• 2021-06-14 04:47:56
  • ព័ត៌មាន

ណុប បាយ៉ារិទ្ធ៖ បង​ជា​សះស្បើយ​១០០% ហេតុ​អី​បង​ធ្វើ​ការ​វិញ​អត់​បាន?

  • 2021-06-14 04:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ចាស់​វស្សា​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក ណុប បាយ៉ារិទ្ធ នៅ​តែ​រង​សម្ពាធ​ផ្លូវចិត្ត និង​រើសអើង​ពី​ប្រិយមិត្ត​ខ្លះ​ទាក់ទង​នឹង​លោក​ភ្លាត់​ខ្លួន​ឆ្លង​មេរោគ នៃ​ជំងឺ​កូវីដ-១៩ កាល​ពី​ដើម​ឆ្នាំ​២០២១។ មុន​ឡើង​ឆាក​ប្រគុំតន្ដ្រីមួយកាលពីពេលថ្មីៗនេះ លោក​បាន​ព្រលះ​អ្នក​រើសអើង​លោក​យ៉ាង​ចាស់​ដៃ។

លោក ណុប បាយ៉ារិទ្ធ ចោទ​ជា​សំណួរ​ថា ប្អូន​ៗ​ដែល​ពូកែ​ទើស ឬ​អ្នក​ទើស​ជា​អាជីព​នោះ នឹង​បាន​ផល​អ្វី​មក​វិញ? លោក​ថា លោក​ជា​អតីត​អ្នក​ជំងឺ​កូវីដ-១៩ មែន ប៉ុន្ដែ​លោក​ព្យាបាល​បាន​ជាសះស្បើយ ហើយ​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​ពី​ពេទ្យ​ទៀត។

លោក ណុប បាយ៉ារិទ្ធ៖"បង​ជា​សះស្បើយ​១០០% តាំង​ពី​ថ្ងៃ​ទី១៤ ខែ​មេសា ហេតុ​អី​បង​ធ្វើ​ការ​វិញ​អត់​បាន?...ហេតុ​អី​ក៏​រើសអើង​យ៉ាង​ហ្នឹង! ចុះ​បើ​ធ្លាក់​លើ​អូន​ឯង​វិញ អូន​ឯង​គិត​ម៉េច?"។

មុន​ឡើង​ឆាក​តារា​ចម្រៀង​រូប​នេះ បាន​បង្ហោះ​រូប​ថត​របស់​ខ្លួន ហើយ​ប្រកាស​ថា ជួប​ជាមួយ​លោក​ថ្ងៃ​នេះ ក្នុង​ការ​ប្រគុំ​តន្រ្ដី​ភេជ្ជៈ​ប៉ូវកម្លាំង​Carabao នៅ​ស្ទូឌីយោ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ចាប់​ពី​ម៉ោង​១១​ព្រឹល​តទៅ។ គេ​មិន​បាន​ដឹង ឬ​ឃើញ​សារ​រិះគន់​នោះ​យ៉ាង​ណា​ទេ ប៉ុន្ដែ​លោក ណុប បាយ៉ារិទ្ធ ចាត់​ទុក​ថា​នេះ​ការ​រើសអើង​រូប​លោក​ធ្លាប់​ឆ្លង​ជំងឺ​កូវីដ-១៩ ហើយ​លោក​បញ្ជាក់​ថា"បើ​អាច​សុំ​កុំ​ឲ្យ​លោក​ឃើញ​នូវ​សារ​រើសអើង​ពី​ប្អូន​ៗ​ទាំង​នោះ​ទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់