​ពេទ្យ​ថា ការ​ចាក់​នេះ​មាន​ប្រសិទ្ធភាព​កម្រិត​ណា​ដែរ...បើ​លោក​ពូ​លើស​អាយុ​ទៅ​ហើយ? នាយ​កុយ៖ពេទ្យ​ថា​អត់​អី​ទេ​ចាក់​ទៅ...ទោះ​បី​ខ្ញុំ​ចាស់​ហើយ​ឲ្យ​តែ​នៅ​មាន​សុខភាព​ល្អ ឬ​អត់​ដែល​មាន​បញ្ហា​អាលែកហ្សី​ចាក់​ទៅ​ការពារ​បាន​ល្អ"។

បើ​តាម​នាយ​កុយ បន្ទាប់​ពី​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវីដ-១៩ នេះ គឺ​ត្រូវ​តម​ផឹក​ស្រា ពិសា​សាច់​គោ និង​គ្រឿង​សមុទ្រ ព្រម​ទាំង​ការពារ​កន្លែង​ចាក់​នោះ​មិន​ឲ្យ​ត្រូវ​ទឹក​ភ្លាម​ៗ​ឡើយ ហើយ​ហាម​ធ្វើ​ការងារ​ធ្ងន់ធ្ងរ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។លោក​បាន​អនុវត្ត​តាម​ការណែនាំ​នេះ​ហើយ ហើយ​ពេល​នេះ​លោក​ពុំ​មាន​អាការៈ​ក្ដៅ​ខ្លួន ឬ​គេង​មិន​លក់​អ្វី​ឡើយ​កាល​ពី​យប់​មិញ​នេះ ពោល​គឺ​ពេល​ក្រោក​ពី​ដំណេក​មក​ភ្លាម លោក​នៅ​ងើប​ដើរ​ភិល ហូប​បាន និង​កម្លាំង​នៅ​មាន​ធម្មតា ។

នាយ​កុយ​ដែល​ពេល​នេះ​មាន​វ័យ​៦៤​ឆ្នាំ​លើស​ពី​លក្ខខណ្ឌ​តម្រូវ នៃ​ការ​ទទួល​វ៉ាក់សាំង​ទៅ​ហើយ​ក្ដី ប៉ុន្តែ​លោក​នៅ​តែ​ចាក់​ដើម្បី​ផ្ដល់​ជា​គំរូ​ដល់​មហាជន​ផង និង​ដើម្បី​ការពារ​សុខភាព​ផ្ទាល់​ខ្លួន គ្រួសារ និង​សង្គម​ជាតិ​ផង ព្រោះ​លោក​គឺ​ជា​មនុស្ស​របស់​មហាជន។ ថ្ងៃ​នេះ​ដែរ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ដែល​ជា​តារា​កំប្លែង​រួម​ជំនាន់ ហើយ​មាន​តួនាទី​នៅ​ក្នុង​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស​ដូច​គ្នា​នោះ​ក៏​លោក​បាន​ចេញ​ទៅ​ចាក់​វ៉ាក់សាំងSinopharm របស់​ចិន​នេះ​ហើយ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម