• 2021-07-06 06:42:52
  • ព័ត៌មាន

រឿង​ចម្លែកអស្ចារ្យ ១០យ៉ាង​របស់ Michael Jackson តាំងពីកុមារភាព រហូតលាទៅភពផ្សេង

  • 2021-07-06 06:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Michael Jackson គឺជា​តារា​ចម្រៀងទោល​លំដាប់ពិភពលោកដែល​មាន​ឈ្មោះ​ល្បី​គ្រប់ពេល បើ​ទោះ​ជា​លាចាកលោកហើយក៏ដោយ។

លោក​បាន​ជួប​រឿង​ច្រើន ជា​ពិសេស​ទាក់ទង​នឹង​ពណ៌សម្បុររបស់​លោក ហើយសូម្បី​ពេល​លោក​ចូល​និវត្ត​ក្ដី ក៏បណ្ដាញ​សារព័ត៌មាន​ភ្ជង់កាណុង​កាមេរ៉ា និង​ចុះ​ផ្សាយអត្ថបទជាហូរហែ ពាក់ព័ន្ធ​នឹង​សកម្មភាព​ចម្លែករបស់តារា​ចម្រៀងប៉ុប​រូបនេះ​ដែរ។

ខាងក្រោម​នេះ Sabay សូម​លើក​យក​រឿង​គួរឲ្យភ្ញាក់ផ្អើល និងការពិត​ ១០យ៉ាង​របស់​ស្ដេចចម្រៀងប៉ុប ដែល​គ្រប់គ្នា​ពិបាក​នឹង​ធ្វើត្រាប់​តាម​បាន​ទាំងស្រុង៖

១. Michael ធ្លាប់នាំសត្វ Llama (អម្បូរសត្វអូដ្ឋ) មក​លេង កន្លែង​លោកថត​ចម្រៀង​ទៀត

២. Michael ធ្លាប់បាន​ទទួល​កាដូសត្វដំរី ដែល​មាន​ទម្ងន់ដល់ទៅ ២២៦៧គីឡូ ពី​តារាសម្ដែង Elizabeth Taylor  កាល​ពីឆ្នាំ ១៩៩១

៣. ពេទ្យមួយកន្លែងដាក់ឈ្មោះ Michael ដោយសារលោកធ្លាប់ទៅព្យាបាលរបួស ក្រោយគ្រោះ​ថ្នាក់ឆេះសក់ជា​យថាហេតុ ពេល​ថតពាណិជ្ជកម្មឲ្យ Pepsi។ ពេល​ Pepsi បង់ជំងឺចិត្តដល់ Michael លោក​ក៏​បាន​យក​លុយ​នោះ ឧបត្ថម្ភដល់មន្ទីរពេទ្យ​ដែល​ជួយលោក។ ក្រោយ​មក​មន្ទីរពេទ្យ​ដែល​មាន​ឈ្មោះថា «Brotman Medical Center» ក៏ប្ដូរឈ្មោះ​មក​ជា «Michael Jackson Burn Center» វិញ។

៤. ពណ៌ស្បែក​របស់​លោក​ប្រែប្រួល​ ដោយសារ​តែ​ជំងឺស្បែក។ ទោះ​បី​ពេទ្យ​និយាយ​ថា​វា​ជា​ជំងឺ ក៏​មហាជន​ខ្លះ​មិនជឿ​ដែរ ដោយពួកគេ​គិត​ថា Michael ព្យាយាម​ប្ដូរពណ៌ស្បែក ដោយសារខ្មាសនូវស្បែកកំណើតរបស់ខ្លួន។

ក្រោយមរណភាព​របស់ Michael លទ្ធផល​ពីការធ្វើ​កោសល្យវិច្ឆ័យក៏បាន​បញ្ជាក់ថា លោកពិតជា​មាន​ជំងឺស្បែក Vitiligo មែន។

៥. លោកគឺជា​អ្នកបង្កើតស្បែកជើងឆក់ពាក់រាំលើឆាក

ក្បាច់តែមួយគ្មាន​ ២​លើលោករបស់ Michael Jackson គឺក្បាច់រាំ Moonwalk និង ពេលឱនខ្លួនទៅមុខ ដោយគ្មាន​កម្រើកស្បែកជើង ពិតជា​ក្លាយជា​ក្បាច់ Unique ដែល​គ្មាន​អ្នកណានឹកឃើញដល់មុនគេ ក្រៅពី Michael Jackson ទេ។

៦. លោក​បាន​ក្លាយទៅ​ជា​ Action Figure

មានន័យ​ថា​ Michael ត្រូវ​បាន​គេ​យក​ជាគំរូ ទៅផលិតជា​តុក្កតាសម្រាប់ក្មេងៗ ហើយទទួល​បាន​ការគាំទ្រណាស់។

៧. កាលពី​ចុងទសវត្ស ១៩៩០ លោកធ្លាប់​ព្យាយាម​ទិញ បំណង​ចង់ស្ដារក្រុមហ៊ុនសៀវភៅត្លុក Marvel ដែរ ពេល​ក្រុមហ៊ុន​នេះកំពុង​ជួប​ប្រទះ​វិបត្តិក្ស័យធន។ ប៉ុន្តែ​មូលហេតុ​មួយ​ទៀត​ដែលនាំចិត្ត Michael ចង់​បាន Marvel ព្រោះ​ថា​លោកអាចបញ្ចូល​ខ្លួនឯងជា​ Superhero ម្នាក់​ដែរ។

៨. ស្ដេចចម្រៀងប៉ុប រូបនេះធ្លាប់ចិញ្ចឹម​ស្វាមួយក្បាលឈ្មោះ​ថា Bubblesថែម​ទាំង​ធ្លាប់នាំទៅប្រគំតន្ត្រីទេសចរណ៍នៅប្រទេសជប៉ុន ជាមួយលោកទៀតផង​

៩. ម្ដាយរបស់កូនប្រុសម្នាក់ របស់ Michael Jackson គ្មាន​អ្នកណាដឹង​ថា​ជាអ្នកណាឡើយ

លោក​មាន​កូន ៣នាក់ ប៉ុន្តែ​ម្នាក់ក្នុង​ចំណោមនោះ គឺ Prince Michael Jackson II ដែលគ្មាន​អ្នកណា​ដឹង​ថា​ ម្ដាយ​របស់គេជាអ្នកណា​ទេ។ មានព័ត៌មាន​ខ្លះ​បង្ហើបថា ម្ដាយរបស់កូនប្រុសម្នាក់នេះ គឺ​ជាអ្នក​ដែល​រកស៊ីពពោះជំនួស ហេតុនេះ​អត្តសញ្ញាណមិនត្រូវ​បាន​បង្ហាញទេ។

១០. Michael Jackson គឺ​ជា​តារាទទួលមរណភាព ដែល​មាន​ឥទ្ធិពល និងជោគជ័យបំផុតទូទាំងពិភពលោក

ឆ្នាំដែល​លោក​លាឆ្ងាយពីពិភពលោកនេះ គឺ​ជា​ឆ្នាំ​ដែល​លោក​ទទួល​ជោគជ័យ​ខ្លាំង​បំផុត។ ក្រោយមរណកាល រយៈពេល ១២ខែ អាល់ប៊ុម​ខ្ទង់ ៣៥លានបន្ទះ​ត្រូវ​បាន​លក់ដាច់អស់ខ្ទេចគ្មាន​សល់។

បន្ថែម​ពីលើ​នេះ លោកអាច​រកចំណូល​បាន​ដល់ទៅ ២,១ពាន់លានដុល្លារ ជាចំនួនពាក់កណ្ដាលនៃទឹកប្រាក់ ៤,២ពាន់លាន ដែល​លោក​រក​បាន​ពេល​នៅរស់។

ឆ្នាំ ២០១៦ Michael រក​បាន​ ៨២៥លានដុល្លារ បំបែក​កំណត់ត្រា​ក្លាយជា​តារាដែល​រក​ចំណូល​បាន​ច្រើនជាងគេ​ត្រឹម​ ១​ឆ្នាំ។

ឆ្នាំ ២០១៨ លោក​ក៏​ក្លាយជា​តារាដែល​បាន​ទទួល​មរណភាព ដែលមានប្រាក់ខែខ្ពស់បំផុតប្រចាំឆ្នាំ ដោយរក​បាន​ ៤០០លានដុល្លារឯណោះ៕

ប្រភព៖ The Fact Site

អត្ថបទ៖ យី សុធារី

មតិយោបល់