• 2021-04-05 04:45:31
  • ព័ត៌មាន

និយាយ​អីចឹង មាស សុខ​សោភា លឺ​ថា​មាន​តំណែង​ធំ​នៅ "រាម" ចុះ មាស សុខ​រតនៈ!

  • 2021-04-05 04:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាស សុខ​សោភា បាន​ប្រកាស​ចូល​រួម​ជាមួយ​ផលិតកម្ម "រាម" យ៉ាង​ឧឡារិក​កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ ព្រម​ជាមួយ​​ដំណឹងថា ​នាង​មាន​តំណែង​ធំ​មួយ​ទៀត​ក្រៅ​ពី​តារា​ចម្រៀង។ ចុះ​បង​ប្រុស​របស់​នាង មាស សុខ​រតនៈ ​ធ្វើ​ជា​អ្វី​ដែរក្នុង​ផលិតកម្ម​ថ្មី​ថ្មោង​មួយ​នេះ។

ចម្ងល់​នេះ កើត​ឡើង​ក្រោយ​ពី​កន្លង​មក​គេ​ដឹង​ថា បង​ប្អូន​ប្រុស​ស្រី​១​គូ​នេះ ដូច​លលក​ញី​ឈ្មោល ទោះ​ទៅ​ជ្រក​ក្រោម​ទ្រនំ​ណា គឺ​ទៅ​ទាំង​គូ តាំង​ពី​ផលិតកម្ម សាន់ដេ ថោន ពោល​គឺ​ពួក​គេ​នៅ ឬ​ទៅ គឺ​រមែង​ជា​គូ​ៗ។ សូម្បី​តែ​ពេល​នៅ​ក្នុង​វេលា​ទំនេរ​ទាំង​ពីរ​នាក់ ក្រោយ​ចាក​ចេញ​ពី​ផលិតកម្ម​ថោន​រៀង​ខ្លួន ក៏​មាន​ដំណឹង​ថា សោភា បាន​ចរចា​ចូល​ធ្វើ​ជា​តារា​ចម្រៀង​អាជីព​នៅ​ក្នុង​ហង្សមាស ហើយ​ក្នុង​នោះ ការ​ចរចា​នៅ​ស្ទះ​ត្រង់​ថា តារា​ចម្រៀង ចង់​បាន​បង​ប្រុស​នាង​ទៅ​ធ្វើ​ជា​ខ្នង​បង្អែក​របស់​នាង​ដូច​កាល​នៅ​ផលិតកម្ម​មុន​ៗ​ដែរ។

ប៉ុន្តែ​ហង្សមាស មិន​ព្រម គឺ​ចង់​បាន​តែ​នាង​ម្នាក់​ឯង។ យ៉ាង​ណា សាមី​ខ្លួន​មិន​ដែល​បក​ស្រាយ​ពី​បញ្ហា​នេះ​ឡើយ ហើយ​ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ ស្រាប់​តែ​សាមី​ខ្លួន​តារា​ចម្រៀង​បាន​ប្រកាស​ចូល​រួម​ជាមួយ​ផលិតកម្ម "រាម" ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​សារ​តែ "រាម" នៅ​ជា​ផលិតកម្ម​ថ្មី​ថ្មោង នៅ​ខ្ចី​បទ​ពិសោធន៍​នៅ​ឡើយ។ ជាមួយ​ករណី​នេះ មាន​ការ​សន្និដ្ឋាន​ថា "រាម" ទំនង​ជា​យល់​ព្រម​លក្ខខណ្ឌ​របស់​នាង​ដោយ​ភ្ជាប់​ជាមួយ​នឹង​បង​ប្រុស។

មាន​ន័យ​ថា លោក មាស សុខ​រតនៈ អាច​ជា​អ្នក​ចាត់​ការ ឬ​ក៏​មាន​តំណែង​ណា​មួយ​ដែល​អំណោយ​ផល​ដល់​ប្អូន​ស្រី ដូច​ទម្លាប់​កាល​ពី​អតីតកាល។ ដូច្នេះ​តើ មាស សុខ​រតនៈ ដែល​គេ​ឃើញ​ចេញ​មុខ​ចេញ​មាត់​ច្រើន​ជាមួយ​នឹង ស្រី​អូន អគ្គនាយិកា​ផលិតកម្ម "រាម" មាន​តំណែង​អ្វី​ដែរ​នៅ​ក្នុង​នេះ។

មាស សុខរតនៈ និង​ភរិយា ថ្ងៃ​សម្ពោធ​ផលិតកម្ម "រាម"

ឆ្លើយ​ចំពោះ​ចម្ងល់​នេះ​លោក ឧកញ៉ា ឈាង រ័ត្ន ដែល​ជា​អគ្គនាយក​ផលិតកម្ម បាន​ឆ្លើយ​នៅ​ក្នុង​ការ​ជួប​ជុំ​ជាមួយ​អ្នក​កាសែត​មួយ​ថា លោក មាស សុខរតនៈ មិន​មាន​តំណែង​អ្វី​នៅ​ក្នុង​ផលិតកម្ម "រាម" ទេ។ ទោះ​យ៉ាង​ណា លោក​ឧកញ៉ា បាន​បង្ហើប​ថា ផលិតកម្ម​ធ្លាប់​ស្នើ​ចំពោះ​លោក រតនៈ ចំពោះ​ការងារ​នេះ​ដែរ ប៉ុន្តែ​ត្រូវ​បាន​អតីត​អ្នក​ចាត់​ការ​រូប​នេះ​បដិសេធន៍។

“សម្រាប់​លោក រតនៈ គាត់​អត់​មាន​តួនាទី​អី​ក្នុង​ផលិតកម្ម "រាម" ទេ...តែ​យើង​ធ្លាប់​ស្នើ​គាត់​រឿង​នេះ​ដែរ តែ​គាត់​សុំ​ថា មិន​បាច់​ទេ គឺ​លោក​សុំ​នៅ​ក្រៅ​សិន ជា​រួម គឺ​គាត់​ចង់​នៅ​ធ្វើ​ក្រៅ​រង្វង់​ការងារ​នេះ ដើម្បី​ធ្វើ​ការងារ​ផ្សេង​ៗ​របស់​គាត់ និយាយ​ទៅ គាត់​ដូច​ឆ្អែត​ជាមួយ​ការងារ​សិល្បៈ ព្រោះ​គិត​ទៅ គាត់​នៅ​ក្នុង​ការងារ​នេះ​ច្រើន​ឆ្នាំ​មែន​ទែន អីចឹង​គាត់​ដូច​ឆ្អែត ចឹង​ហើយ​គាត់​ចង់​នៅ​ក្រៅ​សិន!”។ ឧកញ៉ា ឈាង រ័ត្ន ថ្លែង។

ដូច​នឹង​ការ​អះអាង​របស់​អគ្គនាយក​របស់ "រាម" បច្ចុប្បន្ន​លោក មាស សុខ​រតនៈ គេ​ឃើញ​រវល់​នឹង​ការងារ​ធ្វើ​ជំនួញ​ជំនួស​វិញ ដែល​លោក​បាន​ជួយ​ប្អូន​ស្រី​ក្នុង​នាម​ជា​តំណាង​ចែកចាយ​ធំ​មួយ​នៃ​ផលិតផល​ឃូស៊ី​ដែល​ជា​ជំនួញ​ផ្ទាល់​ខ្លួន​មួយ​របស់ អគ្គនាយិកា ស្រី​អូន៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម