• 2021-07-06 08:40:01
  • ព័ត៌មាន

មិន​ដឹង​ការ​ពិត​កម្រិត​ណា? អ្នក​សិល្បៈ​ទាំង​៥​នាក់ នេះ ផ្ទុះ​រឿង​អាស្រូវ​ជំពាក់​លុយ​គេ នៅ​អំឡុង​ពេល​វិបត្តិ​កូវីដ-១៩

  • 2021-07-06 08:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក នៃ​ជំងឺ​កូវីដ-១៩ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ បាន​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​លើ​ជីវភាព​ពលរដ្ឋ​ទូទៅ។ រីឯ​នៅ​ក្នុង​រង្វង់​សិល្បៈ​វិញ គេ​មិន​ដឹង​ថា​តើ​សិល្បករ-សិល្ប​ការិនី ណា​ខ្លះ​បាន​ជួប​នឹង​បញ្ហា​អ្វី? ហើយ​ពួកគេ​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​នោះ​ទេ? ប៉ុន្តែ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អ្នក​សិល្បៈ​ច្រើន​នាក់ បាន​ធ្លាយ​រឿង​អាស្រូវ​ជំពាក់​លុយ​គេ​មិន​សង។

យើង​ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ថា ការ​ជំពាក់ជំពិន​រឿង​លុយ​កាក់​របស់​អ្នក​សិល្បៈ​ទាំង​នេះ​មាន​ការ​ពិត ឬ​មិន​ពិត​កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ផ្ទុះ​រឿង​ដ៏​រសើប​នេះ​ស្រប​ពេល​ដែល​អ្នក​សិល្បៈ​ស្ទើរ​គ្រប់​គ្នា​ត្អូញត្អែរ​ពី​ប្រាក់​ចំណូល​រយៈ​ពេល​ជិត​២​ឆ្នាំ​ពេញ គឺ​នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នេះ។

១/ អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស​លោក អ៊ិន សុភិន។ លោក​ត្រូវ​បាន​ពិធី​ករ សុខ រ៉ាស៊ី បកអាក្រាត​រឿង​ជំពាក់​លុយ​ជិត​២​ម៉ឺន​ដុល្លារ ថ្លៃ​រៀបចំ​ឆាក​កម្មវិធី​ប្រកួត Miss Grand Cambodia២០២០ មិន​ព្រម​សង​បើ​ទោះ​បី​ជា​លោក​ខំ​យោគយល់ និង​ពន្យារ​ពេល​សង​ជិត​១​ឆ្នាំ​ទៅ​ហើយ​ក្ដី។ សុខ រ៉ាស៊ី បាន​លាតត្រដាង​រឿង​នេះ​តាម​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា មក ហើយ​ចុង​ក្រោយ​នេះ​លោក​ថា នឹង​ប្ដឹង​លោក អ៊ិន សុភិន ចាប់​ដាក់​គុក។

ចំណែក​លោក អ៊ិន សុភិន វិញ ពុំ​មាន​ពាក្យ​ពេចន៍​អ្វី​ឆ្លើយតប​នឹង​លោក សុខ រ៉ាស៊ី វិញ​ឡើយ ដោយ​រង់ចាំ​ចំណាត់​ការ​របស់​តុលា។ ចុង​ក្រោយ​នេះ ស្រាប់​តែ​លោក​ព្រលយ​ពាក្យ​ថា វា​នឹង​ពុំ​មាន​រឿង​អ្វី​កើត​ឡើង​ទេ ចំពោះ​រឿង​នេះ។

២/ តារា​ចម្រៀង​ប្រុស​ប្រចាំ​នៅ​ផលិតកម្ម​សាន់ គឺ​លោក ដេ អ៊ី ណូ។ រូប​លោក ត្រូវ​បាន​ម្ចាស់​បំណុល​នាំ​អ្នក​សារព័ត៌មាន​ទៅ​រករឿង និង​ទារ​លុយ​ដល់​កន្លែង​រកស៊ី ឬ​យានដ្ឋាន​លក់​រថយន្ត​របស់​លោក​តែ​ម្ដង​កាល​ពី​ព្រលប់​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០២១។ ទីបំផុត​តារា​ចម្រៀង អ៊ីណូ បាន​ទទួល​កំហុស​ថា​ខ្លួន​ពិត​ជា​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​សង​ត្រឡប់​លុយ​ជាង​១​ម៉ឺន​ដុល្លារ​ទៅ​ម្ចាស់​ដើម​វិញ​មែន ដោយ​សារ​តែ​លោក​បង្វិល​លុយ​ក្នុង​អាជីវកម្ម​លក់​រថយន្ត​របស់​លោក​មួយ​ចំនួន​មិន​ទាន់​ដែរ។ ប៉ុន្តែ​លោក​បាន​បង្ខំចិត្ត​ប្រមូល​លុយ​ដែល​នៅ​សេសសល់​សង​បង្គ្រប់​គេ​តែ​ម្ដង​ដើម្បី​បញ្ចប់​រឿង។

៣/តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ប្រចាំ​នៅ​ផលិតកម្ម​សាន់​ដេ សុខ ពិសី។ កញ្ញា ត្រូវ​បាន​បុរស​ម្នាក់​ដែល​ប្រើ​គណនី​Facebook ឈ្មោះ ហមធារា ហមធារា បង្ហោះ​សារ​ដោយ​មាន​ភ្ជាប់​នូវ​រូប​កញ្ញា សុខ ពិសី ផង ថា៖"អូន​សី​បង​និយាយ​ចំពោះ​អូន​ឯង បើ​នៅ​តែ​មិន​ប្រញាប់​សង​លុយ​បង​ទៀត អូន​ឯង និង​គ្រួសារ​អូន​ឯង​ប្រាកដ​ជា​មាន​រឿង​ធំ"។

១​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០២០ កញ្ញា សុខ ពិសី បាន​បកស្រាយ​តាម​សារព័ត៌មាន​កម្ពុជា​ថ្មី ដោយ​ពោល​ទាំង​អស់​សំណើច ហើយ​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​នាង​មាន​រឿង​ជំពាក់​លុយ​គេ​មិន​សង​នោះ។

៤/តារា​ចម្រៀង និង​ជា​ពិធី​ករ លាន អាព្រីលគីនីន ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ អ៊ុង វាសនា អះអាង​ថា អាព្រីលគីនីន បាន​ខ្ចី​លុយ​លោក​ចំនួន​៣៩០០​ដុល្លារ ហើយ​បាន​សង​វិញ​ចំនួន​១០០០​ដុល្លារ ហើយ​នៅ​សល់​២៩០០​ដុល្លារ​ទៀត គេចវេះ​មិន​ព្រម​សង។ រឿង​នេះ​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០២០ ហើយ​មិន​ទាន់​មាន​ការ​បកស្រាយ​ណា​មួយ​ពី​លោក លាន អាព្រីលគីនីន​នៅ​ឡើយ​ទេ។ ដំណឹង​នេះ​បាន​ចុះ​ផ្សាយ​ម្ដង​នៅ​លើ​ទស្សនាវដ្ដី​នគរ​ធំ។

៥/ តារា​សម្ដែង​ស្រី​វ័យ​ចំណាស់ អ៊ឹម ផល្លា។ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២០ អ្នកស្រី និង​កូន​ស្រី ត្រូវ​បាន​ស្ត្រី​ម្នាក់​ថត​សកម្មភាព​នៅ​ក្នុង​បន្ទប់​ជួល​មួយ​ដែល​នៅ​ក្នុង​នោះ​មាន​អ្នក​លេង​បៀរ​ផង ហើយ​ចោទ​ថា អ្នក​ស្រី​ខ្ចី​លុយ​គេ​មក​លេង​ល្បែង ហើយ​ជំពាក់​យូរ​ហើយ​មិន​ព្រម​សង។

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​មាន​ការ​បកស្រាយ​ពី​តារា​សម្ដែង អ៊ឹម ផល្លា ថា រូប​គាត់​មិនមែន​ជា​អ្នក​ខ្ចី​លុយ​ជិត​១០០០​ដុល្លារ​នោះ​ទេ គឺ​កូន​ស្រី​គាត់​ប៉ុណ្ណោះ​ដែល​បាន​ខ្ចី​ពី​មិត្តភ័ក្ដិ​ដែល​ធ្លាប់​ខ្ចី​លុយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​យក​មក​ធ្វើ​ដើម​ទុន​បើក​ហាង​អ៊ុត​សក់។ ប៉ុន្ដែ​ដោយសារ​មុខរបរ​មិន​ដើរ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ កូន​ស្រី​របស់​គាត់​ក៏​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​សង​ត្រឡប់​ទៅ​ម្ចាស់​ដើម​វិញ ស្រាប់​តែ​មិត្តភ័ក្ដិ​នោះ មក​ថត​វីដេអូ​គាប់​ជួន​ថ្ងៃ​ហូបចុក និង​លេង​ល្បែង​តែ​ម្ដង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម