• 2021-06-04 03:41:50
  • ព័ត៌មាន

ទ្រាំ​៥​ឆ្នាំ​ហើយ ថ្ងៃ​នេះ យឿន ពិសី ថាអយុត្ដិធម៌ ឲ្យ​ជាប់​ធ្វើ​អី​បើ​១​ឆ្នាំ មិន​ដែល​បាន​១​ឆាក​ផង!

  • 2021-06-04 03:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជយលាភី​លេខ​១ ក្នុង​កម្មវិធី​Cambodia's Got Talent ឆ្នាំ​២០១៥ លោក យឿន ពិសី បាន​ចេញ​មក​បរិយាយ​ទាំង​យំសស្រាក់​ថា លោក​អស់​ការ​អត់ធ្មត់​ហើយ​ដោយ​សារថា ជា​ម្ចាស់​ពាន​មាន​ន័យ​អី បើ​លោក​មិន​ដែល​បាន​ឡើង​កម្មវិធី​អ្វី​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ខ្លះ​សោះ ចាប់​តាំង​ពី​លោក​ទទួល​បាន​ពាន។ ម្នាក់​ឯង។

​នៅ​លើ​បណ្ដាញ​សង្គម​Tik Tok លោក យឿន ពិសី ទម្លាយ​ថា រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​រូប​លោក​ដេក​អោប​តែ​ពាន​ហើយ​លួច​សម្រក់​ទឹក​ភ្នែក​ និង​ខំ​អត់ធ្មត់​ជា​ច្រើន​ឆ្នាំ​ដោយ​នឹក​ឃើញ​ថា​នឹង​បាន​ឡើង​ឆាក ឬ​កម្មវិធី​ផ្សេងៗ​ខ្លះ​ បើ​ទោះ​បី​ជា​ស្ថិតនៅ​ក្នុង​ស្ថានភាព​កូវីដ-១៩ ប៉ុន្តែ​ក្នុង​១​ឆ្នាំ​ៗ​លោក​មិន​ដែល​ត្រូវ​បាន​គេ​ហៅ​ទៅ​ច្រៀង​សោះ។

យឿន ពិសី៖"ខ្ញុំ​ចង់​និយាយ​ថា បើ​ពេល​វេលា​អាច​បក​ក្រោយ​បាន​ខ្ញុំ​សុំ​មិន​ជាប់​ល្អ​ជាង...ឲ្យ​ជាប់​ធ្វើ​អី​បើ​១​ឆ្នាំ​មិន​ទាន់​បាន​១​ឆាក...រំពឹង​អី?...រស់នៅ​យ៉ាង​ម៉េច? ខ្ញុំ​ដឹង​ថា​ខ្ញុំ​ពិការ គ្រប់​កម្មវិធី​ទាំង​អស់​មិន​សូវ​ចង់​បាន​ទេ តែ​តាំង​ពី​ខ្ញុំ​ចូល​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នេះ ខ្ញុំ​មិន​ដែល​កំណត់​តម្លៃ​ខ្លួន​ឯង​ថា​ឡើង​ម្ដង​ទទួល​រាប់​ពាន់ ឬ​រាប់​ម៉ឺន​ដុល្លារ​នោះ​ទេ"។

តារា​ចម្រៀង​ពិការ​ភ្នែក យឿន ពិសី ថា​លោក​មិន​ទាន់​អស់ចិត្ដ​ទាល់តែ​សោះ​ពី​តម្លៃ​ពាន​រង្វាន់​លេខ​១​របស់​លោក​ដែល​ទទួល​បាន ប៉ុន្ដែ​វា​បែរ​ជា​អត់​ន័យ​សម្រាប់​លោក​នៅ​ពេល​នេះ។ លោក​ថា វា​អយុត្តិធម៌​សម្រាប់​លោក ព្រោះ​គ្រប់​តារា​ទាំង​អស់​គេ​បាន​ឡើង​ឆាក​ហូរហែ ដោយ​ម្ចាស់​កម្មវិធី​ចុច​ចំ​ឈ្មោះ​តារា​ទាំង​នោះ​រហូត ប៉ុន្ដែ​ចម្លែក​តែ​រូប​លោក​ម្នាក់​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ គេ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​ភាគី​របស់​ទូរស្សន៍​ហង្សមាស ដែល​ជា​ម្ចាស់​រៀប​ចំកម្មវិធី​លំដាក់​ពិភព​លោក​ខាង​លើ​នៅ​ឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់