• 2021-06-25 01:21:02
  • ព័ត៌មាន

ហេតុផល ១០យ៉ាងនាំចិត្តគ្រប់គ្នាផ្ដល់ក្ដីស្រឡាញ់ពេញទំហឹងចំពោះ Lee Do Hyun

  • 2021-06-25 01:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ Lee Do Hyun ដែល​គ្រប់គ្នា​ចាប់​ចិត្តខ្លាំង​ឡើងៗ ពេល​សម្ដែង​រឿង «Youth Of May» បានអន្ទងចិត្តអ្នក​តាមដាន​រឿង​ឲ្យ​លង់​ស្នេហ៍​ ព្រមទាំង​ពេញ​ចិត្តតួ​របស់​លោក​ច្រើន​មិនធម្មតា។ តាំងពីសមត្ថភាព​សម្ដែង បូកផ្សំ​នឹង​ចរិតពិត​របស់​​ Do Hyun ពិត​ជា​មិនអាច​ធ្វើឲ្យ​មហាជន​ព្រងើយ​មិនពេញ​ចិត្ត​មិនបាន​ឡើយ។

ប៉ុន្តែ​ដើម្បី​ជា​ការ​បញ្ជាក់​កាន់​តែ​ច្បាស់​ថា​ ហេតុ​អ្វី​តារា​ប្រុស​កើត​ឆ្នាំ ១៩៩៥រូបនេះ​ ឆាប់ឡើងកូដ​លឿន​បែប​នេះ?

១. លោក​គឺជា​តារា​សម្ដែង​មាន​សមត្ថភាព​អស្ចារ្យ

Do Hyun ចូល​សិល្បៈតាំង​ពី​ ៤​ឆ្នាំមុន​មកម្ល៉េះ ប៉ុន្តែ​ពេល​សម្ដែង​រឿង «Hotel Del Luna» ដើរជា​តួ​ឯករង គឺ Go Chung Myung កេរ្តិ៍ឈ្មោះ​របស់លោក​កាន់​តែ​ឡើងស្រឺតៗ រហូត​មាន​ឱកាស​បាន​ក្លាយជា​តួ​ឯកធំដំបូង​ ក្នុងរឿង «18 Again» ជាមួយ Kim Ha Neul ហើយឈ្នះ​ពាន​តារា​ប្រុស​ឆ្នើម​ទៀតឆ្នាំ​នេះ។

២. Lee Do Hyun ជា​មនុស្សដែល​មាន​ចរិត​ស្លូត

បើ​សិន​ជា​អ្នក​ធ្លាប់​បាន​ទស្សនា​ឈុត​ក្រៅ​ឆាក​របស់ Do Hyun ក្នុង​កម្មវិធី "Running Man” និង "Ask US Anything” ជា​ដើម នោះ​នឹង​ជ្រាបច្បាស់ថា​បុរស​ម្នាក់​នេះ​មាន​ចរិតស្លូតបូត និង​ស្រស់ស្រាយ និងពូកែ​លេង​សើចកម្រិតណា។

៣. លោក​បាន​សម្ដែង​ប្រភេទ​តួ​ច្រើនណាស់ មិនថា Fantasy, រឿងបែប​ភ័យ​រន្ធត់ អភិនិហារ ស៊ើបអង្កេត កម្សត់ មនោសញ្ចេតនា​ស្នេហា កំប្លែង និង​រឿង​បែប Melodrama ក៏​ Do Hyun ធ្លាប់ជួប​ហើយអស់ដែរ។

៤. លោកអាច​លេង​ព្យ៉ាណូ​បាន! ដូច​ក្នុង​វីដេអូ​ក្រៅ​ឆាក​ពេល​ថត​រឿង «Youth Of May» លោក​ក៏​បាន​បង្ហាញសមត្ថភាព​លេងព្យ៉ាណូផ្ទាល់​ដែរ ដែល​នេះ​មិនសរសើរ​មិន​បាន​ឡើយ។

៥. សំឡេង​ពោរពេញ​ទៅ​ដោយ​ទឹក​ដម ទាក់ចិត្តខ្លាំង​ជាងគេអ្នក​ស្នេហាវិស័យ K-Drama

មិនត្រឹម​តែ​មាន​មុខមាត់​ស្អាតបាតទេ សូម្បី​តែ​សំឡេង​របស់ Do Hyun ក៏​ធ្វើ​ឲ្យមនុស្សជា​ច្រើន​លាន់មាត់ថា​បង្កប់មន្តស្នេហ៍ដែរ ហើយសំឡេង​ និង​សម្ដី​សំដៅនិយាយស្ដីនេះហើយសុទ្ធតែ​កើតចេញ​ពីការ​បណ្ដុះ​បណ្ដាលពិតៗ ចេញពីសាលាសិល្បៈ។

៦. លោកជាអ្នក​ដែល​ដោះ​បំណុល​ឲ្យគ្រួសារ

ស្ថិតក្នុង​បទសម្ភាស​មួយ​ជាមួយ​នឹង Equire Korea លោក​បាន​បង្ហើប​ថា​គ្រួសារធ្លាប់​ជួប​វិបត្តិជំពាក់​បំណុល​គេ ហើយ​ជួប​ឧបសគ្គ​ច្រើនណាស់។ លោកធ្លាប់​ប្រាប់​ថា​ លោក​មាន​ប្អូន​ប្រុស​ជា​ជនពិការ ជាហេតុក្លាយជា​បន្ទុក​ធំ​សម្រាប់​ឪពុកម្ដាយ​ក្នុង​ការ​មើលថែ និង​រក​លុយ​មក​ចិញ្ចឹម​កូន​ទាំង ២។ ដូចនេះ​នៅ​ពេល Do Hyun ធំ ឡើង និងមានវាសនា​ក្លាយជា​តារា ទើប​លោក​អាច​រក​លុយ​សន្សំ​បាន​សង​បំណុល​គេ​អស់ ហើយលោកក៏សង្ឃឹម​ថា​អាច​ជួយ​សម្រួល​ម្ដាយឪពុក​ និង​មិនចង់​ឲ្យលោកទាំង ២​ហត់ធ្វើការ​រក​លុយ​ទៀតទេ។

៧. ជាបងប្រុសដ៏ល្អរបស់ប្អូន

ដោយសារ​ប្អូន​ជា​ជនពិការ ដូចនេះ​ផ្លូវ​ចិត្ត​ក៏​មិនសូវជា​រឹង​ពឹង​ និងស្វាហាប់​ពេលស្ថិតនៅមជ្ឈដ្ឋាន​ខាងក្រៅ​ដែរ។ ដោយហេតុនេះ​ហើយទើប Do Hyun ងើប​ឈរ​ពើងទ្រូង​ការពារប្អូន មិនឲ្យអ្នក​ណា​ហ៊ាន​មក​មើលងាយ​ ឬ​ធ្វើ​បាប​ឡើយ។

៨. លោកគឺជា​អត្តពលិក

លោកធ្លាប់​ប្រាប់ថា​ លោក​ក៏​ជា​កីឡាករបាល់បោះ​ដែរ ហើយ​នេះ​ក៏​ជា​កីឡា​ដែល​លោក​ឧស្សាហ៍លេង​ជាមួយ​មិត្តភ័ក្តិ​កាល​រៀន​នៅ​ថ្នាក់​វិទ្យាល័យដែរ។

៩. Do Hyun ជា​មនុស្ស​មាន​ជំនឿ​ចិត្តលើ​ខ្លួនឯង

តាំង​ពី​ដឹង​ក្ដី​មក​ លោក​បាន​ចូល​រៀន​នៅ​សាលា​សិល្បៈ ហើយមាន​ជំនឿចិត្តលើ​ខ្លួនឯង​ថា​លោក​អាច​ធ្វើបាន ដោយសារ​ខ្លួន​ក៏​មាន​រូបរាង​មុខមាត់សង្ហា​គ្រាន់បើ បូក​នឹង​សមត្ថភាព​សម្ដែងទៀត ដូចនេះគ្មាន​អ្វី​ដែល​លោក​ត្រូវរួញរាទេ។

១០. មហិច្ឆតាក្នុងការ​សម្ដែង​របស់ Lee Do Hyun ពិតជា​ធំធេង

កាលពី​មុន ឪពុក​របស់​លោកក៏ធ្លាប់​បដិសេធ​សំណើសុំ​ចូល​សិល្បៈរបស់ Do Hyun ដែរ ជាហេតុ​លោកត្រូវ​ទៅលួច​សុំម្ដាយ​ទៅ​រៀន​នៅសាលាសិល្បៈ និង​លាក់មិនឲ្យឪពុកដឹងតាំងពី​រៀនវិទ្យាល័យ រហូត​ដល់ចូល​សាកល។ រហូត​ដល់ថ្ងៃ​មួយ​ពេល​ឃើញ​កូន​សម្ដែង​បាន​ល្អ និងយល់ពីកូន​កាន់​តែ​ច្រើនទើប ឪពុកកាន់​តែ​លើកទឹកចិត្តកូនឲ្យធ្វើឲ្យបាន​កាន់តែល្អ៕

​​​

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម