- 2021-06-24 04:05:32
- ព័ត៌មាន
ស្រណោះ ផល្លា រូបកាយបាត់ទៅហើយ តែហ្វេសប៊ុកនៅលេងរាល់ថ្ងៃ ប្រិយមិត្តឆ្ងល់ថាជានរណា?
- 2021-06-24 04:05:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រណោះ ផល្លា រូបកាយបាត់ទៅហើយ តែហ្វេសប៊ុកនៅលេងរាល់ថ្ងៃ ប្រិយមិត្តឆ្ងល់ថាជានរណា?
ចន្លោះមិនឃើញ
ស៊ិន ឧត្តមផល្លា ដែលបានបន្សល់អនុស្សាវរីយ៍ល្អៗជាច្រើនមុនពេលបែកកាយរំលាយឋាននោះ រឹតតែធ្វើឲ្យប្រិយមិត្តជាច្រើនស្រណោះនៅគ្រាចុងក្រោយ បន្ទាប់ពីគេឃើញហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងនៅតែលេងជាធម្មតារាល់ថ្ងៃ។
នៅរយៈកាលចុងក្រោយ គណនីហ្វេសប៊ុក របស់ ស៊ិន ឧត្តមផល្លា ត្រូវបានគេឃើញនៅតែមានសកម្មភាពធម្មតា ដោយមានការបង្ហោះរូប និងការស៊ែរឡើងវិញនូវរូបភាពពីអតីតកាលបន្តបន្ទាប់ ។ សកម្មភាពទាំងនោះ ពេលខ្លះ គេឃើញសកម្មភាពពីការងាររកស៊ីរបស់នាង ពេលខ្លះគេឃើញពីវីដេអូលេងកម្សាន្តរបស់នាង ដែលជាមនុស្សចូលចិត្តចែករំលែករឿងរ៉ាវសប្បាយៗទៅកាន់ប្រិយមិត្ត ខណៈគេកម្រឃើញនាងបង្ហោះសារពីការកើតទុក្ខ ឬវិបត្តក្នុងចិត្តណាមួយជាសាធារណៈណាស់។
ចំណុចនេះ កាលនៅមានជីវិត ក្នុងបទសម្ភាសន៍ជាមួយ Sabay នាងធ្លាប់ប្រាប់ថា អ្នកណាក៏ដូចគ្នា តែងមានរឿងពិបាក ឬវិបត្តិក្នុងចិត្ត តែនាង មិនចូលចិត្តយករឿងទាំងនោះ មកបង្ហោះលើបណ្ដាញសង្គមឲ្យគេឯងដឹងលឺនោះទេ។ នាងថា ជារឿងមិនចាំបាច់ ម្យ៉ាងនាងគ្រាន់តែចង់ឲ្យប្រិយមិត្តរបស់នាងបានរីករាយនឹងសកម្មភាពទាំងឡាយរបស់នាង ហើយមានអនុស្សាវរីយល្អៗនឹងគ្នាបានហើយ។
ក្នុងហេតុផលដូចគ្នានេះ សូម្បីតែវេលាធ្លាក់ខ្លួនឈឺ ក៏ ស៊ិន ឧត្តមផល្លា ព្យាយាមលាក់លៀមជាង ១ឆ្នាំ រហូតដល់ មិត្តភ័ក្ដិម្នាក់ គឺកញ្ញា គង់ ច័ន្ទសូរិយា ទប់ចិត្តលែងបាន ក៏ចេញមកទម្លាយប្រាប់ប្រិយមិត្ត ក្នុងពេលដែលតារាចម្រៀងស្រីរូបនេះ ជំងឺធ្វើទុក្ខដល់តំណាក់កាលចុងក្រោយទៅហើយ ហើយទីបំផុតនាងក៏បានលាប្រិយមិត្តទាំងអស់គ្នាទៅកាន់ភពថ្មីទាំងគួរឲ្យសោកស្ដាយ។
ចុងក្រោយនេះ គេនៅបានត្រឹមឃើញ សកម្មភាព និងអនុស្សាវរីយនៅលើបណ្ដាញសង្គម ដែលមើលទៅ ហាក់ដូចនាងនៅរស់រវើក។ ចំណុចនេះ បាននាំប្រិយមិត្តរឹតតែស្រណោះ និងចោទសួរថា នរណាជាកាន់ហ្វេសប៊ុករបស់ ផល្លា បង្ហោះរូបឡើងរាល់ថ្ងៃ។ "សូមអ្នកកាន់accគាត់ជួយ ឡើងCaptionប្រាប់ពីគោលបំណងដែលនៅតែកាន់អោយaccគាត់activeផងដើម្បីកុំអោយមានការយល់ច្រឡុំ...សែនស្រណោះបងស្រី!”។ សាររបស់ ប្រិយមិត្តម្នាក់។
ចំពោះរឿងនេះ កញ្ញា គង់ ច័ន្ទសុរិយា មិត្តភ័ក្ដិស្និទ្ធស្នាលម្នាក់របស់នាង បានឲ្យដឹងថា សកម្មភាពដែលប្រិយមិត្តនៅឃើញលើបណ្ដាញសង្គម គឺម្ដាយរបស់ ផល្លា ជាអ្នកធ្វើ។ សុរិយា បានថ្លែងថា ម្ដាយ ផល្លា នឹកកូនស្រីខ្លាំងពេក ទើបគាស់កកាយអនុស្សាវរីយ៍កូនស្រីឡើងវិញតាមបណ្ដាញសង្គម។ "ចាស...ម្ដាយគាត់អ្នកកាន់ គាត់នឹកកូនស្រីពេក!”។
ស៊ិន ឧត្តមផល្លា បានលាចាកលោកកាលពីថ្ងៃទី ២៨ ឧសភា ២០២១ ដោយសារជំងឺមហារីកកូនកណ្ដុរ ដែលបានរាលដាលចូលដល់ខួរក្បាល។ មរណភាពរបស់ ផល្លា បានបន្សល់នូវការសោកស្ដាយ អាឡោះអាល័យ ព្រោះកាលនៅមានជីវិត តារាស្រី ធ្វើតែរឿងល្អៗ និងបានជួយការលំបាកដល់មនុស្សជាច្រើនទាំងក្នុង និងក្រៅរង្វង់សិល្បៈ៕