• 2021-03-25 03:10:00
  • ព័ត៌មាន

Prang និង Tong ធ្លាប់បែកគ្នា ២ឆ្នាំ ហេតុផលមិនមែនមានអ្នកទី ៣ តែពេលវិលជួបគ្នា ស្រឡាញ់គ្នាលើសដើម

  • 2021-03-25 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាៗក៏សរសើរ និងលួចច្រណែនស្នេហារវាងតារាសម្ដែង Prang Kanarun និង Tong Twopee ដែរ ក៏ព្រោះតែភាពផ្អែមល្ហែមដែលអ្នក​ទាំង ២​តែងបង្ហាញ ប៉ុន្តែមិនមែន​គ្រប់គ្នា​សុទ្ធ​តែដឹង​ទេ ពី Background ស្នេហារបស់អ្នកទាំង ២។

ស្ថិតក្នុង​បទសម្ភាសកាល​ពី​ពេល​ថ្មីៗ Prang Kanarun បាន​និយាយ​ថា​ នាង និង Tong ធ្លាប់បាន​បែកគ្នា​ដល់ទៅ ២​ឆ្នាំឯណោះ ទម្រាំ​និស្ស័យបណ្ដាលចិត្តពួកគេឲ្យវិលមកជួបគ្នា​វិញ។

មុនចូលដល់​សាច់រឿងស៊ីជម្រៅ ក្រុមការងារ Thairath បាន​សួរ​ថា​ ពីមុនធ្លាប់មានសង្សារទេ? Prang ឆ្លើយថា ដោយគោរពតាម​សំណូមពរ​របស់ម្ដាយ ថា​កុំទាន់មានសង្សារ ពេល​នៅរៀន ទើប​ពេល​បញ្ចប់ការសិក្សានៅមហាវិទ្យាល័យ នាង​ក៏មាន​គូស្នេហ៍នឹងគេ គឺ Tong Twopee នេះឯង។

ទំនាក់ទំនងនេះ​បន្តជាមួយគ្នា​រយៈពេល ៤ឆ្នាំ ហើយពេល​នោះជីវិតពួកគេពោរពេញទៅដោយ​ក្ដីសុខ។ ម្យ៉ាង​នេះ​គឺ​ជា​ស្នេហ៍គ្រាដំបូង ដូចនេះ​វា​មានន័យខ្លាំងណាស់ ប៉ុន្តែដោយសារអ្នក​ទាំង ២​រសនៅ​ពិភពដែលមាន​ការយល់ឃើញផ្សេងគ្នា ទើប​ត្រូវចែកផ្លូវគ្នាសិន។

Prang និយាយ​ថា​ នាង​បែកពី Tong ដោយសារពេលនោះ​នាង​មិន​ទាន់មាន​អ្វីក្នុងជីវិត មិនមែនដោយសារមានជនទី ៣ជ្រៀតជ្រែកទេ ប៉ុន្តែក៏ព្រោះនាង​មានក្ដីសុបិន​ច្រើនដែល​ចង់សម្រេច ហើយចង់​ធ្វើអ្វីដែល​ចង់ធ្វើឲ្យជោគជ័យសិន ទើបជ្រើសយកផ្លូវបែកសិន។

រយៈពេល​​បែកគ្នា ២ឆ្នាំនោះ ពួកគេ​មិនបាន​និយាយរកគ្នាសូម្បីមួយម៉ាត់ បើទោះបីឃ្លាតគ្នាក្នុងន័យល្អ មិនខឹងគ្នា និងគ្មានរឿងអ្វីបង្កជាជម្លោះក៏ដោយ។

តាមពិតក្រោយពីនោះ សាមីខ្លួន​ទាំងសង្ខាងចាត់ទុកគ្នាជាមិត្តល្អ បើមានរឿងអ្វីអាចជួយគ្នា​បាន ប៉ុន្តែនៅពេលអត់និយាយរកគ្នាបែបនេះ វា​បង្កើតជា​ការអៀនខ្មាសរៀងខ្លួនរហូតមិនដឹងធ្វើយ៉ាងណា និងមិនហ៊ាន Chat រកគ្នា។

កន្លងផុតមួយរយៈការងារ និងអ្វីដែលពួកគេ​ចង់ធ្វើ ក៏បាន​សម្រេច​ជា​បន្តបន្ទាប់ ហើយពេល​នោះ ក៏ស្រាប់នាងលើកយកចំណុចខ្លះមកពិចារណាសិន។ Prang ថា ពេល​នោះ នាងគឺជា​អ្នក​ Chat ទៅ Tong មុន (ដល់កន្លែងនេះ​នាងសើច ព្រោះថា​រាល់ដង Tong ជាអ្នក Chat មកនាងមុន)។ អ្វី​ដែលគួរ​ឲ្យភ្ញាក់ផ្អើល ពេលនោះ​គឺ​ Tong កំពុងបួសជាសង្ឃ ដូច្នេះចាំដល់ពេល​សឹករួច ហើយនាង​ក៏សុំទៅអនុមោទនាកុសលផលបុណ្យជាមួយ​នឹង​ ​Tong។ បន្ទាប់មកពួកគេ​ក៏ចាប់ផ្ដើមនិយាយគ្នា​លេង ហើយ Prang ក៏បាន​លាន់មាត់ថា៖ «វាយូរហើយដែរ ដែលយើងមកជាមិត្តល្អនឹងគ្នា» ភ្លាមៗ Tong ក៏តបថា «ចាំមួយភ្លែត តោះទៅញ៉ាំបាយជាមួយគ្នា»

ក្រោយមក ពួកគេក៏ឧស្សាហ៍ណាត់គ្នាញ៉ាំអីក្រៅ ហើយចំណាយពេល​រហូតដល់ទៅ ២-៣ខែ ដែល​អ្នកទាំង ២​ស្វែងយលពីគ្នា​ជាថ្មី និងសិក្សាពីអ្វីគ្រប់យ៉ាង​ដែល​ជាបញ្ហា។ ចូលដល់ចំណុចនេះ Prang និយាយ​ថា រឿងអីបន្តជាមួយគ្នា​វិញ​មិនបាន ព្រោះ​តែពួកគេមិនបាន​ឈ្លោះបែកគ្នាឯណា ពួកនាង​គ្រាន់តែមិននិយាយរកគ្នា​ប៉ុណ្ណោះ។ អ្នក​ផ្សេង​អាច​នឹង​មានដៃគូ​រៀងខ្លួន បើស្ថិតក្នុងកាលៈទេសៈបែប​នេះ នោះក៏ព្រោះ​ពួកគេស្អប់គ្នា មានរឿងឈ្លោះគ្នាខ្លាំងបណ្ដាលឲ្យបែកមិនដូច Prang និង Tong ទេ។

មកដល់បច្ចុប្បន្ន​នេះ ស្នេហារបស់ពួកគេមាន​អាយុ ១០ឆ្នាំហើយ សរុបទាំង ២ឆ្នាំដែលបែកគ្នា ប៉ុន្តែពួកគេ​នៅតែ​ផ្ដល់នូវក្ដីស្រឡាញ់ឲ្យគ្នា​កាន់តែ​ខ្លាំង ដោយសារភាគីទាំងសង្ខាងយល់ពីគ្នា មិនយល់តែចិត្តខ្លួនឯង និងព្យាយាម​យល់ ក៏ដូចជាអត់ឱនឲ្យគ្នាគ្រប់ពេល។ សម្រាប់អ្នកគាំទ្រក៏សង្ឃឹមថា​ ថ្ងៃមង្គលជ័យរបស់គូស្នេហ៍ ១គូនេះ នឹង​កើតឡើង​ឆាប់ៗ៕

ប្រភព៖ thairath ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម