• 2021-07-07 03:19:30
  • ព័ត៌មាន

ក្រឡេក​មើល ហង្សឈា អ្វី​ៗត្រឡប់​មក​ប្រសើរ​ទាំង​ព្រម ឥឡូវ​មាន​ដំណឹង​ល្អ​ថែម​ទៀត

  • 2021-07-07 03:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហង្សឈា ដែល​កំពុង​រស់​នៅសហរដ្ឋ​អាមេរិក​ជាមួយ​ក្រុម​គ្រួសារ បាន​រង​ការយាយី​របស់​កូវីដ១៩ ដែល​លោក និង​ពលរដ្ឋ​អាមេរិក​ទាំង​អស់​រស់​ក្នុង​ការ​ភ័យខ្លាច។ ប៉ុន្តែ​អ្វី​ៗ​បាន​ត្រឡប់​មក​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ស្រប​ពេល​លោក​ក៏​មាន​ដំណឹង​ល្អ​ថែម​ទៀត។

នៅ​មុន​អាច​វិល​មក​ជីវភាព​ធម្មតា ហង្សឈា ប្រាប់​ថា លោក​រស់​នៅ​តែ​ក្នុង​ផ្ទះរាប់​ខែ និង​ព្យាយាម​ឆ្ពង់​តាម​របៀប​ខ្មែរ​បុរាណ​រាល់​ថ្ងៃ​ដែរ ដើម្បី​ទប់​ទល់ និង​បញ្ចៀស​ខ្លួន​ពី​ជំងឺ​កូវីដ១៩​ដ៏​កំណាច​នេះ។ តែ​ឥឡូវ​អ្វី​ៗ​ត្រឡប់​មក​ដូច​ដើម ស្រុក​ទេស​ក៏​ល្អ​ដូច​ដើម អាជីវកម្ម​ក៏​កំពុង​ដំណើរ​ការល្អ ហើយ​រឿង​ផ្សេង​ទៀត​ក៏​ល្អ​ដូច​គ្នា​ដែរ។

លោក ហង្សឈា បាន​បើក​ដំណើរ​អាជីវកម្ម​ហាក​តែគុជ Boba Tea ជា​ច្រើន​ខែ​មក​ហើយ ស្រប​ពេល​លោក​ថា អ្វី​ៗ​ប្រសើរ​ឡើង​ជា​លំដាប់ ក្នុង​នោះ​ក្រៅ​ពី​លក់​រាយ ក៏​មាន​អ្នក​ទំនាក់ទំនង​ទិញ Franchise បន្ត​ហូរហែ​ទៀត។ ក្រៅ​ពី​មាន​សញ្ញាណ​ល្អ​ប្រសើរ​ក្នុង​អាជីវកម្ម ក៏​មាន​ដំណឹង​ថា តារា​ប្រុស​រូប​នេះ ​ទទួល​បាន​ចំណង​ដៃ​ថ្មី​មួយ​ទៀត ពោល​គឺ​ភរិយា​លោក​កំពុងគភ៌​កូន​ម្នាក់​ទៀត​ហើយ។

ចំពោះ​បញ្ហា​នេះ សាមី​ខ្លួន អឹមអៀន ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា​ជា​ការ​ពិត​។ លោក​ថា ភរិយា បាន និង​កំពុង​ពពោះ​កូន​ទី​៣ម្នាក់​ទៀតហើយ។ "បាទ...មែន​ហើយ មួយ​ទៀត​ហើយ...និយាយ​ទៅ​កូវីដ​ហ្នឹង​ធ្វើ​ឲ្យ​មាន​កំណើន​បង្ក​កំណើត​ច្រើន​ជុំវិញ​ពិភព​លោក​ហើយ​បង​អើយ(សើច)!”។

លោក ហង្សឈា បាន​លា​ចាក​វិស័យ​សិល្បៈ​ក្នុង​ស្រុក​ទៅ​រស់​នៅ​ជាមួយ​ភរិយា​នៅ​ឆ្នាំ ២០០៩។ មក​ទល់​បច្ចុប្បន្ន លោក​មាន​កូន​២​នាក់​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍ ក្នុង​នោះ កូន​ស្រី​ច្បង​មាន​អាយុ ១២ឆ្នាំ និង​កូន​ប្រុស​ប្អូន​អាយុ ៩ឆ្នាំ​ហើយ។ ចំពោះ​កូន​ទី​៣ ដែល​កំពុង​តាំង​គភ៌ មិន​ទាន់​ដឹង​ថា ប្រុស​​ឬ​ស្រី​នោះ​ទេ ដោយ​សារ​តែ​នៅ​ខ្ចី​ខែ​ពេក។

អតីត​តារា​សម្ដែង​រូប​សង្ហា​រូប​នេះ ប្រាប់​ថា លោក​រីករាយ​ណាស់​ចំពោះ​ដំណឹង​នេះ នឹង​ត្រៀម​ខ្លួន​សម្រាប់​ទទួល​កូន​ពៅ និង​រឹត​តែ​រីករាយ​ថែម​ទៀត ដែល​កំណើត​កូន​របស់​លោក​នា​ពេល​ខាង​មុខ ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ថមថយ​ពី​ការយាយី​របស់​កូវីដ១៩ និង​សង្ឃឹម​ថា ដល់​ពេល​នោះ អ្វី​ៗ​ល្អ​ប្រសើរ​១០០%។

តាម​អតីត​តារា​សម្ដែង បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ពេល​នេះ ពលរដ្ឋ​អាមេរិក​បាន​វិល​ត្រឡប់​មក​ជីវភាព​ធម្មតា​វិញ ដោយ​ក្រុម​ហ៊ុន​តូច​ធំ​​ចាប់​ផ្ដើម​ដំណើរ​ការ ប្រជាជន​ក៏​វិល​មក​ប្រកប​​កិច្ចការងារ​ធម្មតា​វិញ​ដែរ និង​មិន​ចាំបាច់​ពាក់​ម៉ាស​ទៀត​នោះ​ទេ។ យ៉ាង​ណា លោក​ថា នៅ​មាន​ប្រមាណ ១០​%​ទៀត​ដែរ ដែល​នៅ​ប្រើ​ប្រាស់​ម៉ាស់​ដើម្បី​ការពារ តែ​អ្នក​ទាំង​នោះ​ភាគ​ច្រើន គឺ​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ដោយ​សារ​ស្ថានភាព​សុខភាព​ផ្ទាល់​ខ្លួន៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម