• 2021-06-11 03:01:09
  • ព័ត៌មាន

ចេញ​រឿង យឿន ពិសី ទៅ​បើក​លុយ ៣ ០០០ដុល្លារ​បន្ថែម​ពី​ហង្សមាស

  • 2021-06-11 03:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ពាន Cambodia Got Talent យឿន ពិសី ដែល​បាន​ចេញ​វីដេអូ​យំ​សស្រាក់ ត្អូញ​ថ្ងូរ​ពី​រឿង​ដែល​ថា មាន​ឈ្មោះ​ជា​ម្ចាស់​ពាន ប៉ុន្តែ​មិន​ដែល​មាន​ភ័ព្វ​បាន​ឡើង​ឆាក​ដើម្បី​បាន​កម្រៃ​ខ្លះ​ទប់​ទល់​ជីវភាព​សោះនោះ មាន​ដំណឹង​ថា ថ្មី​ៗ​នេះ​លោក​បាន​មក​ជួប​ថ្នាក់​ដឹកនាំ​របស់​ហង្សមាស និង​បាន​បើក​លុយ​ចំនួន ៣ ០០០ដុល្លារ​អាមេរិក។

តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ចេញ​វីដេអូ​យំ​ស្រែក​លើ​ហ្វេសប៊ុក យឿន ពិសី ក៏​បាន​ចូល​ទៅ​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ផលិតកម្ម​ហង្សមាស។ គេ​មិន​ដឹង​ថា ការ​ចរចា​សម្រេច​ផ្លែ​ផ្កា​អ្វី​ខ្លះ​ទេ ប៉ុន្តែ​ក្រោយ​ជំនួប​នោះ ពិសី បាន​បញ្ចេញ​ឲ្យ​ដឹង​ថា រឿង​រ៉ាវ​បាន​ចប់​សព្វ​គ្រប់​ហើយ​ក្រោយ​ពី​បាន​ជួប​ចរចា​គ្នា​រួចរាល់ ហើយ​រូប​គេ​នឹង​មិន​និយាយ​អ្វី​ពាក់​ព័ន្ធ​នឹង​ហង្សមាស​ទៀត​ដែរ។

សាមី​ខ្លួន​មិន​បាន​និយាយ​អ្វី​វែង​ឆ្ងាយ​ទេ ប៉ុន្តែ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ក្នុង​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹក​របស់​ហង្សមាស លោក មាស រិទ្ធី បាន​បក​ស្រាយ និង​ពន្យល់​ពី​មូលហេតុ​ហេតុអ្វី យឿន ពិសី អត់​មាន​ឆាក​សម្ដែង​សោះ ក្រោយ​ក្លាយ​ជា​តារា​មួយ​រូប​របស់​ហង្សមាស​តាម​រយៈ​ជយលាភី Cambodia got Talent រដូវ​កាល​ទី​១។ លោក បាន​លើក​ឡើង​ថា ហេតុផល​ចម្បង គឺ​មក​ពី​ម្ចាស់​ឧបត្ថម្ភ​ឆាក ឬ​កម្មវិធី​នានា​ទៅ​វិញ​ទេ។

លោក ថា រាល់​ពេល​មាន​គម្រោង​កម្មវិធី​ប្រគំ​តន្ត្រី​ណាមួយ​ដែល​មាន​ម្ចាស់​ឧបត្ថម្ភ គឺ​ខាង​ហង្សមាស រមែង​ដាក់​តារា​របស់​ខ្លួន​ទាំង​អស់​ឲ្យ​ម្ចាស់​ឧបត្ថម្ភ​ជា​អ្នក​រើស​ដោយ​ផ្ទាល់​ថា គេ​ពេញ​ចិត្ត ឬ​ចង់​បាន​តារា​រូប​ណា​ឡើង​កម្មវិធី​ដែល​គេ​បាន​ឧបត្ថម្ភ។ ដូច្នេះ​ហើយ តារា​រូប​ណា បាន​ឡើង ឬ​មិន​បាន​ឡើង គឺ​អាស្រ័យ​លើ​ម្ចាស់​ឧបត្ថម្ភ​នានា​ប៉ុណ្ណោះ។ ក្រៅ​ពី​ពន្យល់​លើ​ចំណុច​នេះ អគ្គនាយករង​ខាង​លើ ក្នុង​ថ្ងៃ​ជួប​ចរចា​ជាមួយ​អគ្គនាយក ពិសី បាន​បើក​ប្រាក់ ៣ ០០០ដុល្លារ​ពី​ហង្សមាស​ផង។

តើ ប្រាក់ ៣០០០ដុល្លារ​នេះ ជា​ប្រាក់​អ្វី? លោក មាស រិទ្ធី បាន​ពន្យល់​ទៀត​ថា នេះ​គឺ​ប្រាក់​រង្វាន់​ផ្ទាល់​របស់ យឿន ពិសី ក្នុង​ចំនួន​សរុប ១០០លាន​រៀល​បាន​ពី​ជយលាភី Cambodian Idol។ យឿន ពិសី ត្រូវ​បាន​ទទួល​ប្រាក់​រង្វាន់ ១០០លាន​រៀល ពី​កម្មវិធី​ខាង​ក្នុង​នាម​ជា​ម្ចាស់​ជយលាភី ដោយ​មិន​បូក​បញ្ចូល​ប្រាក់​រង្វាន់​ពី​ម្ចាស់​ឧបត្ថម្ភ​នានា។ តាម​លោក រិទ្ធី កាលណោះ ពិសី មិន​បាន​បើក​យក​ប្រាក់​រង្វាន់​នេះ​ទៅ​ទុក​នឹង​ខ្លួន​ទេ ពោល​គឺ​ដោយ​សារ​ នៅ​ក្មេង​វ័យ​ផង ពិបាក​ក្នុង​ការ​ទុក​ដាក់ ក៏​បាន​សម្រេច​ផ្ញើ​ទុក​នឹង​ហង្សមាស។

“ប្រាក់​នេះ​ជា​ប្រាក់​របស់​គាត់​ ហើយ​កាល​ណោះ ក្រោយ​ពី​ជាប់​ជយលាភី​ហើយ ខាង​យើង​ក៏​សួរ​ថា គិត​យ៉ាង​ម៉េច​រឿង​ប្រាក់​រង្វាន់​នេះ យក​ទាំង​អស់​ឬ​យ៉ាង​ណា ហើយ​ដោយសារ នៅ​ក្មេង​ផង​អីផង គាត់​ក៏​សម្រេច​​ចិត្ត ផ្ញើ​​ទុក​នៅ​នឹង​ហង្សមាស​យើង ដោយ​សុខ​ចិត្ត​យក​ជា​ខែ​វិញ អីចឹង​ហើយ​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​គាត់​ទេ"។

តាម​ការ​ព្រមព្រៀង​គ្នា យឿន ពិសី នឹង​ទទួល​បាន ក្នុង​១​ខែ ១២៥​ដុល្លារ​អាមេរិក តែ​មួយ​ឆ្នាំ​បើក​ម្ដង។ ហេតុផល​នេះ ក៏​ជា​ការ​សម្រេច​ចិត្ត​របស់​តារា​ចម្រៀង​ដែរ ដោយ​សារ​ថា រូប​គេ​នៅ​កំពង់ចាម​ពិបាក​ឡើង​មក​បើក​រាល់​ខែ​ខាត​សោហ៊ុយ។ ម្ចាស់​ជយលាភី​រូប​នេះ បាន​បើក​ទៀង​ទាត់​រហូត​មក​តាម​ចំនួន​ព្រមព្រៀង​គ្នា។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​បាន​មក​បើក​ខុស​ពី​ការ​ព្រមព្រៀង​គ្នា។

លោក មាស រិទ្ធី បាន​ថ្លែង​ថា "លើក​នេះ គាត់​មក​សុំ​បើក​ខុស​ពី​កិច្ច​សន្យា​បន្តិច ចំនួន ៣ ០០០​ដុល្លារ ដោយ​សារ​ថា ភរិយា​គាត់​ជិត​ឆ្លង​ទន្លេ ហើយ​ខាង​យើង​ក៏​បើក​ឲ្យ​ទៅ​មិន​អី​ទេ ព្រោះ​ជា​លុយ​របស់​គាត់​តើ..!”។ ទឹក​ប្រាក់ ៣០០០ដុល្លារ​នេះ គឺ​ស្មើ​នឹង​ជិត ២ឆ្នាំ នៃ​ប្រាក់​រង្វាន់បើក​តាម​ខែ(១២៥ដុល្លារ​ក្នុង​១​ខែ) ដែល​បាន​ព្រមព្រៀង​គ្នា​ពី​ដំបូង។ ហេតុ​នេះ តាម​អគ្គនាយក​រង​ដដែល​ថា យឿន ពិសី នៅ​អាច​បើក​ប្រាក់​នៅ​សល់​ចំនួន ២​ឆ្នាំ​បន្ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម