• 2021-06-30 02:27:48
  • ព័ត៌មាន

ករុណា ពេជ្រ បង្ហើប​គម្រោង​រៀបការ​ហៅ​ភ្ញៀវ​យ៉ាង​តិច​៤០០​តុ!

  • 2021-06-30 02:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​នារី​ណា​ម្នាក់ តារា​ចម្រៀង​ប្រុស​ជួរ​មុខ​របស់​ផលិតកម្ម​ថោន ករុណា ពេជ្រ ទម្លាយ​ថា​តាម​ពិត​រូប​លោក​ត្រូវ​គិតគូរ​រឿង​រៀបការ​តាំង​ពី​៦​ឆ្នាំ​មុន​មក​ម្ល៉េះ ពោល​គឺ​មុន​ពេល​ដែល​វិបត្តិ​កូវីដ-១៩ ប៉ុន្តែ​ដោយ​លោក​ប៉ា​របស់​លោក​ធ្លាក់​ខ្លួន​ឈឺ​លោក​ក៏​សម្រេច​ផ្អាក​វា​ទៅ​វិញ។

លោក ករុណា ពេជ្រ ដែល​ទើប​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នារី​នៅ​ខេត្ត​កំពង់​ស្ពឺ​ម្នាក់ តែ​លោក​អះអាង​ថា​គ្រាន់​តែ​ជា​អ្នក​ស្គាល់​គ្នា​ធម្មតា​នោះ បាន​ប្រាប់​Sabay ថា លោក​មិន​ទាន់​ជ្រះស្រឡះ​ចិត្ត​ក្នុង​ការ​គិតគូរ​រឿង​ស្នេហា​ឡើង​វិញ​នៅ​ឡើយ​ទេ ព្រោះ​លោក​ត្រូវ​ចំណាយ​ពេល​ច្រើន​លើ​ការ​មើល​ថែ​លោក​ប៉ា។

ករុណា ពេជ្រ៖"ចាស់​ទុំ​អី...គិតគូរ​រឿង​ហ្នឹង​តាំង​ពី​៥-៦​ឆ្នាំ​មុន​ណោះ តែ​ដល់​ប៉ា​គាត់​ឈឺ​ទៅ​ក៏​ផ្អាក។ គិត​មក​ដល់​ពេល​បើ​ខ្ញុំ​ការ គឺ​ការ​ជា​រៀប​ប្រពៃណី​បុរាណ​ខ្មែរ​ទាំង​អស់ ហើយ​ភ្ញៀវ​ខ្ញុំ​នឹង​ហៅ​យ៉ាង​តិច​៤០០​តុ តែ​វា​អាច​ទៅ​រួច​ទាល់​តែ​ពេល​ស្ថានភាព​ជំងឺ​កូវីដ-១៩ ស្ងប់ស្ងាត់។ម្យ៉ាង​ចាំ​អត់​ពី​ប៉ា​ទៅ​ចាំ​គិត​រឿង​ហ្នឹង​ទៀត"។

ក្រៅ​ពី​បង្ហាញ​រូប​ថត​ស្និទ្ធស្នាល​ជាមួយ​ប៉ា និង​មិត្ត​រួម​ការងារ តារា​ចម្រៀង​មាឌ​ស្ដើង សម្បុរ​ស​រូប​នេះ កម្រ​នឹង​ថត​រូប​បង្ហាញ​ភាព​ផ្អែម​ល្ហែម​ជាមួយ​នារី​ណា​ណាស់ ប៉ុន្តែ​ថ្មី​ៗ​នេះ​លោក​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល ដោយ​រូប​លោក​បាន​បង្ហាញ​រូប​ថត​ស្និទ្ធស្នាល​ជា​ច្រើន​សន្លឹក និង​បង្ហោះ​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ជាប់​ៗ​គ្នា។ អ្នក​គាំទ្រ​ខ្លះ ងឿងឆ្ងល់​ថា តើ​នេះ​ជា​គូរ​សង្សារ​របស់​ករុណា ពេជ្រ ឬ? តែ​លោក​ថា​នារី​ដែល​លោក​កាន់​ដៃ​នោះ គឺ​គ្រាន់​តែ​ជា​អ្នក​ស្គាល់​គ្នា​ប៉ុណ្ណោះ។

បច្ចុប្បន្ន​លោក ករុណា ពេជ្រ មាន​វ័យ​ជិត​៤០​ឆ្នាំ​ហើយ។ ក្រៅ​ពី​ចំណាយ​ពេល​លើ​ការងារ​សិល្បៈ លោក​ក៏​ចំណាយ​ពេល​ច្រើន​លើ​ការ​មើល​ថែ​លោក​ប៉ា​របស់​លោក​ធ្លាក់​ខ្លួន​ឈឺ​នៅ​តែ​លើ​រទេះរុញ​ដោយសារ​ជំងឺ​លើស​ឈាម​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម