• 2021-03-30 07:37:33
  • ព័ត៌មាន

រឿង ១០យ៉ាងអ្នកគួរដឹងពី Samantha Bernardo ម្ចាស់ជយលាភីលេខ ២ ប្រចាំ MGI ២០២០

  • 2021-03-30 07:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះមិនបាន​ជាប់​ជយលាភីលេខ ១ប្រចាំកម្មវិធី Miss Grand International 2020 ក៏ប៉ុន្តែ​កេរ្តិ៍ឈ្មោះរបស់​បវរកញ្ញាហ្វីលីពីន Samantha Bernardo ក៏រីកសុសសាយ ហើយថែម​ទាំងទទួល​បាន​ក្ដីស្រឡាញ់ពីមនុស្សគ្រប់គ្នា​ ជាពិសេសប្រជាជនហ្វីលីពីនរបស់នាង​ផ្ទាល់។

ដោយសារ Sabay ធ្លាប់បាន​បង្ហាញជូននូវប្រវត្តិត្រួសៗរបស់ម្ចាស់ជយលាភីលេខ ១ Miss Grand International 2020 គឺបវរកញ្ញាអាមេរិក Abena Appiah កាលពីពេល​កន្លងមក​រួចហើយ ដូចនេះ​ក៏ដល់ពេល​ យើងទៅដឹង​ពី​រឿងរ៉ាវខ្លះៗរបស់ម្ចាស់តំណែងលេខ ២ម្ដង។

ចុចអាន៖ ដោយសារធ្លាប់ត្រូវគេប្រមាថទើប Abena Appiah ប្រឹងងើបឈររហូតជោគជ័យជា Miss Grand International

១. តារានិកររបស់ Samantha គឺ Scorpio

នាង​កើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៩២ នៅទីក្រុង San Juan ប្រទេសហ្វីលីពីន។

២. Samantha ចូលចិត្តឆ្នេរសមុទ្របំផុត

នាង​បាន​ប្ដូរកន្លែងរស់នៅពី San Juan ទៅ​ Puerto Princesa ទីក្រុងដែលស្ថិតលើកោះ Palawan ប្រទេសហ្វីលីពីន នៅអាយុ ៨ឆ្នាំ ហើយពេល​នោះហើយ ដែលនាង​ត្រូវ​ប្រែក្លាយខ្លួនជាកុមារីតំបន់កោះ។ នាង​ធ្លាប់​បាន​និយាយ​ក្នុងបទសម្ភាស​កន្លងមក​ថា​កាលពីនៅតូច ជារៀងរាល់ថ្ងៃអាទិត្យ ខ្លួន និងគ្រួសារតែង​ទៅលេង​កោះជាញឹកញាប់ណាស់។ ចំណែក​គ្រួសារក៏មិនមែនជាអ្នកមាន​ណាស់ណាដែរ មានន័យថាជីវភាពសាមញ្ញបំផុត។

៣. នាងគឺជាអ្នកហាត់កីឡាកាយសម្ព័ន្ធ

ក្ដីសុបិន​ដំបូងឡើយរបស់នាង​គឺ ចង់ក្លាយជាអ្នករបាំបាឡេ តែដោយសារនាង​មិនអាច​រក​បាន​ថ្នាក់ហាត់រៀន​នៅកោះ Palawan ទើបនាង​សម្រេចជ្រើសយក​អាជីពជាអ្នកហាត់កីឡាកាយសម្ព័ន្ធ (Gymnast) ជំនួសវិញ។ ដោយសារការខិតខំ​ប្រឹង​ប្រែង កើតចេញពីការតាំងចិត្តទើប Samantha ចាប់បាន និងរីកចម្រើនយ៉ាងលឿន។ ជាក់ស្ដែងពេល​ចូលរួម​ប្រកួតក្នុងកម្មវិធី MIMAROPA RAA លើកដំបូង នាង​ថែម​ទាំងបាន​ដណ្ដើមយក​បាន​មេដាយសរុបដល់ទៅ ៥ និងត្រូវបាន​គ្រងតំណែង​ជាម្ចាស់ជើងឯកពីការប្រកួតទៀត។ នាងក៏បាន​បន្តហាត់កាយសម្ព័ន្ធទាំងវ័យក្មេង ហើយតែងក្លាយជាអ្នក​តំណាង​កោះ Palawan ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗផងដែរ។

៤. នាង​ស្ទើរតែបោះបង់ការតាំងចិត្តធ្វើជាបវរកញ្ញាទៅហើយ

បន្ទាប់ពីបញ្ចប់​ថ្នាក់មហាវិទ្យាល័យ Samantha ក៏ប្រញ៉ាប់ដាក់ពាក្យចូលប្រកួតក្នុងកម្មវិធីបវរកញ្ញា។ ពេល​នោះ​នាងបានឈ្នះពានរង្វាន់ទេសចរណ៍ “Mutya ng Palawan Tourism” ហើយក្រោយមកក៏ត្រូវ​បាន​គេ​ជ្រើសយកទៅប្រកួតក្នុងទីក្រុងម៉ានីលសម្រាប់កម្មវិធី​ "Miss World Phillipines” ឆ្នាំ ២០១៣។ ដោយសារពេល​នោះ​នាង​បរាជ័យ ជាហេតុបណ្ដាល​ចិត្តនាង​ឲ្យបាក់ស្បាត លែង​ចង់​ប្រកួត​បន្តក្នុងវិស័យនេះ។

៥. នាងធ្លាប់បាន​ចេញមុខក្នុង​ខ្សែភាពយន្តភាគ

បន្ទាប់ពីដកឃ្លាពីវិស័យ​បវរកញ្ញា Samantha ក៏បាន​ឈាន​ជើងមកចូល​ក្នុង​វិស័យម៉ូដែល។ ដោយឡែក​នាង​ក៏បាន​មានឱកាសសម្ដែង​ក្នុង​រឿងភាគ​ដែរ។

៦. នាងត្រូវបាន​គេ​លើកទឹកចិត្តឲ្យចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International

ពេល​ប្រមូល​បានភាពជឿជាក់ត្រឡប់មកវិញ​ហើយ Samantha ក៏សម្រេច​ចូល​ក្នុងពិភពបវរកញ្ញាជាថ្មី ហើយសំណាង​ល្អ បូកនឹងការប្រឹងប្រែង នាង​ក៏បាន​ឈ្នះ​លេខ ៣ ដល់ទៅ ២ដងក្នុងឆ្នាំ ២០១៨ និង ២០១៩។

៧. Samantha គឺជា​អ្នក​តស៊ូមតិ​ ដែល​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់នៅហ្វីលីពីន

នាង​បាន​ចូលរួម​ក្នុងយុទ្ធនាការសប្បុរសធម៌ជាច្រើន ដើម្បីជួយ​ដល់ប្រជាជន​ហ្វីលីពីន ឲ្យបាន​យល់ដឹង​ពីកើតជំងឺគ្រនចាញ់ ក៏ដូចជាបាន​ជួយគ្រួសារក្រីក្រជា​ច្រើន​ផងដែរ។

៨. បុគ្គលគំរូក្នុងដួងចិត្តរបស់នាង​គឺ Oprah និង Angelina Jolie

៩. បើមាន​ពេល​នាង​ជ្រើសយក​ការ​រាំលេង ហាត់យូហ្គា និងការអាន ទុកជាសកម្មភាពកម្សាន្តអារម្មណ៍

១០. Samantha ក៏មាន​ Channel YouTube ដែរ

ក្រៅពីជាតារាម៉ូដែល អ្នកហាត់កាយវប្បកម្ម និងបវរកញ្ញា នាង​ក៏ជា YouTuber ម្នាក់ដែរ។ នៅលើ Channel នាង​តែង​ចែករំលែករឿង និងសកម្មភាព​គ្រប់យ៉ាងទៅកាន់អ្នកគាំទ្រស្ដីពីការថែរក្សាសម្រស់ ការរៀបចំ​ផ្ទះ (ជាពិសេសបន្ទប់គេងផ្ទាល់) និង​សារមួយចំនួនទាក់ទងនឹង​ការប្រយុទ្ធ​ប្រឆាំងជំងឺគ្រុនចាញ់៕ ​​

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ preview.ph ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម