• 2021-07-12 07:35:08
  • ព័ត៌មាន

ចម្លែក​ពេក​ហើយ! តារា​ស្រី​២​ដួង​នេះ ជួប​សោកនាដកម្ម​ដូច​គ្នា​មិន​ធ្លាប់​មាន​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ខ្មែរ

  • 2021-07-12 07:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សោកនាដកម្ម កើត​ចេញ​ពី​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​សិល្បករ-សិល្ប​ការិនី​ខ្មែរ និង​សមាជិក​គ្រួសារ​ពួកគេ ស្លាប់ និង​ឆ្លង​ជា​ច្រើន​នាក់។ ស្ថិតនៅ​ក្នុង​ស្ថានភាព នៃ​អត្រា​ឆ្លង​មិន​ទាន់​ធ្លាក់​ចុះ​ក្រោម​ខ្ទង់​រយ​នាក់​នៅ​ឡើយ​ក្នុង​១​ថ្ងៃ មាន​តារា​ច្រើន​ណាស់ បង្ហាញ​ពី​ការ​បង្កើន​ការ​ប្រុងប្រយ័ត្ន ហើយ​តារា​ខ្លះ​នៅ​​ដក់​ជាប់​រឿងរ៉ាវ​ឈឺចាប់​កើត​ចេញ​ពី​បញ្ហា​នេះ។

ដោយ​មិន​រាប់​បញ្ចូល​ករណី​ស្លាប់​របស់​តារា​សម្ដែង​ភេទ​ទី៣​ឈ្មោះ សុភា ណុប ហៅ​ម៉ែ​ពាង និងDj ប៊ូម ដោយសារ​ជំងឺ​កូវីដ-១៩ គេ​នៅ​ចាំ​បាន​ថា​ក្នុង​ឆ្នាំ​២០២១ នេះ ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កំណាច​កូវីដ-១៩ បាន​ឆក់​យក​ជីវិត​របស់​អ្នក​ម្ដាយ​តារា​កំប្លែង​ក្នុង​ក្រុម​នាយ​ក្រឹម គឺ​កញ្ញា អ៊ិន ស្រី​ពីន និង​តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ហង្ស​មាស គឺ​កញ្ញា វី ឌីណែត។

បង្ហាញ​ពី​ក្ដី​ស្រឡាញ់ និង​អាណិត​អាសូរ​ចំពោះ​ម្ដាយ កញ្ញា វី ឌីណែត បាន​សម្រក់​ទឹក​ភ្នែក និង​និយាយ​អួល​ដើមករ​តាម​បណ្ដាញ​សង្គម​Facebook ជា​ច្រើន​ដង ហើយ​តែម​ទាំង​បាន​បង្ហោះ​សារ​ថា៖"ម៉ាក់​ខូច​ហើយ ក៏​មិន​អាច​ឃើញ​សូម្បី​តែ​សព។ ខ្ញុំ​ក៏​មិន​អាច​ចេញ​ទៅ​ធ្វើ​បុណ្យ​ឲ្យ​ម៉ាក់​បាន...សូម​ឲ្យ​វិញ្ញាណក្ខន្ធ​ម៉ាក់​បាន​ទៅ​កាន់​សុគតិភព​ផង​ចុះ"។

ចំណែក​តារា​កំប្លែង អ៊ិន ស្រី​ពីន វិញ។ កាល​ណោះ​នាង​បាន​ត្រឹម​តែ​យំ​ស្រែក​ពី​ចម្ងាយ ហើយ​បាន​អំពាវនាវ​យ៉ាង​ទទួច​តាម​បណ្ដាញ​សង្គម​ដល់​គ្រូ​ពេទ្យ​ជំនាញ​ឲ្យ​ជួយ​ខ្នះខ្នែង​សង្គ្រោះ​ជីវិត​ម្ដាយ​នាង​ផង​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​វាយ​លុក​ខ្លាំង​ពី​ជំងឺ​កូវីដ-១៩ ប៉ុន្ដែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ម្ដាយ​នាង​ក៏​បាន​ស្លាប់៖"ម្ដាយ​របស់​ខ្ញុំ​គាត់​រឹងមាំ​ណាស់ គ្រាន់​តែ​គាត់​មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ​តិច​ប៉ុណ្ណោះ មិន​គួរ​គាត់​ទៅ​ចោល​ខ្ញំ​លឿន​ដល់​ថ្នាក់​នេះ​ទេ"។

ត្បិត​ថា​ករណី​មរណភាព​ទាំង​២​នេះ បាន​កើត​ឡើង​តាំង​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២១ ប៉ុន្តែ​គេ​ទើប​តែ​ចាប់​អារម្មណ៍​លើ​ស្ថានភាព​បាត់បង់​អ្នក​ម្ដាយ​ជា​ទី​ស្រឡាញ់​របស់​តារា​ស្រី​ទាំង​២​ដួង​នេះ។ អ្នក​ម្ដាយ​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩ នោះ គឺ​មាន​ភាព​ដូច​គ្នា​ចំនួន​៦​ចំណុច។

១/ស្លាប់​ក្នុង​វ័យ​៦២​ឆ្នាំ​ដូច​គ្នា ២/ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដូច​គ្នា ៣/ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ដូច​គ្នា ៤/ស្លាប់​ក្នុង​ខែ​មីនា ឆ្នាំ​២០២១ ដូច​គ្នា ៥/មាន​មាឌ​ធំ ធាត់ និង​មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ​ដូច​គ្នា និង​ទី៦/មុន​ដាច់​ខ្យល់​ស្លាប់​ពុំ​មាន​កូន ឬ​សាច់​ញាតិ​ណា​ម្នាក់​បាន​នៅ​ក្បែរ​ឡើយ។

ចំណែក​តារា​ស្រី​ទាំង​២​វិញ ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដែរ។ ត្បិត​ថា​មាន​ជំនាញ​ផ្សេង​គ្នា​ខាង​សិល្បៈ តែ​តារា​ស្រី​ទាំង​២​ដួង​នេះ មាន​រូប​សម្បត្តិ​ស្រស់​ស្អាត ផូរផង់​ដូច​គ្នា។ ទី២​ពេល​ម្ដាយ​រៀប​នឹង​ដាច់​ខ្យល់​ស្លាប់ តារា​ស្រី​ទាំង​ពីរ​ដួង​នេះ បាន​ត្រឹម​តែ​ទទួល​ដំណឹង​ដ៏​ក្ដុកក្ដួល និង​យំ​សោកសង្រេង​ពី​ចម្ងាយ​ដោយ​កាល​ណោះ វី ឌីណែត ជាប់​សម្រាក និង​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​សណ្ឋាគារ Great Duke។ រីឯ​កញ្ញា អ៊ិន ស្រី​ពីន វិញ ជាប់​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ នៅ​ក្នុង​មណ្ឌល​មួយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម