• 2021-02-19 02:36:53
  • ព័ត៌មាន

ដឹង​រឿង​របស់ សេង រដ្ឋា លោក រិទ្ធិ អូមេហ្គា សម្រេច​ធ្វើ​រឿង​មួយ​ឲ្យ សេង រដ្ឋា ដើរ​តួឯក​ភ្លាម​ៗ

  • 2021-02-19 02:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​វ័យ​ក្មេង លោក រិទ្ធិ អូមេហ្គា បានសម្រេច​និពន្ធ​ភាពយន្ត​អប់រំ​ខ្នាត​ខ្លី​មួយ​ភ្លាម ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អតីត​កញ្ញាឯក Miss Grand Cambodia 2020កញ្ញា សេង រដ្ឋា សម្តែង​ជា​តួឯក រួមគ្នាជាមួយតារាប្រុសស្រស់សង្ហា លោក តុងលី។

រឿង​នេះ​ លោកកំពុងស្វែងរកដៃគូសហការឧបត្ថម្ភការផលិតផងដែរ។ លោក រិទ្ធិ អូមេហ្គា បាន​បញ្ជាក់​ប្រាប់​ថា លោក​សម្រេច​ធ្វើ​រឿង​​នេះ ផ្តល់​ឱកាស​ឲ្យ​កញ្ញា សេង រដ្ឋា ដើម្បី​បង្ហាញ​សមត្ថភាព ក្រោយ​ពី​កន្លង​ទៅ​មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​អាច​នឹង​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រុម​ផលិតករ​នោះ។

តាម​ផលិតករ​ដដែល តួអង្គ​ស្រី​ក្នុង​រឿង គឺ​មាន​បុគ្គលិក​លក្ខណៈ​សម​ទៅ​នឹង​កញ្ញា សេង រដ្ឋា តែ​ម្ដង ហើយ​ថា ភាពយន្តនេះ លោក​ទើប​នឹង​និពន្ធ ហើយ​ចេញ​ថត​ភ្លាម​ ដែល​អាច​នឹង​ចាប់​ផ្តើមផលិត​ដោយផលិតកម្ម One Shot Media របស់លោក តែម្តង។ សកម្មភាព​ថត គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ចុងខែកុម្ភៈនេះ ដោយ​ចំណាយ​ការ​ថត​ខ្ទង់​ប្រមាណ៣ថ្ងៃខណៈទីតាំងគឺនៅរាជធាភ្នំពេញ។

លោកបញ្ជាក់ដែរថា ខ្លឹមសារអប់រំសំខាន់នៅក្នុងភាពយន្តខ្លីនេះ គឺ​ការ​បណ្តុះ​គំនិត​តស៊ូ​ព្យាយាម​ក្នុង​ជីវិត បើ​ទោះ​បី​ជា​កើត​មក​ជា​ជន​ពិការ​ក៏​ដោយ ការ​លើក​ទឹក​ចិត្ត​ជនពិការ និងបញ្ចប់ការរើសអើងទោលើជនពិការ។ ក្រៅ​ពី សេង រដ្ឋា និង​តារា​មួយ​ចំនួន​ទៀត ភាពយន្ត​ខ្លី​នេះ ក៏​នឹង​ចូល​រួម​សម្តែង​ដោយតារាជើងចាស់ សាវីន ហ្វីលីពផងដែរ ដែលលោករំពឹងថាភាពយន្តនេះនឹងទទួលបានការពេញចិត្ត​ពី​ទស្សនិកជន ដែលមិនត្រឹមតែផ្តល់ឱកាសសម្រាប់សិល្បករកញ្ញា សេង រដ្ឋា នោះ​ទេ ក៏នឹងរួមចំណែកលើកកម្ពស់សីលធម៌សង្គមផងដែរ។

ទោះជាយ៉ាងណាលោកក៏កំពុងតែស្វែងរកដៃសប្បុរសជនដែលអាចជួយឧបត្ថម្ភសម្រាប់ភាពយន្តខ្លីនេះផងដែរ។ រិទ្ធិ អូមេហ្គា លើក​ឡើង​ថា លោក​មិន​ចង់​យក​ចំណេញ​អ្វី​ពី​ភាពយន្តនេះ​ទេ ពិសេសរទេះជនពិការ១គ្រឿងដែលប្រើដោយប្រព័ន្ធបច្ចេកវិទ្យាថ្មី តម្លៃ១ពាន់ដុល្លារដែលប្រើប្រាស់សម្រាប់ថតភាពយន្តខ្លីនេះ ក៏នឹងត្រូវប្រគល់ជូនទៅជនពិការណាម្នាក់ដែលមានជីវភាពខ្វះខាត នៅពេលដែលថតភាពយន្ត​នេះ​ចប់​ដែរ។

តាម​គម្រោង ភាពយន្តអប់រំខ្លីមានរយៈពេលប្រមាណ១០នាទីនេះ នឹងត្រូវបញ្ចេញក្នុងអំឡុងថ្ងៃ ៨ ខែមីនា ឆ្នាំ២០២១នេះចំថ្ងៃនៃទិវានារីអន្តរជាតិ។ ភាពយន្តនេះក៏អមដោយការបញ្ចូលនូវបទចម្រៀងសំខាន់មួយបទច្រៀងដោយកញ្ញា ចេនី គឺ​បទ "ពួកយើងមិនគួរស្គាល់គ្នាពីដំបូង" ដែលនិពន្ធទំនុកច្រៀង និងបទភ្លេងដោយលោក រិទ្ធិ ប្រុសពៅ ថែម​ទៀត៕

រូបភាព៖ ផ្ដល់​ដោយ រិទ្ធ អូមេហ្គា

អត្ថបទ៖ ទារិកា

មតិយោបល់