• 2021-06-07 06:26:39
  • ព័ត៌មាន

ក្រោយ​ម្ចាស់​លុយ មក​រក​រឿង​ដល់​កន្លែង អ៊ីណូ ព្រឹក​នេះ បាន​សង​លុយ​​ហើយ ហើយ​ពោល​ពាក្យ​ប៉ុន្មាន​ឃ្លា​ទៅ​ម្ចាស់​បំណុល!

  • 2021-06-07 06:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ការ​គ្រោង​ទុក​តារា​ចម្រៀង អ៊ីណូ បាន​ទូទាត់​សាច់​ប្រាក់​សុទ្ធ​ចំនួន​១១,៣៥០​ដុល្លារ​អាមេរិក ដល់​ម្ចាស់​បំណុល​ដែល​ធ្លាប់​រកស៊ី​ជាមួយ​គ្នា​នៅ​ម៉ោង​ប្រមាណ​១១ ព្រឹក​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០២១ នេះ បន្ទាប់​ពី​ផ្ទុះ​ការ​វែកញែក​តឹង​សរសៃ​ក​ជាមួយ​នៅ​ចំពោះ​មុខ​អ្នកសារព័ត៌មាន​ល្ងាច​មិញ​នៅ​មុខ​ហ្គារាស​លក់​ឡាន​លោក ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

លោក អ៊ីណូ បាន​ប្រាប់​Sabay នៅ​មុន​នេះ​បន្ដិច​ថា ភាគី​ទាំង​សងខាង​បាន​ជួប​គ្នា និង​ទូទាត់​ប្រាក់​ដែល​បាន​ខ្ចី​នោះ​គ្រប់​ចំនួន​នៅ​ចំពោះ​មុខ​មេធាវី​រួច​ហើយ។ លោក​បាន​ស្នើ​ឲ្យ​ភាគី​ម្ខាង​ទៀត​លុប​ចោល​ទាំង​អស់​នូវ​វីដេអូ​កាល​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា ព្រម​ទាំង​សូម​ឲ្យ​ភាគី​ម្ខាង​ទៀត​បញ្ចប់​នូវ​សកម្មភាព ឬ​វីដេអូ​រិះគន់​ផ្សេង​ៗ​ទៀត​ទៅ​លើ​រូប​លោក។

អ៊ីណូ៖"ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​ពិត​បាន​យឺតយ៉ាវ​បន្តិច​មែន...តែ​ការ​រកស៊ី​វា​តែងតែ​អីចឹង​ហើយ ហើយ​គាប់​ជួន​ស្ទះ​បង្វិល​លុយ​មិន​ទាន់​ក្នុង​អំឡុង​ពេល​កូវីដ-១៩ នេះ។ មិន​គួរ​គាត់​ធ្វើ​អីចឹង...យើង​នឹង​ឃើញ​ថា​គាត់​ក៏​ធ្លាប់​ជា​ដៃ​គូរ​រកស៊ី​ជាមួយ​គ្នា​ដែរ​បាន​យើង​ខ្ចី...ឥឡូវ​ទូទាត់​ចប់​សព្វគ្រប់​ហើយ​អូន"។

តារា​ចម្រៀង​អ៊ីណូ បាន​បើក​ហ្គារា​រកស៊ី​លក់​ឡាន​មួយ​ទឹក​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស​តាំង​ពី​ដើម​ឆ្នាំ​២០២០។ ស្រាប់​តែ​នៅ​ល្ងាច​ថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ​២០២១ ផ្ទុះ​រឿង​លោក​ខ្ចី​លុយ​គេ​១​ម៉ឺន​ដុល្លារ​តាំង​ពី​ខែ​សីហា ឆ្នាំ​២០២០ មិន​ទាន់​បាន​សង​ឲ្យ​គេ ហើយ​ត្រូវ​ម្ចាស់​លុយ លើក​គ្នា​មក​រករឿង​ដោយ​មាន​ទាំង​អ្នក​សារព័ត៌មាន​​ផង​មក​ដល់​ហ្គារ៉ាស់​របស់​លោក។ វេលា​នោះ គេ​ឃើញ​មាន​ការ​ជជែក​វែកញែក​តឹងសសៃក​ដាក់​គ្នា។ ម្ចាស់​លុយ បាន​លើក​ឡើង​ថា តារា​ ជា​មនុស្ស​បោក​ប្រាស់ ដែល​បាន​កុហក​ពួក​គេ​ច្រើន​ដង​រួច​មក​ហើយ ទើប​ពួកគេ​នាំ​គ្នា​មក​ដល់​កន្លែង​ប្រកប​អាជីវកម្ម​របស់ អ៊ីណូ ផ្ទាល់​តែ​ម្ដងបែប​នេះ។

ក្រោយ​ការ​ជជែក​តវ៉ា វែកញែក ម្សិលមិញ អ៊ីណូ បាន​ប្រកាស​ក្នុង​បទសម្ភាសន៍​ឡាយ​លើ​ហ្វេសប៊ុក ថា​នឹង​សង​ប្រាក់​ជូន​ម្ចាស់​គ្រប់​ចំនួន ទាំង​ការទាំង​ដើម​នៅ​ថ្ងៃ​នេះ៕ ក្រោយ​ពី​ដំណឹង​នេះ​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ​លោក អ៊ីណូ បាន​សង​ប្រាក់​គ្រប់​ចំនួន​ដល់​ម្ចាស់​បំណុល ប៉ុន្ដែ​អ៊ីណូ បញ្ជាក់​ថា​ការ​យឺតយ៉ាវ​លុយ​កាក់​ក្នុង​ការ​បង្វិល​សង​គេ​នេះ គឺ​មិន​ដោយសារ​មុខ​ជំនួញ​របស់​លោក​ខាត​បង់​ឡើយ គឺ​អាជីវកម្ម​នៅ​ដំណើរការ​ធម្មតា៕

អត្ថបទ៖ Chin Sopheak

មតិយោបល់