• 2021-03-01 08:08:29
  • ព័ត៌មាន

ឡូយ! Soyo និង CBS ចាប់ដៃគ្នា ប្រិយមិត្តនឹងបានទស្សនាភាពយន្តភាគខ្មែរល្បីៗ​រាប់រយរឿង

  • 2021-03-01 08:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីកម្សាន្តលើទូរស័ព្ទដៃដ៏ពេញនិយម ហៅថា App Soyo និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយក្នុងស្រុក CBS ដែលមានទូរទស្សន៍ CTN, CNC និង MyTV បានចាប់ដៃគ្នាជាផ្លូវការដើម្បី ផ្ដល់ការកម្សាន្តមួយបែបថ្មីទៀត ទាក់ទងនឹងការផ្តល់ជូននូវភាពយន្តភាគ និងកម្មវិធីកម្សាន្តល្បីៗរបស់ CBS ជាច្រើន ដល់ប្រិយមិត្តទាំងអស់។

ក្រោមកិច្ចសហការនេះ ក្រុមហ៊ុន CBS បានផ្ដល់សិទ្ធិឲ្យ Soyo ដំណើរការដាក់ផ្សាយភាពយន្តភាគរបស់ខ្លួនឡើងវិញរាប់រយរឿង និងកម្មវិធីកម្សាន្តតាមទូរទស្សន៍រាប់មិនអស់ នៅលើ App Soyo។ ជម្រើសនេះ ប្រិយមិត្តអាចទស្សនាភាពយន្ត ដែលចាក់បញ្ចាំងកន្លងមកនៅលើកញ្ចក់ទូរទស្សន៍ CTN, CNC និង MyTV នៅលើទូរស័ព្ទដៃវិញម្ដង និងកាន់តែ ទូលំទូលាយ ពោលគឺ មើលពេលណាក៏បាន កន្លែងណាក៏បាន ដោយឥតមានដែនកំណត់។

លោក ស៊ុត ឈាងឡេង នាយកគ្រប់គ្រងកម្មវិធីទស្សនាភាពយន្តលើទូរស័ព្ទដៃ App Soyo បាន បញ្ជាក់ឲ្យដឹងថា តាមរយៈកិច្ចសហការនេះ Soyo នឹងទទួលបានសិទ្ធិ ចាក់បញ្ចាំងឡើងវិញ នូវខ្សែភាពយន្តភាគខ្មែរ និងកម្មវិធីកម្សាន្តទូរទស្សន៍ជាច្រើនទៀតរបស់ CBS ដែលមានទូរទស្សន៍ CTN, CNC និង MyTV សរុបជាង ១០០០ម៉ោងនៅក្នុងឆ្នាំនេះ។ លោកសង្កត់ធ្ងន់ថា ពីពេលនេះទៅ ប្រិយមិត្តនឹងមានជម្រើសកាន់តែច្រើនក្នុងការកម្សាន្តជាមួយនឹង Soyo។

ក្រៅពីកិច្ចព្រមព្រៀងលើភាពយន្តភាគដែលបានចាក់បញ្ចាំងហើយ លោក ឈាងឡេង ក៏បានបញ្ចាក់ថា កិច្ចសហការនេះ ក៏អាចឈានដល់ការនាំយក ភាពយន្តភាគថ្មីៗបន្ថែមទៀតដែរ។ “ឥឡូវនេះ តាមកិច្ចសហការ គឺយើងទទួលបានភាពយន្តដែលចាក់ផ្សាយរួច តែទៅមុខទៀត យើងនឹងនាំយករឿងភាគថ្មីៗ ដែលកំពុងចាក់ផ្សាយ ឬមិនទាន់ចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍មកបន្ថែមទៀត ហើយក៏អាចឈានដល់ការទស្សនាការផ្សាយផ្ទាល់របស់ទូរទស្សន៍ CTN, CNC និង MyTV ដូចនេះប្រិយមិត្តរបស់ Soyo ទាំងអស់នឹងមានឱកាសបានទស្សនារឿងភាគថ្មី មុនគេបង្អស់នៅលើកម្មវិធី App Soyo!”។

CBS គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឈានមុខគេមួយនៅកម្ពុជា ទាំងភាពយន្តភាគ ព័ត៌មាន និងកម្មវិធីកម្សាន្ត ជាពិសេសកំប្លែងសប្បាយៗ ដែលគិតមកទល់បច្ចុប្បន្ន មានរាប់រយចំណងជើង។ លោក លឹម ឃុនស្រ៊ុន នាយកប្រតិបត្តិ ក្រុមហ៊ុន CBS បានលើកឡើងថា ភាពយន្តភាគ និងកម្មវិធីរបស់ទូរទស្សន៍ CTN, CNC និង MyTV តែងតែទទួលបានការគាំទ្រពេញនិយមយ៉ាងខ្លាំងពីអ្នកទស្សនា។

ដូច្នេះហើយ លោកពិតជារីករាយ ដែលអាចនាំយកទស្សនីយភាពទាំងនេះ មកផ្ដល់ជូនប្រិយមិត្តម្ដងទៀតតាមរយៈ Soyo។ លោកមានជំនឿថា ប្រិយមិត្តនឹងកាន់តែរីករាយជាមួយរឿងភាគ និងកម្មវិធីកម្សាន្តល្បីៗទាំងនោះរបស់ CBS នៅលើប្រព័ន្ធកម្សាន្តបែបថ្មីសម័យឌីជីថល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

កិច្ចសហការរវាងភាគីទាំងពីរ បានចាប់ផ្តើមតាំងពីចុងខែកុម្ភៈមកម្ល៉េះ ក្នុងនោះកម្មវិធីទូរទស្សន៍ល្បីៗរបស់ CBS ដែលប្រិយមិត្តបានទស្សនា និងមិនទាន់ទស្សនាក្ដី នឹងមាននៅលើ App Soyo ចាប់ពីថ្ងៃនេះទៅ។ ភាពយន្តភាគខ្មែរល្បីៗជាច្រើនរឿង ដូចជា "ផ្កាស្លា" “ឆន្ទា" “ខ្នោះបេះដូង" និង "ប្រអប់សំបុត្រចោលទុក្ខ" ជាដើម នឹងមានលើ Soyo បន្តបន្ទាប់៕

ប្រិយមិត្តអាចដោនឡូត App Soyo បានទាំងនៅលើ App Store និង Play Store

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម