• 2021-04-07 07:03:08
  • ព័ត៌មាន

អ្ហា៎ក...ខាត​ដល់​ម្ល៉ឹង! ស្វែង សុជាតា របូត​ប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ ឥឡូវ​ប្រកាស​លក់​ផ្ទះ​បន្ទាន់​ដើម្បី​ស្ដារ​ស្ថានភាព

  • 2021-04-07 07:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​វ័យ​ជ្រេ ស្វែង សុជាតា អស់​ភាព​អៀនខ្មាស​នឹង​ពាក្យ​ថា"អ្នក​សិល្បៈ​ជំពាក់​បំណុល​គេ​ជុំ​ទិស" បន្ទាប់​ពី​នាង​ប្រកាស​លក់​ផ្ទះ​១​ល្វែង​ជា​បន្ទាន់​ក្នុង​តម្លៃ​៦​ម៉ឺន​ដុល្លារ ដើម្បី​ដោះ​បំណុល​ធនាគារ និង​បង្កើត​ភាគហ៊ុន​រកស៊ី​ថ្មី​ជាមួយ​មិត្តភ័ក្ដិ​ក្នុង​អាជីវកម្ម​លក់​ផលិតផល​ថែ​សម្ផស្ស។

អ្នកនាង ស្វែង សុជាតា បាន​ប្រាប់ Sabay នៅ​រសៀល​ថ្ងៃទី៧ ខែ​មេសា នេះ​ថា ស្ថានភាព​ជីវភាព និង​ការ​រកស៊ី​របស់​នាង​ចំនួន​២​កន្លែង កាន់​តែ​ខាត​ឡុងចុង​ងើប​លែង​រួច​ក្នុង​រយៈ​ពេល​៣​ខែ​ដើម​ឆ្នាំ​២០២១ ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩។នាង​ថា ដើមទុន​ខ្ទង់​ម៉ឺន​ដុល្លារ បាន​បាត់​ទាំង​ស្រុង ខណៈ​ដែល​ចំណូល​ពី​អាជីព​សិល្បៈ​ស្ទើរ​១០០% ក៏​បាត់​បង់​ដែរ​នោះ ប៉ុន្តែ​នាង​កាតព្វកិច្ច​បង់​ធនាគារ​ផង និង​ខំ​រើ​បម្រាស់​ចេញ​ពី​ជីវភាព​ខ្វះខាត​នេះ តាម​រយៈ​បង្កើត​មុខរបរ​ថ្មី​ជាមួយ​មិត្តភ័ក្ដិ។

ស្វែង សុជាតា៖"អ្នក​ខ្លះ​ឆាត​មក​សួ​ថា​ប្រកាស​លក់​ផ្ទះ​មិន​ចេះ​ខ្មាស​គេ​ទេ​អី? ខ្ញុំ​មិន​រវល់...ហើយ​មាន​រឿង​អី​ត្រូវ​ខ្មាស​ខ្ញុំ​មាន​ផ្ទះ​លក់​ដើម្បី​យក​លុយ​ធ្វើ​ដើម​រកស៊ី។ បើ​លក់​ដាច់...ខ្ញុំ​យក​លុយ​នេះ​ទៅ​បង់​ធនាគារ​ខ្លះ និង​ចូល​ហ៊ុន​ជាមួយ​មិត្តភ័ក្ដិ​នាំ​ចូល​ផលិត​ពី​ប្រទេស​ថៃ​វិញ​ម្ដងៗ"។

បញ្ហា​ជំងឺ​កូវីដ-១៩ អូស​បន្លាយ​ជាង​១​ឆ្នាំ​មក​នេះ មាន​សិល្បករ-សិល្ប​ការិនី​ខ្មែរ​មិន​តិច​ទេ​ដែល​ត្អូញត្អែរ​រឿង​បាត់​ប្រាក់​ចំណូល និង​ជួប​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ។ ដោយឡែក​អ្នកនាង ស្វែង សុជាតា ទើប​ទម្លាយ​រឿង​លក់​ផ្ទះ​ដើម្បី​ដោះ​បំណុល​គេ ដោយសារ​ទ្រាំទ្រ​នឹង​ការ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​កើត​ចេញ​ពី​ជំងឺ​កូវីដ-១៩ ទៀត​លែង​បាន។

កាល​ពី​ព្រឹក​មិញ​តារា​សម្ដែង ស្វែង សុជាតា បាន​ប្រកាស​លក់​ផ្ទះ​១​ល្វែង​បន្ទាន់ ដែល​មាន​ទីតាំង​នៅ​ក្នុង​បុរី​ឈឹម ឈាង​ហាក់ អូរដឹម ផ្លូវ​ចូល​ក្បែរ​របង​រោងចក្រ សាន់ នី។ នាង​បញ្ជាក់​ថា ផ្ទះ​នេះ​មាន​ប្លង់​រឹង ដោយ​បាន​បាន​បង់​រំលស់​ជាមួយ​បុរី​ដាច់​អស់​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់