- 2021-04-16 06:42:25
- ព័ត៌មាន
សាយ ក្លាយជាបុគ្គលដំបូងគេបំផុត ដែលឈ្នះពានរង្វាន់សន្តិភាព YSP
- 2021-04-16 06:42:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាយ ក្លាយជាបុគ្គលដំបូងគេបំផុត ដែលឈ្នះពានរង្វាន់សន្តិភាព YSP
ចន្លោះមិនឃើញ
គួរជាទីមោទនក្រៃលែង សម្រាប់កម្ពុជា! យុវជន អ៊ួន បឋម ហៅ សាយ បានក្លាយជាម្ចាស់ពានរង្វាន់សន្តិភាព វ៉ាយអេសភី ឆ្នាំ២០២១ (YSP Peace Prize 2021) ហើយ។ អ្នកដែលមានឈ្មោះប្រជែងយកពានរង្វាន់នេះ សុទ្ធតែជាយុវជនឆ្នើម ម្ចាស់ពានរង្វាន់វីរយុវជន មកពី ៥ទ្វីបផ្សេងៗគ្នា ប៉ុន្តែនៅទីបំផុតគណៈកម្មការវាយតម្លៃរបស់ IAYSP INTERNATIONAL បានសម្រេចជ្រើសរើសជាឯកច្ឆន្ទ ជ្រើសរើស សាយ ឲ្យក្លាយជាម្ចាស់ពានរង្វាន់។
ពានរង្វាន់ YSP Peace Prize គឺជាពានរង្វាន់ដែលផ្ដល់ជូនដល់យុវជន និងថ្នាក់ដឹកនាំវ័យក្មេង ដែលបានធ្វើការចូលរួមចំណែកដោះស្រាយបញ្ហាសង្គម និងធ្វើការផ្សព្វផ្សាយនូវសកម្មភាពដែលគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចិរភាព ដែលទទួលបានលទ្ធផលជាផ្លែផ្កា និងមានការទទួលស្គាល់ពីមនុស្សជាច្រើននៅក្នុងប្រទេស ក្នុងតំបន់ និងសាកលលោក។
ពិធីប្រគល់ពានរង្វាន់សន្តិភាព វ៉ាយអេសភី ឆ្នាំ២០២១ នេះ នឹងធ្វើឡើងតាមរយៈអនឡាញ នាថ្ងៃទី១៧ ខែមេសាខាងមុខនេះ ចាប់ពីម៉ោង ២រសៀលតទៅ (ម៉ោងនៅកម្ពុជា)។ ក្រៅពីធ្វើពិធីប្រគល់ពានរង្វាន់ YSP Peace Prize ដល់សាយ, សមាគមអន្តរជាតិយុវជន និងសិស្សនិស្សិតដើម្បីសន្តិភាព (IAYSP) ក៏នឹងរៀបចំកម្មវិធី ២ទៀតផងដែរ ក្នុងថ្ងៃដដែលនេះ គឺទី១ មហាសន្និបាតនៃក្ដីសង្ឃឹម យុវជន និងនិស្សិតពិភពលោក និងទី២ គឺកម្មវិធីប្រកួតប្រជែងស៊ីនើជី អន្តរជាតិ ឆ្នាំ២០២១ (S!NERGY INTERNATIONAL 2021)។
មហាសន្និបាតនៃក្ដីសង្ឃឹម យុវជន និងនិស្សិតពិភពលោក ធ្វើឡើងដើម្បីជម្រុញលើកទឹកចិត្តយុវជនគ្រប់រូបឲ្យយល់ដឹងពីតម្លៃនៃការរស់នៅជាប្រយោជន៍សម្រាប់អ្នកដទៃ ដែលជាគោលដៅសំខាន់របស់ស្ថាបនិកក្នុងការពង្រីកនូវសន្តិភាព។ លើសពីនេះទៀត កម្មវិធីនេះ គឺជាវេទិកាមួយដែលយុវជនអាចពង្រីកនូវទំនាក់ទំនងជាមួយគ្នា និងរៀនអំពីវប្បធម៌ផ្សេងៗទូទាំងពិភពលោក។ កាន់តែពិសេសជាងនេះទៀត កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីតារាចំរៀងល្បីរបស់កូរ៉េ និងសិល្បករជាច្រើនរូបទៀត បទសម្ភាសន៍ដោយក្រុមយុវជន និងការប្រគំតន្រ្ដីយុវជននៃក្ដីសង្ឃឹម។
ចំណែកកម្មវិធី ស៊ីនើជី អន្តរជាតិ ឆ្នាំ២០២១ វិញ គឺជាការប្រកួតប្រជែងនិយាយជាសាធារណៈប្រកបដោយភាពច្នៃប្រឌិត សម្រាប់សិស្សនិស្សិត និងយុវជនវ័យក្មេង ដើម្បីចែករំលែកគម្រោង និងគំនិតច្នៃប្រឌិតរបស់ពួកគេ។ ការធ្វើបទបង្ហាញរបស់បេក្ខជនគឺជាការស្នើឡើងនូវដំណោះស្រាយចំពោះបញ្ហាសង្គមនាពេលបច្ចុប្បន្ន ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ ក្រោមប្រធានបទ៖ "តួនាទីរបស់យុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗ និងគាំទ្រគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ឆ្ពោះទៅរកពិភពលោកប្រកបដោយសន្តិភាព និងឯករាជ្យ វិបុលភាពរួម និងគុណតម្លៃជាសាកល"។ ក្នុងចំណោមគណៈកម្មការទាំង ៥ មកពីជុំវិញពិភពលោក សាយ ក៏ជាគណៈកម្មការមួយរូបមកពីទ្វីបអាស៊ី ដែលនឹងចូលរួមវាយតម្លៃបេក្ខជនចូលរួមប្រកួតផងដែរ។
សូមបញ្ជាក់ផងដែរថា សមាគមអន្តរជាតិ និងសិស្សនិស្សិតដើម្បីសន្តិភាព (IAYSP) គឺជាសមាគមអន្តរជាតិដែលមានសមាជិកជាង ៥០ប្រទេស នៅទូទាំងសាកលលោក ដែលត្រូវបានបង្កើតឡើងដោយលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន (អ្នកម្ដាយសន្ដិភាព) នាឆ្នាំ២០១៧ នៅកូរ៉េខាងត្បូង។ សមាគមនេះ មានបេសកកម្មបង្កើតនូវសន្តិភាពពិភពលោក តាមរយៈការលើកកម្ពស់របស់យុវជន និងសិស្សនិស្សិត ឲ្យក្លាយជាពលរដ្ឋសកល តាមរយៈការអប់រំចរិតលក្ខណៈ និងការបង្កើតគម្រោងសន្តិភាពដែលគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជន
សម្រាប់បងប្អូនខ្មែរយើង ដែលចង់ចូលរួមទស្សនាពិធីប្រគល់ពានរង្វាន់ YSP Peace Prize ដល់សាយ ក៏ដូចជាកម្មវិធីទាំង២ ខាងលើ សូមចុះឈ្មោះចូលរួមតាមរយៈ Link នេះ៖ iayspasia.org/register-ysrh/ ។ ការចូលរួមក្នុងកម្មវិធីនេះ នឹងធ្វើឲ្យប្រិយមិត្ត ជាពិសេសយុវជនកម្ពុជា ទទួលបានចំណេះដឹងថ្មី ទទួលបានការជំរុញលើកទឹកចិត្ត ការស្វែងយល់ពីវវប្បធម៌ផ្សេងៗនៅជុំវិញពិភពលោក ក៏ដូចជាបានចូលរួមអបអរសាទរដល់វីរយុវជនកម្ពុជាដំបូងគេដែលទទួលបានពានរង្វាន់ YSP Peace Prize នេះ។
គួររំលឹកងផងដែរថា កាលពីខែមករាកន្លងទៅ សាយក៏បានឈ្នះពានរង្វាន់អន្តរជាតិផងដែរ គឺពាន Youth Heroes's Award 2020 ដែលផ្ដល់ដោយ IAYSP។ ការឈ្នះពានរង្វាន់យុរជនឆ្នើមអន្តរជាតិជាបន្តបន្ទាប់នេះ គឺក្រោយពីសាយ បានបង្កើតកម្មវិធី "រត់ដើម្បីសប្បុរសធម៌ជាមួយសាយ" ដែលបានរៃអង្គាសថវិកា បានជាងកន្លះលានដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ។ ការរត់ ៩៩ថ្ងៃ លើចម្ងាយផ្លូវ ២៤០៨គីឡូម៉ែត្រ កាត់ ២១ ខេត្ត-រាជធានី នេះ មិនត្រឹមតែអាចរៃអង្គាសថវិកាជួយសង្រ្គោះជីវិតកុមារបានជាច្រើននាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបណ្ដុះគំនិត ជាការ Inspire ឲ្យយុវជនខ្មែរដទៃទៀត ងាកមកជួយសង្គម ទោះតិច ឬច្រើនក្ដី៕