
- 2021-05-18 03:40:19
- ព័ត៌មាន
ព្រឹកនេះមានព័ត៌មានវិវត្តពីស្ថានភាពរបស់ ស៊ិន ឧត្តមផល្លា ដែលកំពុងតស៊ូនឹងជំងឺមហារីក
- 2021-05-18 03:40:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹកនេះមានព័ត៌មានវិវត្តពីស្ថានភាពរបស់ ស៊ិន ឧត្តមផល្លា ដែលកំពុងតស៊ូនឹងជំងឺមហារីក
ចន្លោះមិនឃើញ
កាលពីប្រមាណ២សប្ដាហ៍មុន ប្រិយមិត្តស្លុតចិត្ត ក្រោយ ស៊ិន ឧត្តមផល្លា បានបើកចំហរឿងនាងមានជំងឺមហារីកដំណាក់កាលចុងក្រោយ ស្របពេលគេឃើញតារាចម្រៀងស្រី ធ្លាក់ខ្លួនស្គមរីងរៃ បង់អស់សម្រស់ដ៏ស្រស់ប្រិមប្រិយពីមុន។ ឥឡូវនេះ មានដំណឹងពីស្ថានភាពវិវត្តរបស់នាងហើយ។
តាមព័ត៌មានដែលទទួលបាន ផល្លា ស្ថានភាពសុខភាពរបស់នាងល្អប្រសើរជាងពីពេលប្រមាណ ២សប្ដាហ៍មុន។ វេលានោះ សូម្បីតែសាមីខ្លួនក៏ស្ទើរតែអស់សង្ឃឹមដែរ រហូតដល់ធ្លោយមាត់ថា ស្ថានភាពរបស់ខ្លួនពេលនេះ មិនដឹងថា អាចរក្សាជីវិតមើលថែកូនបានប៉ុន្មានថ្ងៃទៀតទេ។ ប្រយោគនេះហើយ ដែលធ្វើប្រិយមិត្ត ក៏ដូចជាមិត្តភ័ក្តិជាច្រើនស្លុតចិត្ត និងអាណិត ផល្លា បុគ្គលដែលមានឆន្ទៈសិល្បៈខ្ពស់ ចេះជួយគេឯង មិនសមណាជួបរឿងបែបនេះខ្លួនឯងសោះ។
កាលនោះនៅក្នុងបទសម្ភាសន៍តាមរយៈសារអេឡិចត្រូនិក ផល្លា ប្រឹងនិយាយខ្សាវៗស្ទើរស្ដាប់មិនលឺ។ ប៉ុន្តែនៅពេលថ្មីៗនេះ ស្ថានភាពបានប្រសើរច្រើន។ ស៊ិន ឧត្តមផល្លា អាចនិយាយបានច្បាស់ល្អ បើធៀបនឹងពេលមុន។ តារាចម្រៀងច្រើនភាសា ប្រាប់ថា នាងបានប្រសើរជាងមុន ហើយមានក្ដីសង្ឃឹមក៏ច្រើនជាងពេលមុនដែរ បានមកពីការព្យាបាលទាំងពីរផ្នែក គឺថ្នាំពេទ្យ និងថ្នាំខ្មែរ។
“ឥឡូវនេះ រាងគ្រាន់ ក្បាលវាអត់សូវពើតដូចមុន បើមុនគឺពើតខ្លាំង…ហើយរាល់ថ្ងៃខ្ញុំនៅតែទៅពេទ្យដាក់សេរ៉ូម និងលេបថ្នាំប្រចាំ។ ដោយឡែកថ្នាំខ្មែរដែលគេយកមកអោយ ក៏ហូបដែរ អីចឹងខ្ញុំមិនដឹងថា អាការដែលប្រសើរនេះ បានមកពីការលេបថ្នាំពេទ្យ ឬការផឹកថ្នាំខ្មែរទេ ព្រោះរាល់ថ្ងៃលេបក៏លេប ផឹកក៏ផឹកទាំងពីរ អីចឹងមិនដឹងថា ប្រសើរដោយសារមួយណាទេ!"។ ស៊ិន ឧត្តមផល្លា ថ្លែង។
ស៊ិន ឧត្តមផល្លា បានបាត់មុខពីការងារសិល្បៈតាំងពីពាក់កណ្ដាលឆ្នាំ ២០២០។ ក្រោយមកក៏លេចមុខនាងកោរសក់ អស់រលីងពីក្បាល ហើយនាងបានប្រាប់ថាសារព័ត៌មានថា កោរដើម្បីសងគុណម្ដាយ។ បន្តមកទៀតក៏មានស៊េរីរូបភាពខុសប្រក្រតីជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម។ រូបនោះ គេឃើញផល្លាមានមុខខ្មៅខុសធម្មតា ហើយនាងបានចេញមកអះអាងថា ខ្មៅដោយសារថតក្រោមម្លប់។
ប៉ុន្តែមកមិនយូរប៉ុន្មាន ក៏បានដាច់ចិត្តទម្លាយថា តាមពិតគឺនាងមានជំងឺប្រចាំកាយ មហារីកកូនកណ្ដុរ។ ចុងក្រោយនេះ នាងក៏បាន និងកំពុងជំនះលើការវាយប្រហាររបស់ជំងឺនេះ ក្រោយពីវាបានរាលទៅដល់ខួរក្បាល ដោយសារព្យាបាលតាមវេជ្ជសាស្ត្រទំនើបផង និងថ្នាំខ្មែរផង។ ផល្លាថា នាងមិនទាន់គិតរឿងការងារសិល្បៈអីនោះទេ ប៉ុន្តែបានត្រឹមរក្សាជីវិត ដើម្បីរៀបចំកូនៗទាំងបីឲ្យដល់ត្រើយ មានគ្រួសារគ្រប់គ្នា គឺជាអ្វីដែលនាងចង់បានបំផុតហើយ៕