• 2021-03-02 03:47:22
  • ព័ត៌មាន

ផាន់ រុង មាន​ចំណូល​ប្រចាំខែខ្ទង់ម៉ឺន​ដុល្លារ​ ឥឡូវ​មក​ដឹង​ពី​ចំណូល​របស់​តារា​ចម្រៀង Nak fakeវិញ​ម្ដង!

  • 2021-03-02 03:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រាកដជាបាន​ដឹង​រួច​មក​ហើយ​ថា អ្នក​និពន្ធ និង​ជា​តារា​សម្ដែង​ប្រុស​ទើប​រះ​ឈ្មោះ ផាន់ រុង មាន​ចំណូល​ប្រចាំ​ខែ​ពី​ក្រុមហ៊ុន​Youtube ប្រមាណ​១​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ។ ចំណូល​នេះ គឺ​បាន​មក​ពី​ការ​ដាក់​រឿង​ខ្លីៗ​បែប​អប់រំ​បង្កប់​នូវ​ឈុតឆាកកំប្លែង​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះជាប្រចាំ។ នៅថ្ងៃនេះ Sabay សូម​បង្ហាញ​ជូន​ប្រិយមិត្ដ​នូវ​ចំណូល​ប្រចាំ​ខែ​របស់​Nak fake វិញ​ម្ដង។

តារា​ចម្រៀង​វ័យក្មេង​ លោក សេង វណ្ណៈ ហៅ​Nak fake បាន​បង្ហើប​ប្រាប់​ពី​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​ខ្លួន​ពី​ក្រុមហ៊ុនYoutube និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​តាម​រយៈ​បទ​ចម្រៀង​របស់​លោក​ដែល​បាន​បង្ហោះ​នៅ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ។

លោក សេង វណ្ណៈ ដែល​និយម​និពន្ធ និង​ច្រៀង​ដោយ​ខ្លួន​ឯង​នូវ​បទ​មនោសញ្ចេតនា​បែប​ស្នេហា​ឈឺ​ចាប់ និយាយ​ថា ចាប់​តាំង​ពី​២០១៩ មក រូប​លោក​ទទួល​បាន​ប្រាក់​ចំណូល​គិត​ជា​មធ្យម​២០០០​ដុល្លារ ក្នុង​១​ខែ​ពី​ក្រុមហ៊ុន Youtubeដោយ​មិន​ទាន់​គិត​បញ្ចូល​ពី​ចំណូល នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ៗ​ឡើយ។ ចំពោះ​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​លោក​ថា យូរ​ទទួល​បាន​ម្ដង ដោយ​លោក​តែ​ម្នាក់​ឯង​មិន​សូវ​ចេះ​រក​Sponser តែ​លោក​សង្ឃឹម​ថា​នឹង​មាន​sponser ច្រើន​ទៅ​ថ្ងៃ​មុខ។

សេង វណ្ណៈ៖"ចំណូល​បាន​មក​រាល់​ខែ...កំពុង​សន្សំ​ទុក​មិន​ទាន់​បាន​ធ្វើ​អី​ទេ។ មិន​ទាន់​ហ៊ាន​គិត​អី​ធំ​ទេ ព្រោះ​ពេល​នេះ​កំពុង​រស់នៅ​ផ្ទះ​ជួល និង​មាន​ស្ទូឌីយោ​តូច​នៅ​ឡើយ តែ​ខ្ញុំ​មាន​ជំនឿ​ថា​ខ្ញុំ​មាន​ចំណូល​ច្រើន​ជាង​នេះ ព្រោះ​ខ្ញុំ​កំពុង​ប្រឹង​ចេញ​បទ​ថ្មី​ៗ​បន្ត​បន្ទាប់​ទៀត"។

ម្ចាស់​បទ"យើង​ជា​ទន្សាយ​គេ​ជា​ព្រះ​ចន្ទ" លោក សេង វណ្ណៈ ហៅ​Nak fake ត្រូវ​បាន​មហាជន ជា​ពិសេស​យុវវ័យ​ស្គាល់ និង​គាំទ្រ​បទ​ចម្រៀង​លោក​ច្រើន​ចាប់​តាំង​ពី​ឆ្នាំ​២០១៩។ រយៈ​ពេល​ជាង​២​ឆ្នាំ​ដែល​លោក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​ការ​និពន្ធ និង​ច្រៀង​ដោយ​ខ្លួន​ឯង លោក​បាន​ចេញ​បទ​មនោសញ្ចេតនា​ពីរោះៗ​ជា​ច្រើន​តាម​បណ្ដាញ​សង្គម​Youtubeដូច​ជា៖ បទ"ទៅ​ហើយ​កុំ​បក​ក្រោយ" បទ"បេះដូង​កម្សត់" និង​បទ"បច្ចុប្បន្ន​អូន​ជា​សង្សារ​បង" ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់