• 2021-03-09 08:42:31
  • ព័ត៌មាន

មិន​នឹក​ស្មាន​ថា កាមេរ៉ា​១​គ្រឿង អាច​ផ្លាស់ប្ដូរ​វាសនា ផាន់ រុង ដូច​មេឃ​ហើយ​នឹង​ដី

  • 2021-03-09 08:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ និង​ជា​តារា​សម្ដែង​ទើប​រះ​ថ្មី​ក្នុង​វិស័យ​សិល្បៈ គឺ​លោក ផាន់ រុង បាន​រលាស់ខ្លួន​ចេញ​ពី​ភាព​ខ្វះខាត និង​មិន​សូវ​មាន​គេ​រាប់​អាន ក្លាយ​ទៅ​ជា​មនុស្ស​ស៊ីវិល័យ​ថ្លៃថ្នូរ​បាន​យ៉ាង​លឿន ហើយ​មាន​ប្រាក់​ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ​ថែម​ទៀត​ក្នុង​១​ខែៗ។ អ្វីៗ​ដែល​ផាន់ រុង កំពុង​មាន គឺ​កើត​ចេញ​ពី​កាមេរ៉ា​១​គ្រឿង។

ផាន់ រុង ដែល​មាន​រូប​សម្បត្តិ​មិនសូវ​សមសួន តែ​មាន​ទេពកោសល្យ​ខាង​សម្ដែង និង​ទឹក​ចិត្ត​អំណត់​ខ្ពស់ បាន​និយាយ​ថា កាមេរ៉ា​ថត​វីដេអូ​ម៉ាក Gopro តម្លៃ​៣៨០​ដុល្លារ គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​រូប​លោក ព្រោះ​វា​កើត​ចេញ​ពី​ការ​សន្សំ​ដ៏​លំបាក នៅ​គ្រា​ដែល​ម្ដាយ​លោក​ផ្ញើ​ប្រាក់​ពី​ស្រុក​កំណើត​នា​ខេត្ត​បន្ទាយ​មានជ័យ​ដើម្បី​សិក្សា​នៅ​ភ្នំពេញ​ក្នុង​១​ខែ​ជិត​២០០​ដុល្លារ ប៉ុន្តែ​លោក​បានឆ្លៀត​កិប​លុយ​ខ្លះ​ដែល​ត្រូវ​ចំណាយ​លើ​ថ្លៃ​បន្ទប់​ជួល និង​ការ​ហូបចុក​ប្រចាំ​ថ្ងៃ ដើម្បី​ទិញ​វា។

លោក​បង្ហើប​ថា ខែ​ខ្លះ​លោក​សន្សំ​បាន​តែ​ចន្លោះ​ពី​៣០០០​រៀល ទៅ​៨០០០​រៀល​ប៉ុណ្ណោះ ក្នុង​១​ខែ ហើយ​លោក​បាន​ចំណាយ​ពេល​ជាង​បី​ឆ្នាំ ទើប​សន្សំ​លុយ​គ្រប់​ទិញ​វា​បាន​នៅ​ឆ្នាំ​២០២១៨ ហើយ​កាមេរ៉ា​មួយ​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​ការ​ថត​បទ​មួយ​ដំបូង​គេ គឺ​បទ"Dj ស្រុក​ស្រែ"។

ផាន់ រុង៖"ពេល​លាក់​លុយ​គាត់(ម្ដាយ)​អីចឹង ខ្ញុំ​មាន​អារម្មណ៍​ថា​អាណិត​គាត់ តែ​ខ្ញុំ​មិន​សោកស្ដាយ​ណាស់ណា​ទេ ព្រោះ​កាមេរ៉ា​នេះ​ហើយ​ដែល​ទាញ​ខ្ញុំ​ឲ្យ​មហាជន​បាន​ស្គាល់ ហើយ​ខ្ញុំ​ក៏​រក​លុយ​បាន​ច្រើន​គួរសម​ដែរ​ពី​វា"។

ផាន់ រុង បញ្ជាក់​ថា បច្ចុប្បន្ន​រូប​លោក និង​ក្រុម​ការងារ​បាន​ទិញ​កាមេរ៉ា​ថ្មី និង​ទំនើប​មួយ​គ្រឿង​ទៀត​ហើយ ប៉ុន្តែ​លោក​ថា​មិន​ដែល​សូម្បី​តែ​គិត​ថា​ចង់​បោះបង់​កាមេរ៉ា​ចាស់​នេះ​ចោល គឺ​នៅ​តែ​ថែទាំ និង​ប្រើ​ជានិច្ចកាល។ ចាប់​តាំង​ពី​លោក​ប្រឡូក​ចូល​ក្នុង​សិល្បៈ​តាម​រយៈ​ផលិត​រឿង​បែប​អប់រំ​បង្កប់​នូវ​ឈុត​ឆាក​កំប្លែង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ប្រិយមិត្ដ។ ចម្រៀង​ដែល​ល្បី​របស់​លោក គឺ​បទ"Dj ស្រុក​ស្រែ" និង​រឿង​ល្បី​ចុង​ក្រោយ​នេះ​គឺ​រឿង"អា​អត់​ការងារ​ធ្វើ" និង​អា​រហាម"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម