• 2021-08-04 02:54:16
  • ជីវិតតារា

រឿង១មិនទាន់ចប់ ឥឡូវចូលមួយទៀត! ពេលនេះអ្នកដឹកនាំរឿង ចេញ​មក​ទម្លាយរឿង អ៊ិន សុភិន ជំពាក់ប្រាក់​ការងារ​លោក​មិន​ទាន់​សងដែរ

  • 2021-08-04 02:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​មក​នេះ សារព័ត៌មានក្នុង​ស្រុក​ជាច្រើនបានចុះផ្សាយហូរហែ ពី​ទំនាស់​ខាង​ផ្នែក​សេដ្ឋកិច្ចរវាង​លោក អ៊ិនសុភិន ដែលជាចាងហ្វាង​ផលិតកម្មមហាហង្ស ជាមួយពិធីករ លោក សុខរ៉ាស៊ី រហូត​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​គ្នា​តាម​ផ្លូវ​តុលាការ​ថែម​ទៀត ហើយ​ខណៈ​ដែល​រឿង​នេះ​នៅ​មិន​ទាន់​រក​ដំណោះស្រាយ​ឃើញ​ផង ឥឡូវ​មាន​អ្នក​ទី​២ បាន​ចេញ​មក​ទម្លាយ​ថា លោក​ក៏​ជួប​រឿង​នេះ​ជាមួយលោក សុភិន ដែរ។

អ្នកដឹកនាំរឿង និងជាអ្នកច្នៃម៉ូដល្បីមួយ​រូប​នៅសហរដ្ឋអាមេរិក និងកម្ពុជាលោក Remy Hou (រ៉េមមី ហ៊ូ) បានគាស់កកាយ​រឿង​រ៉ាវ​មក​ឲ្យ Sabay ថា តាមពិតលោកក៏មានសាច់រឿងដូចគ្នាទៅនឹងលោក សុខ រ៉ាស៊ី ដែរ។ លោក​អធិប្បាយ​ថា ដើម​ឡើយ​លោក និង​លោក អ៊ិន សុភិន ជាមនុស្សរាប់អាន និងធ្វើការជាមួយគ្នារាប់ឆ្នាំ និង​មាន​ភាព​ជិតស្និទ្ធថែម​ទៀតផង ហើយតាម​រយៈ​ទំនាក់ទំនង​នេះ លោក ក៏​បាន​ព្រមព្រៀង​ធ្វើ​ការងារ​មួយចំនួន​ជាមួយ​ផលិតកម្ម​មហាហង្ស។

លោក Remy Hou (រ៉េមមី ហ៊ូ) បានប្រាប់​ថា ក្នុងអំឡុងខែ៩ ឆ្នាំ២០១៩ លោកបានទទួលការងារថត​រឿង សម្រាប់​ចាក់បញ្ចាំង​ក្នុងរោង(រឿងដុំ)ចំនួន៣រឿង ដោយលោកមាន​កាតព្វកិច្ច​ជាអ្នកដឹកនាំរឿង ចំណែកភរិយា​របស់លោកឈ្មោះ អ្នក​នាង ផូ ភារ័ត្ន ជាជំនួយការដឹកនាំរឿង។ រ៉េមី គឺ​ជាអ្នកឈរឈ្មោះក្នុងធ្វើកុងត្រា ជាមួយ​ខាង​ផលិតកម្ម​ដែល​មាន​លោក អូន ឧស្សាហ៍ ជានាយកគ្រប់គ្រងទូទៅ​ ធ្វើ​ជា​តំណាង។ តាម​​ការ​ចរចា លោក និង​ភរិយា បាន​តម្លៃ​ហត់នឿយ សរុបរួមគ្នា ទើប​លោក​ធ្វើ​ជា​តំណាង​តែ​ម្នាក់​សម្រាប់​ការ​ធ្វើ​កុងត្រា។

តាម​ខ្លឹមសារនៅ​ក្នុង​កុងត្រា លោក រ៉េមមី ហូ និងភរិយា ផូ ភារត្ន័ ក៏បានបញ្ជាក់ថា ក្រុមហ៊ុន ត្រូវ​កក់​ប្រាក់ ៥០% មុនចុះថត ហើយ​ក្រុមហ៊ុនក៏បានកក់រួចហើយដែរ។ ក្រៅ​ពី​នេះ ពេលដឹកនាំ​ថត​បាន៥០ភាគរយនៃសាច់រឿង ក្រុមហ៊ុនត្រូវបង់ប្រាក់៣០ភាគរយបន្ថែម​ទៀត លុះ​បញ្ចប់​ការងារ​ដឹកនាំថត​ចប់ជាស្ថាពរ ទើប​ក្រុមហ៊ុនត្រូវបង់ប្រាក់២០ភាគរយបញ្ចប់។

ប៉ុន្តែ​ជាមួយ​គ្នា​នោះ អ្នកដឹកនាំក៏ត្រូវមានតួនាទីទៅមើល ការកាត់តឲ្យចប់ដែរ។ តាម​អ្នក​ដឹកនាំ​រឿង ២នាក់​ប្ដី​ប្រពន្ធ បាន​បញ្ជាក់​ថា ក្រោយថតចប់ ពួក​គេក៏បានទៅមើលការកាត់តបាន២រឿង នៅសល់១រឿង។ ដល់​ត្រឹម​នេះ លោក រ៉េមមី បញ្ជាក់​ថា លោក​បាន​ស្នើសុំទូទាត់ទឹកប្រាក់៣០%ទាំងបីរឿង តាម​កុងត្រា ដើម្បី​យក​មក​ដោះស្រាយ​លើ​ការ​ចំណាយផ្សេងៗ។

ប៉ុន្តែ មិន​ទទួល​បាន​អ្វី​ទាំង​អស់ ដោយ​លោក​ប្រាប់​ថា លោក អ៊ិន សុភិន បាន​យកលេសនេះលេសនោះ​ ដើម្បី​គេចវេស​រហូតមកដល់សព្វថ្ងៃនេះ។ "ម្ដង​គាត់​ថា កូវីដ ថាអីចេះអីចុះ តែ​បន្ទាប់​ពី​ពួក​ខ្ញុំដឹកនាំ​ថត​រឿង​ចប់​ទាំង​អស់ គាត់​ទៅ​ធ្វើ​កម្មវិធី Miss Grand ដែល​ជា​កម្មវិធី​ធំ អីចឹង​បាន​ន័យ​ថា គាត់​មិន​អត់​លុយ​ទេ...ដល់​អីចឹង​ខ្ញុំ​ឆ្ងល់​ ខ្ញុំ​អត់​យល់​ហ្មង!"។

តាម​ការ​បញ្ជាក់របស់​អ្នកដឹកនាំ​រឿង​ដដែល លោក អ៊ិនសុភិន នៅ​មិន​ទាន់​ទូទាត់​ប្រាក់​ថ្លៃ​ពលកម្ម​របស់​លោក​ និង​ភរិយា សរុប​ចំនួន ៥០% ស្នើ​នឹង​ទឹក​ប្រាក់​ជិត ៥០០០ដុល្លារ​ទៀត។ ចំនួន​ទឹក​ប្រាក់​នៅ​សល់​នេះ លោក​លើក​ឡើង​ថា ឲ្យ​តែ​​ក្រុមហ៊ុន​ព្រម​ទូទាត់​ឲ្យ ទោះ​បី​រំលស់​២០០ដុល្លា ៣០០ដុល្លា រឺ៥០០ដុល្លា ក៏បាន​ដែរ ប៉ុន្តែពួក​លោក​មិន​ទទួល​បាន​ដំណោះ​ស្រាយ​ណា​មួយ​លើ​ទឹក​ប្រាក់​នៅ​សល់​ពី ​លោក អិនសុភិន រហូត​មក​ដល់​បច្ចុប្បន្ន​ដែល​មាន​រយៈ​ពេល​ជិត ២​ឆ្នាំ​ហើយ។

ចំពោះ​បញ្ហា​នេះ លោក អ៊ិន សុភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស ប្រាប់​ថា លោក​មិន​ចង់​តតាំង​ជាមួយ​ពួក​គេ​ទាំង​ពីរ​ទេ។ ទោះ​យ៉ាង​ណា នៅ​ក្នុង​បទ​សម្ភាសន៍តាម​រយៈ​សារអេឡិចត្រូច​ លោក​បាន​លើក​ឡើង​ថា លោក រ៉េមី មិន​បាន​ធ្វើ​ការ​ចប់ស្រេចបាច់ឲ្យ​លោក។ "គ្រាន់​តែ​ត្រូវ​ចាំ​ថា ពួក​គេ​ចង់​បាន​លុយ​គេ តែ​មិន​ធ្វើ​ការ​ឲ្យចប់ចុងចប់ដើម!"។

ឆ្លើយ​តប​ទៅ​ហ្នឹង​ការ​លើក​ឡើង​របស់​លោក អ៊ិន សុភិន អ្នក​នាង ផូ ភារ័ត្ន ដែល​ជាជំនួយការ​ស្វាមី​លោក រ៉េមី ហ៊ូ ដឹឹកនាំ​ថត​រឿង​ទាំង​៣ បញ្ជាក់​ថា អ្នក​នាង និង​ស្វាមី បាន​បញ្ចប់​ការ​ដឹកនាំ និង​មើល​ការ​កាត់ត​ចប់​ស្រេច​បាច់​ចំនួន ២​រឿង​ហើយ។ ដូច្នេះ​ហើយ អ្នក​នាង​ថា គួរ​តែ​មាន​ការ​ទូទាត់​ព្រោះ រឿង​ទាំង​៣​ដែល​អ្នក​នាង និង​ស្វាមី​ទទួល​ដឹក គឺ​ធ្វើ​កុងត្រា​ផ្សេង​គ្នាទេ។ "ពួក​ខ្ញុំ​បាន​ដឹកនាំ​ចប់ទាំង​៣រឿង តែ​បាន​ទៅ​មើល​ការ​កាត់​ត​ចប់​បាន​២ រឿង នៅ​សល់​១រឿង អីចឹង​ខ្ញុំ​សុំ​ឲ្យ​គាត់ទូទាត់​២​រឿង​សិន​ក៏​បាន ព្រោះ​ រឿង​ទាំង​៣ ធ្វើ​កុងត្រា​ផ្សេង​គ្នា​ទេ...អីចឹង​ខ្ញុំ​សុំ​ឲ្យ​តែ​គាត់ ធ្វើ​តាម​ច្បាប់​របស់​ក្រុមហ៊ុន​​គាត់​ប៉ុណ្ណោះ!"។

តាម​ខ្លឹមសារ​នៅ​ក្នុង​កុងត្រារវាង​ភាគី​ទាំង​ពីរដែល​ផ្ដល់​ដោយ​អ្នក​នាង ផូ ភារ័ត្ន គឺក្រុមហ៊ុនមហាង្សបាន​ព្រម​ពៀង​កក់ ៥០% បន្ទាប់​ពីចុះកុងត្រា​ជាមួយ​គ្នា។ ដំណាក់​កាល​ទី២ ក្រុមហ៊ុន​នឹង​ត្រូវ​បន្ថែម​ប្រាក់​កក់ ៣០% ទៀត​ក្រោយ​ពី​ដឹកនាំ​បាន ៥០% ថត​ចប់។ ដោយ​ឡែក ២០% នៅ​សល់ គឺ​នឹង​ត្រូវ​ផ្ដល់​ជូន​អ្នក​ដឹកនាំ​ ដែល​ជាភាគី​ "ខ" នៅ​ក្រោយ​បញ្ចប់​ការ​ដឹកនាំថតជា​ស្ថាពរ។

តាម​លក្ខខណ្ឌ​នេះ អ្នក​នាង ភារ័ត្ន បញ្ជាក់​​ថា អ្នក​នាង និង​ស្វាមី គួរ​ត្រូវ​បាន​ទទួល​ការទូទាត់​ ៥០% បន្ថែម​សម្រាប់ ២​រឿង​ដែល​អ្នក​នាង បាន​បញ្ចប់​ការងារ​ជាស្ថាពរហើយ។ ប៉ុន្តែ​ដោយ​សារ​មិន​មាន​ការ​ទូទាត់​​ថ្លៃ​ពលកម្ម​របស់​អ្នក​នាង និង​ស្វាមី​ចំពោះ​រឿង​ ២ នោះ ទើប​អ្នក​នាង​ និង​ស្វាមី មិន​មាន​កម្លាំង​ចិត្ត​ទៅ​បំពេញការងារ​បន្ថែម​ទៀត​សម្រាប់​១​រឿង​ដែល​នៅ​សល់៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់