• 2021-03-01 08:59:58
  • ព័ត៌មាន

តាម​ប្រភព​មួយ តាម​ពិត ទេព រិនដារ៉ូ ជាប់​សែស្រឡាយ​អ្នក​ខេត្ត​ព្រះត្រពាំង-កម្ពុជា​ក្រោម

  • 2021-03-01 08:59:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាង​បី​ទសវត្ស គឺ​លោក ទេព រិនដារ៉ូ បាន​ស្រាយ​ចម្ងល់​មហាជន​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ខ្មែរ​ក្រោម​ម្នាក់​អះអាង​ថា​បាន​ជួប​លោក​ទេព រិន​ដារ៉ូ ដោយចៃដន្យ ហើយ​ថែម​ទាំង​ពោល​ថា"មិន​នឹក​ស្មាន​ថា​គាត់(ទេព រិនដារ៉ូ) មាន​ពូជពង្ស​អ្នក​ព្រះត្រពាំង​ដែរ"។

លោក ទេព រិនដារ៉ូ បាន​ស្រាយ​ចម្ងល់​នេះ​តាម​រយៈSabay ក្នុង​ឱកាស​ដែល​លោក​ចូល​រួម​ក្នុង​ពិធី​ក្រុងពាលី​ថត​រឿង​ភាគ"មរណ​មាតា"​កាល​ពី​ពេល​ថ្មីៗ​ថា ជីដូន​របស់​លោក​ធ្លាប់​តំណាល​ថា​តា​ទេព ដែល​ត្រូវ​ជា​តា​របស់​លោក​បី ឬ​បួន​ជំនាន់​មក​ហើយ​នោះ បាន​កើត និង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ក្នុង​ខេត្ត​ព្រះត្រពាំង​មែន។ ប៉ុន្តែ​លោក​មិន​ដែល​ស្គាល់​មុខ​តា​ទេព និង​មាន​សាច់ញាតិ​ណា​ម្នាក់​កំពុង​រស់នៅ​ខេត្ត​ព្រះត្រពាំង នៃ​ទឹកដី​វៀតណាម​កាន់កាប់​បច្ចុប្បន្ន​នេះ​ដែរ។

ទេព រិន​ដារ៉ូ៖"ត្រកូល​ទេព របស់​ខ្ញុំ​ហ្នឹង​មិន​ដឹង​ជា​យក​តាំង​ពី​ពេល​ណា​មក​ទេ...មិន​ដូច​យើង​ឥឡូវ​យក​ត្រឹម​ឈ្មោះ​ជីតា​ខាង​ឪពុក​មក​ដាក់​ទេ។ គ្រាន់​តែ​ដឹង​ពី​ជី​ដូន​ប្រាប់​ថា មាន​ខ្សែ​តា​ទេព​ហ្នឹង គាត់​ជា​អ្នក​ព្រះត្រពាំង តែ​យើង​មិន​ដែល​ស្គាល់​មុខ​គាត់​ទៅ​ទៀត"។

លោក មេធាវី ស៊ឺន ជុំជួន ដែល​មាន​កំណើត​កើតជា​នៅ​ខេត្ត​ព្រះត្រពាំង ប្រទេស​វៀតណាម ធ្លាប់​បង្ហោះ​រូប​ថត​លោក​ជាមួយ​តារា​សម្ដែង​ជើងចាស់ ទេព រិន​ដារ៉ូ តាម​បណ្ដាញ​សង្គម​Facebookដោយ​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​ថា"ជួប​ដោយ​ចៃដន្យ​បង​ប្រុស សិល្បករ​ឆ្នើម​នៅ​តែ​មាន​ប្រជាប្រិយភាព។ មិន​នឹក​ស្មាន​ថា​គាត់​មាន​ពូជពង្ស​អ្នក​ព្រះត្រពាំង​ដែរ"។

បើ​តាម​លោក​ទេព រិនដារ៉ូ។ លោក គឺ​ជា​អ្នក​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កើត​នៅ​ឆ្នាំ​១៩៦៣ ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​មួយ ដោយ​ឪពុក​ធ្វើ​ជា​គ្រូ​បង្រៀន និង​ម្ដាយ​ជា​គ្រូពេទ្យ។ អ្នក​ទាំង​ពីរ​បាន​ស្លាប់​ក្នុង​សម័យ​ប៉ុលពត ដោយ​បន្សល់​ទុក​នូវ​កូន​ស្រី​ពីរ​នាក់ និង​រូប​លោក​ដែល​ជា​កូន​ច្បង​ក្នុង​គ្រួសារ។ បច្ចុប្បន្ន​រូប​លោក​ពុំ​មាន​សេសសល់​សាច់ញាតិ​ច្រើន​ក្រៅ​ពី​ប្អូន​ស្រី​ម្នាក់ និង​ក្មួយ​ដែល​ម្ដាយ​ស្លាប់​ចោល​ហើយ​មក​រស់នៅ​ក្នុង​បន្ទុក​ជាមួយ​លោក​ប៉ុន្មាន​នាក់​នោះ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម