• 2021-05-25 03:28:40
  • ព័ត៌មាន

វិបត្តិ​កូវីដ​ទុក​មួយ​ឡែក! គ្រួសារ​តារា​ទាំង​៥​ដួង​នេះ កំពុង​ឡូយឆាយ​ជាមួយ​រថយន្ត​សេរី​ទំនើប Jeep តម្លៃ​រាប់ម៉ឺន

  • 2021-05-25 03:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបត្តិ​កូវីដ-១៩ បាន​អូស​បន្លាយ​ជិត​២​ឆ្នាំ​ហើយ។ មិនថា​តែ​ពលរដ្ឋ​សាមញ្ញ សូម្បី​តែ​សិល្បករ-សិល្ប​ការិនី​ខ្មែរ​ដែល​ធ្លាប់​មាន​ចំណូល​ក្រាស​ក្រែល​ពី​អាជីព​រាំ ចម្រៀង និង​សម្ដែង​របស់​ខ្លួន​នោះ​ក៏​បាត់​ចំណូល​ស្ទើរ​ទាំង​ស្រុង​ដែរ ដោយសារ​តែ​កម្មវិធី​កម្សាន្ត សប្បាយ​ត្រូវ​បាន​ផ្អាក។

ដោយឡែក​គ្រួសារ និង​អ្នក​សិល្បៈ​ទាំង​៥​ដួង​នេះ នៅ​តែ​មាន​លទ្ធភាព​ទិញ​រថយន្ត​សេរី​ទំនើប​ៗ ជា​ពិសេស​រយៈ​ពេល​ចុង​ក្រោយ​នេះ​គេ​ឃើញ​តារា​ទាំង​នេះ​បង្ហាញ​ភាព​ឡូយឆាយ​ជាមួយ​នឹង​ឡាន​សេរី​ទំនើប​ម៉ាក Jeep ដែល​មាន​តម្លៃ​ទីផ្សារ​ប្រមាណ​១០​ម៉ឺន​ដុល្លារ។

១/តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​សាន់ដេ កែវ វាសនា បាន​ទិញ​ឡាន Jeepពណ៌​ប្រផេះ សេរី​ឆ្នាំ​២០២១ កាល​ពី​ខែ​មីនា ឆ្នាំ​២០២១។ កែវ វាសនា និង​ភរិយា​ដែល​មាន​កូន​ប្រុស​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ពីរ​នាក់ ធ្លាប់​បង្ហើប​ថា គ្រួសារ​លោក​បាន​កុម្ម៉ង់​ទិញJeep សេរី​ឆ្នាំ​២០២០ មិន​បាន​ក៏​សម្រេច​ទិញ​អា​ផ្សេង​ដែល​មាន​តម្លៃ​ថ្លៃ គឺ​សេរី​២០២១ តែ​ម្ដង។

២/ តារា​សម្ដែង គង់ ច័ន្ទស្រីមុំ បាន​ទិញ​រថយន្ត​ម៉ាកJeep rangler សេរី​២០២០ ពណ៌​លឿង​លាយ​ខ្មៅ កាល​ពី​ដើម​ឆ្នាំ​២០២១ នេះ។ គង់ ចាន់ស្រីមុំ និង​ស្វាមី ព្រម​ទាំង​កូន​ស្រី តែងតែ​បង្ហាញ​ភាព​ស៊ីវិល័យ​របស់​ខ្លួន​ទៅ​កាន់​មហាជន​ជាមួយ​នឹង​ឡាន​ទំនើប​១​គ្រឿង​នេះ។

៣/ តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស រ៉េត ស៊ូហ្សាណា ទទួល​បាន​កាដូ​ពិសេស​មួយ​ពី​ប៉ា-ម៉ាក់ នៅ​ដើម​ឆ្នាំ​២០២១ នេះ។ នោះ​គឺ​ឡាន​ម៉ាក Jeep Robicon សេរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ដែល​ព័ត៌មាន​ខ្លះ​ថា​ឡាន​នេះ​ត្រូវ​បាន​ប៉ា​របស់​នាង​ទិញ​ក្នុង​តម្លៃ​១០​ម៉ឺន​ដុល្លារ។ ហ្សាណា ពេញចិត្ដ​នឹង​កាដូ​នេះ​ខ្លាំង​ណាស់ ដោយ​សូម្បី​តែ​ស្លាក​លេខ​ក៏​មាន​ឈ្មោះ​នាង​ដែរ ហើយ​នាង​បាន​អគុណ​ជា​អនេក​ចំពោះ​ប៉ា-ម៉ាក ដែល​បាន​ផ្ដល់​កាដូ​ជា​ទី​គាប់ចិត្ត​ដល់​ខ្លួន​នា​ពេល​នេះ។

៤/តារា​សម្ដែង និង​ជា​ពិធី​ការិនី ស៊ឹម សូលីកា បាន​ទិញ​រថយន្ត​ម៉ាក Jeep ប្រភេទ​ff road ពណ៌ក្រហម​ឆ្អៅ លាយ​ខ្មៅ​១​គ្រឿង។ ឡាន​នេះ ស៊ឹម សូលីកា បាន​ទិញ​វា​ជា​កាដូ​សម្រាប់​កូន​ស្រី​ពេញ​ក្រមុំ​ឈ្មោះ ស៊ឹម សូលីណា នៅ​អំឡុង​ពេល​ដែល​អ្នក​សិល្បៈ​ភាគ​ច្រើន​ត្អូញត្អែរ​ពី​ការ​បាត់​ប្រាក់​ចំណូល​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩។

៥/តារា​សម្ដែង និង​ម៉ូដែល ឌី សូនីតា មិន​បាន​ប្រាប់​ថា​នាង​ទិញ​រថយន្ត Jeep សេរី​ទំនើប​នឹង​គេ​ទេ ប៉ុន្ដែ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០២១ រូប​នាង និង​កូន​ស្រី​បាន​ថត​បង្ហួត​រាង​ជាមួយ​នឹង​ឡានJeep ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១​គ្រឿង។ ឌី សូនីតា បាន​បញ្ចេញ​រូប​ថត​ទាំង​ក្នុង និង​ក្រៅ​រថយន្ត​ជា​ច្រើន​សន្លឹក​ជាមួយ​នឹង​កូន​ស្រី ដោយ​មាន​ភ្ជាប់​ពាក្យ​ថា"មើល​ម៉ូដែល​បងប្អូន​គេ​ផង​ចាស បងស្រី​ជាមួយ​ប្អូន​ស្រី​ទេ តិច​ច្រឡំ​ចុះ​អ៊ុំ​ពូ​មីង"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី