• 2021-07-23 02:30:51
  • ព័ត៌មាន

លម្អិតរបាយការណ៍ក្រោយស៊ើបបានរបស់ប៉ូលីស ទាក់ទងនឹងសម្ព័ន្ធភាពរវាង ​Kris និង Du Meizhu

  • 2021-07-23 02:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅដើមសប្ដាហ៍នេះ​ Kris Wu ត្រូវ​ជួប​រឿង​ធំ ទាក់ទង​នឹង​អាស្រូវ​ស្នេហ៍ និង​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ក្មេងស្រីមិនទាន់គ្រប់អាយុ​ជា​ច្រើន​នាក់។ Du Meizhu នារី​ម្នាក់​ដែល​បាន​ចេញ​មុខ​ថា​ Kris បាន​ល្បួង​ក្មេង​ស្រី​ជា​ច្រើន​នាក់​ដោយ​បោកបញ្ឆោត ដោយកុហក​ថា​នឹងមានឱកាសបាន​ចូល​ថត​ក្នុង MV របស់ Kris តែបែរជា​យក​គេង​ជាមួយទៅវិញ។

ក្រោយ​មាន​ការ​ផ្ទុះ​ព័ត៌មាន​នេះ​ហើយ​ ស្ថានភាពកាន់តែក្ដៅ និងត្រូវ​បាន​ក្រុមសមត្ថកិច្ចស៊ើបអង្កេត ស្រាវជ្រាវ រហូត​ឈាន​ដល់ការកំណត់ការពិតមួយចំនួនមានដូចខាងក្រោម៖

១. ទាក់ទង​នឹងទំនាក់ទំនងរបស់​ Wu Yifan (Kris Wu) និង Du Meizhu

យោងតាមសេចក្ដី​ប្រកាស​របស់ប៉ូលីស បាន​ឲ្យដឹង​ថា​ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ អ្នក​ចាត់ការ​របស់ Kris បាន​ទាក់ទង​ទៅកាន់ Du Meizhu ឲ្យ​មក​ផ្ទះ Kris ដោយ​ប្រាប់​ថា​ ក្រុមការងារ​ត្រូវជ្រើសរើសតួឯកស្រី​ឲ្យសម្ដែង​ក្នុង​វីដេអូបទ​ចម្រៀង​របស់ Kris។ នៅពេលនោះអ្នកចូលរួមពិធីជប់លៀងមាន​ខ្ទង់១០នាក់ ដោយពួកគេ​បាន​លេងសប្បាយ និង​ផឹកស៊ីពេញផ្ទះ រហូត​ដល់ព្រឹក​ម៉ោង ៧។ អ្នកផ្សេង​ដែល​នៅជប់លៀងនោះ បាន​ចេញទៅផ្ទះវិញ​ម្ដងម្នាក់ៗ នៅ​សល់តែ Du Meizhu ដែល​សម្រេច​នៅផ្ទះ Kris ត ហើយពួកគេ​ក៏​បានរួមដំណេកជាមួយគ្នា។

ព្រឹក​បន្ទាប់​នោះ Meizhu ក៏​ចេញ​ពីផ្ទះ​ Kris ក្រោយ​ញ៉ាំអីជាមួយគ្នាហើយ ហើយអ្នកទាំង ២ក៏ចាប់ផ្ដើម Add គ្នា​លើ WeChat។ នៅ​ថ្ងៃទី០៨ ខែធ្នូ Kris បាន​បាញ់លុយ​ឲ្យ Meizhu ៣២ ០០០យ័ន (ខ្ទង់ ៤៩៤៦ដុល្លារ) ទុកឲ្យនាង​សម្រាប់ទិញឥវ៉ាន់ Online។ ចាប់ពីពេល​នោះ​មក​អ្នកទាំង ២​ក៏ទាក់ទងគ្នា​ជាប់តាម WeChat រហូត​ដល់ខែមេសា។

២. ទាក់ទងនឹង​ព័ត៌មានដែល​បង្ហោះ​លើអ៊ីនធើណិតដោយ Du Meizhu និងបុគ្គលផ្សេងទៀត

ប៉ុន្មាន​ខែក្រោយ Du Meizhu និង​មិត្តម្នាក់ត្រកូល Liu (ភេទស្រីអាយុ ១៩ឆ្នាំ) បាន​ពិភាក្សាគ្នាធ្វើយ៉ាងណាទម្លាយពីទំនាក់ទំនង​រវាងនាង និង Kris។

នៅខែមិថុនា ឆ្នាំ២០២១ Du Meizhu និងពួកម៉ាក់នោះ​បាន​ចេញ​ព័ត៌មាន​ទំនាក់ទំនង​របស់ Kris និងនាង ហើយនៅថ្ងៃទី០២ ម្នាក់ត្រកូល Liu នោះ​ក៏បាន​ក្លែងគណនី Weibo ដោយដាក់ឈ្មោះ "Liu Meili” និងបាន​បង្ហោះពីការ​រំលោភបំពានផ្លូវចិត្តដែល Meizhu រង ក្រោមស្នាដៃ Kris។

ពីថ្ងៃទី០៨ ដល់ទី១១ Du Meizhu ក៏​បាន​បង្ហោះ​ថែម ៣ Post ទៀត។ នៅថ្ងៃទី០៣ ខែកក្កដា មានបុរសម្នាក់ទៀតត្រកូល Xu (ភេទប្រុស អាយុ៣១)ក៏នឹក​ចង់បាន​ផលប្រយោជន៍ ក៏បាន​ទាក់ទង​ទៅ Du Meizhu​​ ហើយនាង​ក៏បាន​ឲ្យលោក Xu សរសេរព័ត៌មាន​ខ្លះ​បង្ហោះលើ Weibo ដល់ទៅខ្ទង់ ១០ Post។

៣. ទាក់ទង​នឹង​ការចាប់ខ្លួនបុគ្គលត្រកូល Liu

នេះ​ជា​ជនទី ៣​ដែ​ល​បាន​លូក​ដៃចូល និងត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ម្ដាយរបស់ Kris ចាប់​ផ្ដើម​សកម្មភាព​ប្ដឹង​ទៅប៉ូលីស ដោយបាន​និយាយ​ថា​ អ្នក​ស្រី​បាន​ទទួល​ Blackmail ពី Du Meizhu។ ក្រុម​ប៉ូលីស Chaoyang ក៏​បាន​ស្រាវជ្រាវ​ រហូត​ឈាន​ដល់ការ​ចាប់ខ្លួនលោក Liu នៅថ្ងៃទី១៨ ខែកក្កដា ពីបទ​សមគំនិត ក្នុងការប៉ុនប៉ង ឆបោក ភាគីទាំង ២ ដោយបន្លំខ្លួនជា​អ្នក​ពាក់ព័ន្ធ។

ភស្តុតាង​បាន​បង្ហាញ​ថា​ លោក Liu បាន​បង្ហោះព័ត៌មាន​មួយចំនួន​ពី Du Meizhu និង Kris Wu ព្រម​ទាំង​កើតចិត្ត​ចង់​បោកយក​ផលចំណេញ​សម្រាប់ខ្លួន​ឯងពី Kris ផង​និង Meizhu ផង។ បុគ្គលរូបនេះ​បាន​បន្លំ​ខ្លួនជា​ស្រី និងកុហក​ Meizhu ថា​នាង​មាន​ទំនាក់ទំនង​ល្អជាមួយនឹង Kris ដើម្បី​ឲ្យនាង​កាន់តែទុកចិត្ត។

ក្រោយ​ពីដឹងពីទង្វើបែបនេះ ប៉ូលីសក៏បានចាប់​ខ្លួន ហើយសាមីខ្លួន Liu ក៏បាន​សារភាព​គ្រប់យ៉ាង​អស់ដែរ។

ដោយឡែកចំពោះ​រឿងដែល «Kris ប្រើមធ្យបាយក្នុង​ការ​ល្បួង​ក្មេងស្រីៗ ដើម្បី​យក​មកគេងជាមួយនោះ» ប៉ូលីសកំពុង​បន្តតាមដានស៊ើបអង្កេតតទៀត ហើយសន្យា​នឹង​ចាត់វិធានការម៉ឺងម៉ាត់ទៅតាមផ្លូវច្បាប់ដើម្បី​ស្វែង​រកការពិតឲ្យទាល់តែបាន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម