• 2021-06-15 07:45:06
  • ព័ត៌មាន

មាន​តែ​ពាក្យ​ "ស្ដាយណាស់"! ក្រោយ​បាត់​បង់​មរតក​មនុស្ស​រស់ ឯម ធាយ ឥឡូវ​យើង​បាត់​អ្នក​បន្តវេន​ល្ខោនខោល​វ័យ​ក្មេង​ម្នាក់​ទៀត​ទៅ​ហើយ!

  • 2021-06-15 07:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​តែ​មួយ នៃ​ការ​លាកចាក​របស់​លោក​យាយ​សាស្ត្រាចារ្យ​ទេវនាដនិម្មិត ឯម ធាយ ក៏​មាន​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​ទៀត​បាន​កើត​ឡើង​ចំពោះ​គ្រួសារ​សាស្ត្រាចារ្យ ផុន សុភាព ដែល​បង្រៀន​នៅ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ។ កូន​ប្រុស​បង្កើត​របស់​លោក​ឈ្មោះ ភាព សុវណ្ណ​កក្ដដា បាន​ស្លាប់​ដោយសារ​ខ្យល់​គរ​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មិថុនា នេះ​ដែរ។

លោក ផុន សុភាព បាន​ប្រាប់​Sabay នៅ​មុន​នេះ​បន្ដិច​ថា សព​កូន​ប្រុស​របស់​លោក​កំពុង​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​លោក​ផ្ទាល់ ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ។ សព នឹង​តម្កល់​ធ្វើ​បុណ្យ​រហូត​ដល់​ម៉ោង​២​រសៀល ថ្ងៃ​ទី១៦ ខែ​មិថុនា ទើប​ហែ​ទៅ​បូជា​នៅ​វត្ដ​កប់​ស្រូវ។

លោក ផុន សុភាព៖"**យប់​មិញ​គាត់​(សុវណ្ណ​កក្កដា)តិច​ទេ ដល់​ហើយ​ព្រឹក​មិញ​ម៉ោង​ប្រហែល​៩​ឲ្យ​គេ​កោសខ្យល់ ហើយ​ក៏​ឲ្យ​លេប​ថ្នាំ ក៏​ស្រាប់​តែ​គាំង​យក​បណ្ដោយ! ខ្ញុំ​សោកស្ដាយ​ណាស់...បាត់​បង់​ធនធាន​សិល្ប​ម្នាក់​ទៀត​ហើយ។ ឥឡូវ​មាន​តែ​គ្រូ​ៗ​សាលា​វិចិត្រ​សិល្បៈ និង​មិត្តភ័ក្ដិ​របស់​គេ​ខ្លះ​បាន​មក​ចូល​បុណ្យ"។

បើ​តាម​លោក ផុន សុភាព យុវជន ភាព សុវណ្ណ​កក្កដា បាន​ចូល​ហាត់​រៀន​ជំនាញ​ល្ខោន​ខោល​តាំង​ពី​២០០៨ ហើយ​រូប​គេ​បាន​ចេញ​សម្ដែង​តាម​កម្មវិធី​របស់​ជាតិ​ជា​ច្រើន​មាន​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។ ភាព សុវណ្ណ​កក្កដា កំពុង​សិក្សា​នៅ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ​ផ្នែក​ល្ខោនខោល។ បច្ចុប្បន្ន​អ្នក​បន្ដ​វេន​ល្ខោន​ខោល​រូប​នេះ មាន​វ័យ​១៥​ឆ្នាំ ប៉ុន្ដែ​ជា​អកុសល្យ​លោក​បាន​បាន​ចែកឋាន​ទៅ​លោក​ខាង​មុខ​ដោយសារ​តែ​ជំងឺ​ខ្យល់​គ​នៅ​ព្រឹក​មិញ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់