- 2021-03-24 03:53:31
- ព័ត៌មាន
អតីតតារាសម្ដែង លឹម ឡានី ប្រាប់ពីមូលហេតុដែលខ្លួន និងកូនប្រុសអាក់ខានចេញទៅរស់នៅបារាំង
- 2021-03-24 03:53:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតតារាសម្ដែង លឹម ឡានី ប្រាប់ពីមូលហេតុដែលខ្លួន និងកូនប្រុសអាក់ខានចេញទៅរស់នៅបារាំង
ចន្លោះមិនឃើញ
គម្រោងចេញទៅរស់នៅប្រទេសបារាំងរបស់អតីតតារាសម្ដែងស្រី លឹម ឡានី និងកូនប្រុស ត្រូវពន្យារពេលរហូតដល់ដើមឆ្នាំ២០២២ ដោយសារបញ្ហាជំងឺកូវីដ-១៩។ ឡានី ធ្លាប់ប្រកាសថារូបនាង និងកូនប្រុសនឹងចេញទៅរស់នៅប្រទេសបារាំងជាអចិន្ត្រៃយ៍នៅចុងឆ្នាំ២០២០ ហើយកំណត់រយៈពេលពី៥ ទៅ១០ឆ្នាំទើបមកលេងស្រុកខ្មែរម្ដង។
អតីតជាតារាសម្ដែងល្បីឈ្មោះ និងជាគ្រូបង្ហាត់ផ្នែកដើរម៉ូត លឹម ឡានី បានប្រាប់Sabay នៅថ្ងៃទី២៤ ខែមីនា ថា ការឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ បានធ្វើឲ្យស្ថានទូតបារាំងប្រចាំនៅកម្ពុជាមិនទាន់បើកឲ្យមានការសម្ភាសន៍ចេញទៅរស់នៅប្រទេសគេ ខណៈដែលប្រទេសបារាំងកំពុងជួបបញ្ហានេះធ្ងន់ធ្ងរដែរ។
លឹម ឡានី៖"រឿងចេញទៅបារាំងដែលខ្ញុំប្រាប់បងឯងនោះ ឥឡូវខាងប្រទេសបារាំងគេLockdown ហើយ...អីចឹងខ្ញុំត្រូវរង់ចាំរហូតដល់គេបើកវិញ គឺពេលដែលស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ទាំងនៅកម្ពុជា និងប្រទេសបារាំងផ្ទាល់"។
ឡានី ធ្លាប់បញ្ជាក់ថា ការចេញទៅរស់នៅប្រទេសបារាំងនេះ គឺមិនមែនទៅរស់នៅជាមួយស្វាមី ឬបុរសបរទេសណាម្នាក់នោះទេ គឺទៅរស់នៅជាមួយសាច់ញាតិ និងអ្នកស្គាល់គ្នា។ ឡានី ថាពេលនេះនាងនៅទំនេរ ហើយកូនប្រុសដែលនាងទទួលបាននេះ គឺមិនជាប់ពាក់ព័ន្ធនឹងបុរសដែលនាងទិញមេជីវិតដើម្បីពពោះនោះឡើយ។
លឹម ឡានី ដែលសម្រេចទិញមេជីវិតពីបុរសបរទេសម្នាក់ ដើម្បីមានកូនប្រុសដោយគ្មានឪពុកកាលពីប៉ុន្មានឆ្នាំមុននោះ បានបាត់មុខពីសិល្បៈតាំងពីឆ្នាំ២០១៤ ក្រោយពីអ្នកនាងថតរឿង"ហនុមាន" ជាមួយតារាសម្ដែងជើងចាស់ សាវិន ហ្វីលីប។ បន្ទាប់ពីបាត់មុខជាច្រើនឆ្នាំ ស្រាប់តែនៅឆ្នាំ២០២០ នាងចាប់ផ្ដើមមានប្រស្រ័យទាក់ទងជាមួយអ្នកសិល្បៈឡើងវិញ ដោយបានបង្ហាញមុខកូនប្រុសដែលពេលនេះមានវ័យជាង២ឆ្នាំជាញឹកញាប់នៅក្នុងកម្មវិធីជួបជុំផ្សេងៗ៕