• 2021-07-19 03:26:23
  • ព័ត៌មាន

ការអត់ធ្មត់មានដែនកំណត់ ពេលនេះដល់វេន Kris Wu ចេញមុខតបចំពោះព័ត៌មានរំលោភផ្លូវភេទ

  • 2021-07-19 03:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់ទង​នឹង​ព័ត៌មាន​អាស្រូវបៀតបៀនផ្លូវភេទដែល​ចោទប្រកាន់​ Kris Wu ថា​ល្បួង​ក្មេងស្រីជាច្រើន​នាក់ មក​ប្រព្រឹត្តិអំពើអសីលធម៌នោះ បាន​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​មិនធម្មតាពេញ​ពិភពសិល្បៈចិនតាំង​ពី​ចុងសប្ដាហ៍មុន ប៉ុន្តែ​នៅពេល​នេះ Kris Wu ដែល​ជា​សាមី​ខ្លួន​បាន​ចេញមុខច្រាន​ចោល​ព័ត៌មាន​ទាំង​នេះ​ហើយ។

ចុចអានព័ត៌មានពាក់ព័ន្ធ៖ គ្រប់យ៉ាង​អ្នក​គួរ​ដឹង​ពីករណីចោទប្រកាន់ចំពោះ Kris ពីបទបៀតបៀនផ្លូវភេទក្មេងស្រីជាច្រើននាក់

លោក​បាន​សរសេរបង្ហោះ​ក្នុង​គណនី Weibo ថា៖ «​ខ្ញុំ​បាន​មក​ដល់ចំណុច​ដែល​ខ្ញុំទ្រាំ​លែង​បាន​តទៀតហើយ ដោយសារមនុស្សជា​ច្រើន​នាក់​នាំគ្នាចែក​ចាយ​ព័ត៌មាន​ចចាមអារ៉ាមទាំងនេះ»​។

Kris បាន​បង្ហើបថា​ លោក​បាន​ជួប​នឹង Du Meizhu (នារី​ម្នាក់ដែល​ចេញ​មុខទម្លាយ​រឿង​ថា Kris ពាក់ព័ន្ធ​នឹង​ករណីរំលោភផ្លូវភេទទៅកាន់​បណ្ដាញ​ផ្សព្វផ្សាយ) ត្រឹម​តែ​ ១ដង​ប៉ុណ្ណោះកាល​ពី​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំមុន​។

តារា​ប្រុស​រូបនេះ​បាន​សរសេរ​ថា៖ «ខ្ញុំមិនដែល​សុំឲ្យនាង​ផឹក ឬ​សុំ​លេខទូរសព្ទនាង​ឡើយ ហើយ​ក៏មាន​មនុស្សច្រើននាក់​ណា​ស់ក្នុងពិធីជប់លៀងពេល​នោះ»​។

Kris បាន​បង្ហើប​បន្ត៖ «ខ្ញុំ​មិន​ដែល​ធ្វើ​ទង្វើបោកបញ្ឆោតអ្នកណាម្នាក់ ហើយយក​មក​រំលោភទេ។ សូម្បី​ចំពោះ​ក្មេងស្រី​មិនទាន់គ្រប់អាយុក៏ខ្ញុំមិនដែល​ធ្វើរឿង​អស់ហ្នឹង​ដែរ។ បើសិនខ្ញុំពិតជា​បាន​ធ្វើ​ទង្វើទាំង​អស់នេះ​មែន ខ្ញុំ​នឹង​ដើរចូល​គុកដោយខ្លួនឯង ហើយនឹង​ទទួល​ខុសត្រូវ​គ្រប់យ៉ាង នូវអ្វី​ដែល​ខ្ញុំ​បាន​និយាយ​នៅពេល​នេះ ដោយគោរព​តាម​ផ្លូវច្បាប់»​។

គួរ​បញ្ជាក់​ផងដែរថា​ រឿង​នេះ​បាន​បង្កជា​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ទាំង​ក្នុង​ប្រទេស​ចិន និង​កូរ៉េ ហើយតាំងពីផ្ទុះ​រឿង គ្រប់គ្នាក៏រំពឹង​ចង់​ឮរឿង​ពិត​ខ្លះពីមាត់ Kris ដែរ។ មកទល់ពេលនេះ​សាមី​ខ្លួន​ក៏ចេញ​មុខ ក្រោយ​ទប់ការអត់ធ្មត់លែង​ជាប់៕​

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម