• 2021-07-30 04:18:42
  • ព័ត៌មាន

បទពិសោធទាំង ១០ របស់អ្នក​​ដែលធ្លាប់ជួប BTS នៅក្រៅដោយចៃដន្យ

  • 2021-07-30 04:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​ច្រើន​ណាស់​ដែល​បាន​លើកឡើង​ដោយ​មហាជន ជាពិសេស​អ្នក​ដែល​បានជួប​តារា K-Pop ដោយ​ផ្ទាល់។ ដោយឡែក​ខាងក្រោម​នេះ​គឺ​ជាអ្វីដែលបាន​ចែក​រំលែកពីបទពិសោធផ្ទាល់ ជាមួយនឹងសមាជិក​ BTS៖

១. បុគ្គលិកខាងដឹកជញ្ជូនក្រៅម៉ោងម្នាក់​ទទួលសារផ្ទាល់ពី Suga

បុរសជនជាតិឥណ្ឌាដែល​បាន​ធ្វើការនៅ​ក្នុង​ប្រទេស​កូរ៉េរូបនេះ​បាន​ បង្ហាញ​ក្ដីរំភើប​និងរឿងរ៉ាវ​មួយចំនួនក្នុងវិទ្យុ Club FM។ លោកបាន​និយាយ​ថា​៖ «ខ្ញុំបាន​ជួប​នឹង​ RM, Jin, Jungkook និង Suga ហើយបើសួរថា ខ្ញុំជា​ ARMY មែន? គឺមិនមែន​ទេ។ ខ្ញុំ​បាន​ជួបសមាជិក ៤នាក់របស់ BTS ពេល​ខ្ញុំ​ធ្វើការក្រៅម៉ោង។ អ្នក​ដែល​ខ្ញុំ​បានជួប​មាន​ Jungkook, Jin, RM និង Suga។ បើអ្នកសួរ​ពីបទពិសោធយ៉ាងណា? ខ្ញុំ​ចង់និយាយថា ពួកគេទាំង ៤ពិតជាអស្ចារ្យ។ ពួកគេ​មិន​ដែល​ធ្វើឲ្យយើងមាន​អារម្មណ៍ថា​ ពួកគេ​តំឡើងឫកជាតារាដែល​មាន​ Fan រាប់លាននាក់អីនោះទេ»។

បន្ថែម​ពីលើ​នោះលោកក៏ជួបរឿង​មួយ​ នោះគឺចំ​ថ្ងៃមេឃភ្លៀងខ្លាំង។ តាមពិតទៅមិនមាន​ជម្រើសសម្រាប់ឲ្យអតិថិជនទាក់ទង​មក​ក្រុមការងារ​លោកទេ ប៉ុន្តែស្រាប់តែ​មាន​សារមួយផ្ញើមក ដែល​នោះគឺ Suga​។ សមាជិក​ BTS រូបនេះ​បាន​សរសេរថា «មេឃភ្លៀងហើយ អត់មាន​បញ្ហា​អីទេទោះបី​អ្នក​មកយឺតយ៉ាវក៏ដោយ តែ​សូម​ធ្វើ​ដំណើរដោយសុវត្ថិភាពផង»។

២. Jin ប្រាប់ទៅ Fan ម្នាក់ដែលជាប់អាចមន៍ភ្នែក

អ្នកគាំទ្ររូបនោះបាន​បង្ហើបពី​រឿងអាម៉ាសរបស់ខ្លួនក្នុង​ពេលជួប BTS ផ្ទាល់។ ស្ថិតក្នុង​កម្មវិធី Fansign នាង​បាន​រៀបចំ​ខ្លួន​យ៉ាងស្អាត តែង​មុខឡើងខ្ញង់ តែមិន​បាន​ឆ្លុះកញ្ចក់ឲ្យត្រឹម​ត្រូវទេ។ ដល់ពេលវេន​ខ្លួន​ចូល​ឲ្យសមាជិក BTS ស៊ីញ៉េឲ្យមក​ដល់ នាង​ក៏បានចូល​ទៅ ពេល​មកដល់មុខ Jin ហើយ Jin បានញញឹម និង​ស្ដាប់គ្រប់សម្ដី​ដែល​នាង​បាន​និយាយទៅកាន់​លោក។ ពេល​នាង​និយាយចប់ ស្រាប់​តែ​ Jin ឱនមក​ខ្សឹបប្រាប់ថា «បងស្រី ខ្ញុំ​សុំទោសណា៎ តែបងជាប់អាចមន៍ភ្នែក ចាំខ្ញុំបាំងឲ្យ អ៊ីចឹងបងអាចជូតបាន»។ និយាយចប់ លោកក៏បាំងដៃឲ្យ ឲ្យ Fan រូបនោះជូតឲ្យបាន​ស្រួលរួចរាល់។

ក្រោយមក Jin សើច​និង​និយាយសរសើរថា «បង​គួរ​ឲ្យស្រឡាញ់​ រឿង​ហ្នឹង​អ្នកណាក៏ជួប​ដែរ សូម្បី​ខ្ញុំ​ក៏មានអាចមន៍ភ្នែក​ដែរ»

៣. YouTuber ឈ្មោះ​ YAN បាន​ជួប Jungkook

YouTuber ជនជាតិ​កូរ៉េរូបនេះ​ បាន​ឲ្យដឹងថា លោកធ្លាប់ជួប​នឹង​ Jungkook ផ្ទាល់ ហើយសមាជិក​ម្នាក់នេះ​មាន​សម្ដីសំដៅល្អណាស់។ ចំណែក Style ស្លៀកពាក់វិញ YAN និយាយ​ថា «សម្រាប់ Jungkook (BTS) ខ្ញុំ​មាន​អារម្មណ៍ថា​ គាត់គឺជា​តារា​លំដាប់ពិភពលោកដែល​ថ្លៃថ្នូបំផុតលើលោក​»។

៤. បទពិសោធអ្នកជួប J-Hope នៅក្រៅយ៉ាងណាដែរ?

Fan នារីមួយរូបដែលធ្វើការនៅព្រលានយន្តហោះ​និយាយថា៖ «គាត់​បាន​សួរ​ខ្ញុំយ៉ាងរួសរាយ ថា​គួរដោះវ៉ែនតាចេញឬអត់? គ្រាន់តែសួរ​មួយម៉ាត់ ខ្ញុំ​ដឹង​រួចទៅហើយថាចរិតគាត់ល្អយ៉ាងណា។ ដោយសារការងារខ្ញុំ ខ្ញុំ​បានជួប​នឹង​តារាៗញឹកញាប់ណាស់ ប៉ុន្តែតើបតែបាន​ជួប J-Hope ខ្ញុំដឹង​បាត់ទៅហើយថា​ គាត់ពិតជាមនុស្សរួសរាយ គួរឲ្យស្រឡាញ់បំផុត»។

៥. អ្នកបម្រើការលើយន្តហោះនិយាយពីពេល​ជួប Jimin

អតីតអ្នកបម្រើលើយន្តហោះ ដែលបច្ចុប្បន្នគឺជា YouTuber ឈ្មោះ Kim Ha Gyeong ធ្លាប់​បាន​លើកឡើងពីពេល​ដែលមិត្តរួមការងាររបស់នាងជួប Jimin​។

ARMY ភាគច្រើន​មាន​ច្បាប់ទម្លាប់ដូចៗគ្នា គឺថា​បើជួប BTS នៅ​ក្រៅ ពួកគេ​តែងធ្វើ​ដូចមិនស្គាល់ ធ្វើដូចនេះ​សមាជិក BTS នឹង​មាន​អារម្មណ៍ស្រណុក​ចិត្ត​មិនបាច់បារម្ភអីច្រើន។ ប៉ុន្តែ​សម្រាប់មិត្តភ័ក្តិរបស់ Kim Ha Gyeong វិញ​មិនបាន​ដឹង​ពីច្បាប់នេះទេ ហើយផ្គួបផ្សំ​នឹង​អារម្មណ៍រំភើបផង ទើបនាង​ស្ទុះទៅសុំ Jimin ថតរូប។

ពេល​នោះ​ Jimin ក៏​បាន​សុំអភ័យទោសដោយការគោរព ញញឹមញញែម ព្រមជាមួយកាយវិការគួរសមរាបសារថា លោកមិនអាច​ថតរូបបាន​ទេ ប៉ុន្តែជំនួសមកវិញ លោកក៏បាន​ស៊ីញ៉េឲ្យវិញ។

៦. បុគ្គលិកព្រលានយន្តហោះធ្លាក់ក្នុងអន្លង់ស្នេហ៍ Namjoon

អ្នក​ដែលមក​ដល់ព្រលានដំបូងគឺ Namjoon ហើយអ្នកគាំទ្ររូបនោះ​បាន​ឲ្យដឹងថា ចរិតនៅក្រៅរបស់ Namjoon ពិតជា​ល្អណាស់។ ទាំងការតុបតែង​ខ្លួនពិតជា​សមខ្លាំងបំផុត។

៧. បុគ្គលិកព្រលានយន្តហោះជួប V នៅ​ក្រៅ

អ្នកគាំទ្រនារីរូបនោះនិយាយថា៖ «ខ្ញុំ​ត្រឹម​ឃើញតែ V ពេល​ពាក់ម៉ាសប៉ុណ្ណោះ ប៉ុន្តែ​គ្រប់យ៉ាងពី V នៅ​ក្រៅពិ​តជាពិសេសបំផុត។ យ៉ាងម៉េចក៏ដោយ ទោះ​បី​ពាក់ម៉ាសជិត ក៏មើលដឹងថា ក្ដោងច្រមុះរបស់ V ស្រួចមែនទែន ហាហាហា»។

៨. អ្នកគាំទ្រឲ្យឆ័ត្រមក Suga

ថ្ងៃមួយអ្នកគាំទ្រម្នាក់បាន​ចេញមក​ក្រៅទិញអីញ៉ាំ តែចំ​ពេល​ភ្លៀង ហើយគេ​ក៏បាន​ជួប​នឹង​ Suga លើផ្លូវ។ ពេលនោះ Suga ពាក់មួក និងគ្មានឆ័ត្របាំងទេ ដូចនេះអ្នកគាំទ្ររូបនោះ​ក៏​បាន​រត់យក​ឆ័ត្រឲ្យ។ ប៉ុន្តែ​ចៃដន្យអី ពេល​ឲ្យឆ័ត្រហើយមេឃក៏រាំងភ្លៀង ប៉ុន្តែ Suga នៅ​តែ​កាន់ឆ័ត្រនោះជាប់ធ្វើឲ្យ Fan រូបនោះ​រមភើប​ចិត្តណាស់។

៩. ពេលអ្នកធ្វើការនៅព្រលានជួប Suga នៅក្រៅ

នាង​បាន​និយាយថា Suga ជា​មនុស្សដែល​ស្ងប់ស្ងៀម​ជាងសមាជិក​ដទៃ។ ចរិតរបស់ Suga ប្រៀបដូចកូនឆ្មា ដែលធ្វើពុតជាមិនចូលចិត្តអ្វី​មួយ ប៉ុន្តែ​តាមពិតចូលចិត្តស្ទើរស្លាប់ទៅហើយ។

១០. អ្នកធ្វើការព្រលានយន្តហោះសរសើរនឹងចរិតនៅក្រៅរបស់ Jungkook

នា​ងបានឲ្យដឹង​ថា៖ «មុខរបស់ Jungkook ដូចកូនក្មេងអ៊ីចឹង ប៉ុន្តែ​រាង​កាយ​វិញ​ពិតជាល្អល្អះណាស់ រហូត​ខ្ញុំ​គិតគ្រប់ពេល​ថា​គាត់ពិតជាសង្ហា។ នៅពេល​មួយខ្ញុំ​ហៅគាត់ តែច្រឡំហើយឈ្មោះ​ខុស តែពេលនោះគាត់បែរជាងាក​មកខ្ញុំដោយញញឹមទៀត។ ដៃខ្ញុំ​វិញឡើងញ័រ ស្មានតែគាត់ខឹង តែបែរជា​គាត់ប្រាប់ខ្ញុំ​ថា​មិនអីទៅវិញ វា​ពិតជារំភើបណាស់»៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់