• 2021-06-15 03:31:10
  • ព័ត៌មាន

មិន​ដឹង​មាន​មូលហេតុ​អី? ដេននី ក្វាន់ ប្រកាស​ចេញ​ថត​រឿង​ឡើង​វិញ តែ​បដិសេធ​ការ​ថត​ម៉ូត

  • 2021-06-15 03:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ស៊ិចស៊ី ដេននី ក្វាន់ ដែល​ទើប​ផ្ទុះ​ចាប់​អារម្មណ៍​ជា​ថ្មី​ក្រោយ​មាន​ក្ដីក្ដាំ​ជាមួយ​ម្ចាស់​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ បាន​បង្ហើប​ថា​នាង​នឹង​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។ នាងថា​ថត​ភាពយន្ត​ខ្នាត​ធំ ឬរឿង​ភាគ ប៉ុន្តែ​នាង​បដិសេធ​មិន​ទទួល​សម្រាប់​ការ​ថត​ម៉ូត ឬ​ស្ពត​ពាណិជ្ជកម្ម​ឡើយ។

កន្លង​ទៅ​នាង​ធ្លាប់​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា នាង​អាច​នឹង​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ពេញ​លេញ​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ ប៉ុន្តែ​គិត​មក​ដល់​ខែ​មិថុនា​​ នេះ គេ​មិន​ទាន់​ឃើញ​នាង​ចេញថត ឬ​បង្ហាញរឿង​ដំបូង​ដែល​នាង​ចាប់​ផ្ដើម​ថត​ឡើង​វិញ​នោះនៅឡើយ​ទេ។ ជុំវិញ​បញ្ហា​នេះ ដេននី ក្វាន់ បាន​បញ្ជាក់​ប្រាប់ Sabay យ៉ាង​ខ្លី​ថា"ខ្ញុំ​នឹង​ចាប់​ផ្ដើម​ថត​ឆាប់​ៗ​នេះ​ហើយ តែ​ខ្ញុំ​អត់​ថត​ខាង​ដើរ​ម៉ូត​ទេ"។

បញ្ជាក់​បាន​ត្រឹម​នេះ ប្រព័ន្ធ​ទូរស័ព្ទ​ក៏​រអាក់រអួល​ដាច់​បាត់​ទៅ ហើយទូរស័ព្ទទៅម្ដងទៀតក៏លែងចូល។ ក្រោយ​មក​ទៀត Sabay បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​តារា​ស្រី​រូប​នេះ​ជា​ច្រើន​ដង តែ​នាង​លែង​ទទួល។ គិត​ត្រឹម​ថ្ងៃ​ទី១៥ ខែ​មិថុនា Sabay មិន​ទាន់​អាច​ទាក់ទង​កញ្ញា ដេននី ក្វាន់ ដើម្បី​សួរ​លម្អិត​ថា​ពេលនេះមាន​ក្រុមហ៊ុន ឬ​ផលិតកម្ម​ណា​មួយ​មក​ទាក់​ទង​នាងថត ឬ​នៅ? ហើយ​រឿង​ដំបូង​ដែល​នាង​ត្រូវ​ថត​ក្នុង​ឆ្នាំ​២០២១ នេះ ​គឺ​ជា​រឿង​អ្វី​នៅ​ឡើយ​ទេ។

ដេននី ក្វាន់ បាន​ឃ្លាតឆ្ងាយពីសិល្បៈ ហើយងាកទៅចាប់យកអាជីពលក់គ្រឿងសម្អាង និង​លក់គ្រឿងសង្ហារឹមដែលចំណាយទុនរាប់ម៉ឺនដុល្លារ​អស់រយៈពេលប្រហែល១ឆ្នាំ។ ការផ្អាករបស់នាង ក្រោយ​ពី​រង​ការ​ព្រមានធ្ងន់ៗលើរូបនាង ក្រោយពីនាង​បញ្ចេញ​រូប​ថត​ស៊ិចស៊ី​ហួសហេតុដែល​ធ្វើឲ្យមហាជនផ្ទុះការរិះគន់ ហើយក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈក៏ចាត់​ទុក​ថា​វាជា​រូប​ភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​នារី​ខ្មែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់