• 2021-07-05 02:24:18
  • ព័ត៌មាន

ត្រង់​ស្ដាប់ ឬ​មិន​ស្ដាប់​មិន​ដឹង តែ ចន ច័ន្ទលក្ខិណា មិន​ចង់​ឲ្យ សុខ រ៉ាស៊ី និង​អ៊ិន សុភិន ឡើង​តុលាការ​ក្នុង​ស្ថានភាព​បែប​នេះ​ទេ

  • 2021-07-05 02:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជា​ពិសេស​អ្នក​សិល្បៈ​ច្បាស់​ជា​ដឹង​រឿង​អន់ចិត្ត​គ្នា​រវាង​អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស​លោក អ៊ិន សុភិន និង​ពិធី​ករ សុខ រ៉ាស៊ី ដែល​ឈាន​ដល់​ការ​លាតត្រដាង​រឿង​លោក អ៊ិន សុភិន ជំពាក់​លុយ​លោក សុខ រ៉ាស៊ី ប្រមាណ​២​ម៉ឺន​ដុល្លារ តាម​បណ្ដាញ​សង្គម​រយៈពេលពីរ​ថ្ងៃ​ជាប់​ៗ​គ្នា គឺ​នៅ​ថ្ងៃ​ទី៣ និង​ទី៤ ខែ​កក្កដា ឆ្នាំ​២០២១។

មិន​ទាន់​មាន​ការ​ឆ្លើយតប​ផ្លូវការ ឬ​បង្ហោះ​សារ​ជា​សាធារណៈ​ពី​លោក អ៊ិន សុភិន នៅ​ឡើយ​ទេ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៥ ខែ​កក្កដា នេះ ប៉ុន្តែ​យោង​តាម​សារ​ដែល​បញ្ចេញ​ដោយ​លោក សុខ រ៉ាស៊ី ឲ្យ​ដឹង​ថា លោក អ៊ិន សុភិន ថា​ការ​ដែល​លោក​មិន​បាន​លើក​ទូរស័ព្ទ​ព្រោះ​ទូរស័ព្ទ​លោក​ខូច ហើយ​លោក​បាន​ប្រាប់​ទៅ​បុគ្គលិក​លើ​រឿង​នេះ​ដែរ។ លោក​បន្ថែម​ថា រូប​លោក​ក៏​លំបាក​ដែរ ហើយ​លោក​ក៏​រង់ចាំ​លុយ​គេ​សង​នៅ​ក្នុង​ខែ​នេះ​ដែរ តែ​បើ សុខ រ៉ាស៊ី ហ៊ាន​លេង​ដល់​ថ្នាក់​នេះ​ហើយ​លោក​ថា​តាម​ផ្លូវ​ច្បាប់​ចុះ។

នៅ​ក្នុង​សារ​ដដែល​នោះ​លោក សុខ រ៉ាស៊ី ក៏​ឆ្លើយតប​ថា៖"Ok...ចាំ​ជួប​គ្នា​នៅ​តុលាការ​ចុះ Bye" ហើយ​លោក​ក៏​ស៊ក​ឲ្យ​លោក អ៊ិន សុភិន វិញ​តាម​បណ្ដាញ​សង្គម​ថា៖"បងប្អូន​អាច​ជឿ​ទេ​ថា បើ​មាន​រៀបចំ​កម្មវិធី​ប្រឡង​បវរកញ្ញា ហើយ​កម្មវិធី​កំពុង​ដំណើរការ ស្រាប់​តែ​ប៉ូលិស​មក​ចាប់​អ្នក​រៀបចំ​កម្មវិធី​ដាក់​គុក ដោយសារ​បទ​ឆបោក។ លោក​បន្ថែម​ថា៖"យើង​យោគយល់​គេ​១​ឆ្នាំ​ហើយ គេ​ថា​មិន​យោគយល់​ទៀត មាន​លុយ មាន​ផ្ទះ មាន​ក្រុមហ៊ុន​រាប់​លាន តែ​មិន​ស្រឡាញ់​កិត្តិយស។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ចន ច័ន្ទ​លក្ខិណា បាន​ព្យាយាម​និយាយ​រំលត់​កំហឹង​របស់​ភាគី​ទាំង​សង​ខាង​តាម​រយៈ​ចូល​ខមិន​លើ​សារ​ដែល​លោក​សុខ រ៉ាស៊ី បង្ហោះ​ការ​ពី​ថ្ងៃ​ម្សិលមិញ​ថា"ហ៊ឹម...បង​យល់​អារម្មណ៍​អូន តែ​សម្រួល​គ្នា​ម្ដង​ទៀត​ទៅ​អូន"។

ជុំវិញ​បញ្ហា​នេះ​ប្រភព​ខ្លះ​បង្ហើប​ថា លោក អ៊ិន សុភិន បាន​ជំពាក់​លុយ​លោក សុខ រ៉ាស៊ី ជិត​២​ម៉ឺន​ដុល្លារ ថ្លៃ​រៀបចំ​ឆាក សម្រាប់​រៀបចំ​កម្មវិធី​ប្រឡង​បវរកញ្ញា​កាល​ពី​ពេល​កន្លង​ទៅ។ ដោយ​អស់​ការ​អត់ធ្មត់ បន្ទាប់​ពី​និយាយ​គ្នា​ដោយ​ផ្ទាល់ និង​តាម​ទូរស័ព្ទ​ជា​ច្រើន​ដង​នៅ​តែ​មិន​សង លោក សុខ រ៉ាស៊ី ក៏​សម្រេចចិត្ត​ទម្លាយ​រឿង​នេះ​តាម​បណ្ដាញ​សង្គម​តែ​ម្ដង​ដែល​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ៗ​មើល​មុខ​គ្នា​លេង​ចំ ហើយ​ព្រមាន​គ្នា​ថា​នឹង​តតាំង​ក្ដី​គ្នា​តាម​ផ្លូវ​តុលាការ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់