• 2021-03-25 02:38:55
  • ព័ត៌មាន

លទ្ធផល​ចេញ​ហើយ! កែវ សុបញ្ញា បង្ហាញ​លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូវីដ-១៩​លើក​ទី៣ មិញ​នេះ

  • 2021-03-25 02:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស កែវ សុបញ្ញា បាន​បង្ហាញ​លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូវីដ-១៩ លើក​ទី៣​របស់​ខ្លួន តាម​បណ្ដាញ​សង្គម Instagram នៅ​ព្រឹក​នេះ។ លទ្ធផល​ដែល​នាង​ទទួល​បាន​នៅ​ព្រឹក​នេះ គឺ Negative ដែល​មាន​ន័យ​ថា​នាង​ពុំ​មាន​ជំងឺ​កូវីដ-១៩ នោះ​ទេ។

នៅ​ក្នុង​ដំណាក់​កាល នៃ​ការ​តាម​ដាន​សុខភាព និង​ធ្វើតេស្ត​ចំនួន​ពីរ​លើក​របស់​តារា​ស្ត្រី​រូប​នេះ​ក៏​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ដែរ ប៉ុន្តែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​រង់ចាំ​អ៊ុត​មើល​លទ្ធផល​ធ្វើតេស្ត​លើក​ទី៣។ កែវ សុបញ្ញា ត្រេកអរ​នឹង​លទ្ធផល​នេះ​ខ្លាំង​ណាស់ ដោយ​នាង​ពោល​ថា៖"ទឹក​ដោះ​ម្ដាយ​ថ្លៃ...ខ្ញុំ​ទទួល​បាន​លទ្ធផល​ចុង​ក្រោយ​លើក​ទី៣ អវិជ្ជមាន។ ខ្ញុំ​ឆ្លង​ផុត​ហើយ"។

កែវ សុបញ្ញា គឺ​ជា​តារា​ស្រី​ម្នាក់​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ដែល​គេ​សង្ស័យ​ថា​បាន​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​នឹង​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ជាមួយ​គ្នា ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​ជា​បន្ដបន្ទាប់​តាំង​ពី​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ​២០២១ ក្នុង​នោះ​មាន​ដូច​ជា ពិធី​ការិនី ចាន់ កែវនិមល លោក ណុប បាយ៉ារិទ្ធ និង​តារា​ចម្រៀង សុគន្ធ នីសា ជា​ដើម។

ចំពោះ​តារា​ចម្រៀង កែវ សុបញ្ញា មិន​បាន​បញ្ជាក់​ថា​តើ​នាង​នៅ​បន្ដ​តាម​ដាន​សុខភាព​បន្ថែម​ទៀត ឬ​នៅ​បន្ដ​ធ្វើ​ចត្ដាឡីស័ក​ទៀត ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្ដែ​នាង​ថា​នាង​នៅ​តែ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​នេះ ហើយ​ថែម​ទាំង​អំពាវនាវ​ចូល​រួម​អនុវត្ត​វិធាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល គឺ​បី​កុំ បី​ការពារ ទៀត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម