• 2021-07-29 03:23:50
  • ព័ត៌មាន

អុញ...ក្រឡាប់​ចាក់​ហើយ! ព្រឹក​នេះ អ៊ិន សុភិន ប្រកាស​ប្ដូរ​ជំហរ​លែង​ចរចា​វិញ ព្រោះ សុខ រ៉ាស៊ី នៅ​តែ​ផ្គើន​ទៀត

  • 2021-07-29 03:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ពិធី​ករ សុខ រ៉ាស៊ី ទម្លាយ​រឿង​សម្របសម្រួល​ក្ដីក្ដាំ​របស់​លោក​ជាមួយ​លោក អ៊ិន សុភិន នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាប់​តែ​ថ្ងៃ​លោក អ៊ិន សុភិន ដែល​ជា​ចុង​ចម្លើយ​បាន​ប្រកាស​ប្ដូរ​ជំហរ​លែង​ចង់​ចរចា​អ្វី​បន្ដ​ទៅ​ទៀត គឺ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​វែកញែក​រក​ខុសត្រូវ ហើយ​លោក​ថា​នឹង​បញ្ចប់​រឿង​នេះ​ឲ្យ​កាន់​តែ​ល្អ​មើល។

អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស​លោក អ៊ិន សុភិន ប្រាប់​Sabay នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​កក្កដា ថា រូប​លោក​ផ្ទាល់​មិន​ចង់​ពង្រីក​បញ្ហា​នេះ​ឲ្យ​កាន់​តែ​ធំ​នោះ​ទេ ប៉ុន្ដែ​បើ​សុខ រ៉ាស៊ី នៅ​តែ​បញ្ចេញ​ចរិត​រឹងរូស​មិន​ស្ដាប់​តាម​ការ​សម្របសម្រួល​របស់​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ទើប​តែ​បញ្ចប់​នីតិ​វិធី​សម្រប​សម្រួល​លើក​ទី១​នោះ គឺ​លោក​ក៏​នឹង​រង់ចាំ​តតាំង​គ្នា​នៅ​តុលាការ​ដែរ ព្រោះ​លិខិត​ស្នាម​រឿង​ជំពាក់​លុយ​នោះ​ក៏​មិន​អាច​យក​ជា​ការ​បាន​ដែរ។

អ៊ិន សុភិន៖"ខ្ញុំ​មិន​ដែល​ធ្ងន់​មាត់​អី​ជាមួយ​គាត់(សុខ រ៉ាស៊ី)​ទេ តែ​គេ​ថា​ក្មេង​ហ្នឹង​ច្រឡោងខាម រឹងរូស​ពិបាក​និយាយ​គ្នា។ កាល​សម្របសម្រួល គាត់​យល់​ព្រម​លើ​តម្លៃ​១​ម៉ឺន ហើយ​ឥឡូវ​គាត់​មក​បញ្ចេញ​ព័ត៌មាន​អី​ទៀត...អីចឹង​ខ្ញុំ​មិន​តបត​អី​ទៀត ទុក​ទៅ​តុលាការ​ចុះ ខ្ញុំ​នឹង​បញ្ចប់​រឿង​ឲ្យ​ល្អ​មើល"។

លោក អ៊ិន សុភិន បញ្ជាក់​ថា រឿង​តម្លៃ​រៀបចំ​ឆាក និង​ដាក់​ភ្លើង​នោះ មិន​ទាន់​បាន​និយាយ​គ្នា​ដាច់​ស្រេច​នៅ​ឡើយ ហើយ​នៅ​ក្នុង​វិក្កយបត្រ​នោះ​ក៏​មិន​ទាន់​បាន​ពិនិត្យ​ល្អិតល្អន់ និង​មាន​ស៊ីញេ​លោក​នៅ​លើ​ក្រដាស​នោះ​ដែរ ស្រាប់​តែ​លោក សុខ រ៉ាស៊ី ដាក់​តម្លៃ​នោះ​ដោយ​ឯកតោភាគី ដោយ​ពុំ​មាន​ការ​យល់​ព្រម​ពី​ខាង​លោក​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ Sabay មិន​ទាន់​អាច​ទាក់ទង​លោក សុខ រ៉ាស៊ី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​នៅ​ឡើយ​ទេ គឹត​ត្រឹម​ម៉ោង​១០ ថ្ងៃ​ទី២៩ ខែ​កក្កដា នេះ។ ប៉ុន្ដែ​ម្សិលមិញ​និយាយ​ថា រឿង​នៅ​ទើត្រឹម​លោក​មិន​ព្រម​ចេញ​លិខិត ឬ​វីដេអូ សុំ​ទោស​លោក អ៊ិន សុភិន ជា​សាធារណៈ ព្រោះ​លោក​យល់​ថា​ការ​ទម្លាយ​រឿង​ជំពាក់​លុយ​នេះ គឺ​លោក​មិន​ខុស​អ្វី​ឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម