• 2021-07-02 04:27:49
  • ព័ត៌មាន

Song Joong Ki ត្រូវអ្នកជិតខាងព្រួតរិះគន់យ៉ាង​ដំណំ ព្រោះធ្វើផ្លូវតាមតែចិត្ត រហូតប៉ះពាល់ផ្ទះគេឯង

  • 2021-07-02 04:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​ការ​ចេញ​ផ្សាយ​របស់វិបសាយ Newsen បានឲ្យដឹង​ថា​ Song Joong Ki ត្រូវ​រងការ​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​ការ​សាងសង់​ខុសច្បាប់​របស់​លោក​ សម្រាប់​ផ្ទះ​នៅ Itaewon ដោយ​បាន​ធ្វើ​ផ្លូវ និង​បង្ក​ជាការ​ខូចខាត ដល់​ទ្រព្យសម្បត្តិរបស់ប្រជាជន​រស់​នៅ​ក្នុងតំបន់​នោះ​ទៀតផង។

វិបសាយ​ខាងលើ​ បាន​ឲ្យ​ដឹង​ថា​ តារា​ប្រុស​រូបនេះ​កើតមាន​ជម្លោះ​ជាមួយ​នឹង​អ្នកជិតខាង​ ដោយសារលោក​បាន​ធ្វើ​ផ្លូវដែល​នៅ​ជាប់ផ្ទះ​របស់ខ្លួន​ ដោយ​គ្មាន​ការ​អនុញ្ញាតិពីអ្នកភូមិផងរបងជាមួយ​ដែល​រស់នៅ​ក្បែរនោះ។ អ្នកភូមិ​ម្ដុំ​នោះ​បាន​នាំគ្នា​ត្អូញត្អែរថា​ Song Joong Ki កំពុងកែមុំផ្លូវ លើកឲ្យខ្ពស់តាម​តែចិត្តខ្លួនឯង ដើម្បី​ឲ្យឡានរបស់​លោក​បើកឡើងចុះស្រួល និង​ឲ្យស៊ី​នឹង​កម្ពស់​ផ្ទះ។

ទោះជាយ៉ាង​ណា​សកម្មភាព​បែប​នេះ​ ពិតជារងនូវ​ផលប៉ះពាល់​ខ្លាំង​ ដល់ប្រជាជន​ដែល​រស់នៅជិតនោះ​ ព្រោះ​ជាឧទាហរណ៍រថយន្តរបស់អ្នកភូមិម្នាក់ ត្រូវជ្រេកង់ រអិលថយក្រោយ ទៅបុក​ទ្វារផ្ទះ​របស់​អ្នកភូមិម្នាក់ទៀត បណ្ដាលឲ្យខ្ទេចមុខផ្ទះ។ មិនត្រឹម​តែប៉ុណ្ណោះ​ វាបាន​បង្កជា​គ្រោះ​ថ្នាក់ផ្សេងៗ គួរ​ឲ្យបារម្ភចំពោះ​អ្នក​រស់នៅម្ដុំនោះ ជាហេតុពួកគេ​បាន​ដាក់ពាក្យសំុំឲ្យអាជ្ញាធរជួយ​ដោះស្រាយផង ប៉ុន្តែ​ដូចជា​គ្មាន​ចំណាត់ការ​ណាមួយកើតមានសោះ។

ជាការឆ្លើយតប នាយកដ្ឋាន​ផ្លូវ Yongsan ក៏​បាន​បញ្ជាក់​ថា​ ការធ្វើផ្លូវបែប​នេះ ពិតជា​រំលោភលើ​មាត្រាទី ៧៥នៃច្បាប់​ស្ដី​ពី​ផ្លូវថ្នល់ ដែល​ចែង​ថា​ កម្រិតជម្រាល​ផ្លូវមិនអាច​ត្រូវ​បាន​ឲ្យកែសម្រួល ដោយគ្មាន​ការ​អនុញ្ញាតិជា​មុនទេ។

ចំណែក​ទីភ្នាក់ងាររបស់ Song Joong Ki ក៏​បាន​លើកឡើង​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ដោយពួកគេ​បញ្ជាក់ថាបានដាក់ពាក្យ​កែសម្រួល​គម្រោង​ទៅកាន់ការិយាល័យស្រុក Yongsan ហើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់