• 2021-04-09 02:08:21
  • ព័ត៌មាន

រូប​ភាព​ទាំង​នេះ​ធ្វើ​ឲ្យ ណុប បាយ៉ារិទ្ធ អួល​ដើមក​នឹកឃើញ​រឿង​ទាំងអម្បាល​មាន​កាល​នៅ​ព្យាបាល​ជំងឺ​កូវីដ

  • 2021-04-09 02:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ណុប បាយ៉ារិទ្ធ នៅ​តែ​ដិតដាម​រឿង​អកុសល និង​ខ្លោចចិត្ត​ជា​ច្រើន​ដោយ​នឹក​ស្រណោះ​កាល​លោក​សម្រាក និង​ព្យាបាល​ជំងឺ​កូវីដ-១៩ បើ​ទោះបី​ជា​ពេល​នេះ​លោក​បាន​ជាសះស្បើយទៅ​ហើយ​ក្ដី។

ល្ងាចមិញ លោក ណុប បាយ៉ារិទ្ធ បាន​បង្ហោះ​សារ​ដ៏វែង​អន្លាយ​មួយ​តាមបណ្ដាញសង្គមFacebook​​​ និងInstagram ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​ក្រុម​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​ជំងឺ​កូវីដ-១៩ ស្ថិតនៅ​ក្នុង​ស្ថានភាព​ក្រាញននៀល​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺជាច្រើនសន្លឹក។ លោក​ថា បើ​អាណិត​ពេទ្យ អាណិត​គ្រួសារ សូមគិតពីការឆ្លង នៃមេរោគកូវីដ១៩​ គ្មានបាលីការពារមេរោគកូវីដ១៩ ទេ។

ណុប បាយ៉ារិទ្ធ៖"ខ្ញុំឃើញរូបទាំងអស់នេះហើយ បានត្រឹមខ្លោចចិត្តគ្មានពាក្យអធិប្បាយទេ តែខ្ញុំសង្ឃឹមជឿជាក់ថា ក្រោយពីបងប្អូនបានឃើញរូបទាំងនេះហើយ បងប្អូនអាចសួរទៅបេះដូងខ្លួនឯងបាន"។

រូបភាព៖ ហ្វេសប៊ុក ណុប បាយ៉ារិទ្ធ

តារា​ចម្រៀង​រូប​នេះ​បន្ថែម​ថា បើ​យើង​មិន​អាច​ជួយ​អ្វី​បាន​ដល់​ក្រុម​គ្រូ​ពេទ្យ​ទាំង​នេះ​ទេ សូម​កុំ​បន្ថែម​បន្ទុក​ដល់​ពួកគាត់ ដោយ​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​កូវីដ-១៩ តាម​រយៈ​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន គឺ​៣​កុំ និង​៣​ការពារ។ លោក​ថា នេះ​ជា​គោលការណ៍​ដែល​យើង​គ្រប់​គ្នា​ត្រូវ​ទន្ទេញ និង​អនុវត្ត​ឲ្យ​បាន​ជាប់​ជានិច្ច៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់