• 2021-08-12 09:28:36
  • ព័ត៌មាន

ត្រួសៗ! តារា​ល្បី​ទាំងគូៗ​ចេញ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ដោយឡែក សុខ ពិសី យក​ប៉ា​ធ្វើ​ជាគូ

  • 2021-08-12 09:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​ឆ្ពោះ​ទៅ​កាន់​មណ្ឌល​ចាក់​វ៉ាក់សាំង​Astrazenecaដែល​ជា​ដូស​ទី៣ ឬ​ដូស​ជំរុញ គេ​ឃើញ​វត្តមាន​របស់​តារា​ចម្រៀង និង​សម្ដែង​ខ្មែរ​ច្រើន​គួរសម​មាន​ឱកាស​ចាក់​វ៉ាក់សាំង​នេះ​មុន​គេ។ តារា​ខ្លះ​បាន​នាំ​គ្នា​ទៅ​ចាក់​ទាំងគូៗ​តែ​ម្ដង ប៉ុន្តែ​តារា​ដែល​មិន​ទាន់​មាន​សង្សារ និង​ស្វាមី ឬ​ភរិយា បាន​ចេញ​ពី​ផ្ទះ​ទៅ​ចាក់​តែ​ម្នាក់​ឯង និង​ខ្លះ​បាន​ទៅ​ជាមួយ​ប៉ា។

គិត​ពី​ថ្ងៃ​ម្សិលមិញ និង​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០២១ នេះ គេ​ឃើញ​មាន​តារា​ល្បី​ៗ​មិន​ក្រោម​១០​នាក់​ទេ បាន​ចេញ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ហើយ​បាន​បង្ហោះ​រូប​ថត​ពួកគេ​ពេល​កំពុង​ចាក់​ទៀត​ផង។ ជាក់​ស្ដែង មាន​ដូច​ជា៖ តារា​ចម្រៀង សួស វីហ្សា និង​ស្វាមី ពិធី​ករ លី ម៉េងហូ ហៅ​នាយ​ព្រែក និង​តារា​សម្ដែង ឈិន មុន្នីនាថ តារា​សម្ដែង ថន លក្ខិណា តារា​សម្ដែង​ស្រី សុខ សោម៉ាវតី និង​តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​នៅ​ផលិតកម្ម​សាន់ដេ គឺ​កញ្ញា សុខ ពិស ជាដើម។

ក្នុង​ដំណើរ​ចេញ​ទៅ​ចាក់​វ៉ាក់សាំង​លើក​ទី៣ នេះ លោក ថមមី និង​សួស វីហ្សា ដែល​ជា​ប្ដី-ប្រពន្ធ​ដ៏​ផ្អែម​ល្ហែម បាន​ទៅ​ចាក់​នៅ​អគ្គលេខាធិការដ្ឋាន ក្រសួង​ការពារ​ជាតិ​ព្រម​គ្នា កាល​ពី​ថ្ងៃ​ទី១១ ខែ​សីហា។ រីឯ​នាយ​ព្រែក និង​កញ្ញា ឈិន មុន្នីនាថ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង​ព្រម​គ្នា​ដែរ​កាល​ពី​ម្សិលមិញ ត្បិត​ថា​អ្នក​ទាំង​២ នៅ​រឹងមាត់​មិន​ទាន់​ហ៊ាន​និយាយ​ចេញ​ពី​ទំនាក់ទំនង​ពួកគេ​នៅ​ឡើយ​នោះ តែ​នាយ​ព្រែក និង​មុន្នីនាថ បាន​ចាក់​នៅ​ទីបញ្ជាការ​កង​អង្គរក្ស​សម្ដេច​តេជោ​រួច​ហើយ​ដែរ។

ដោយឡែក​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ប្រចាំ​នៅ​ផលិតកម្ម​សាន់ដេ សុខ ពិសី បាន​ចេញ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ឬ​ដូស​ជំរុញ​កាល​ពី​ថ្ងៃ​ទី១១ ខែ​សីហា ដែរ។ កញ្ញា​បាន​ធ្វើ​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង​ជាមួយ​ប៉ា ហើយ​បាន​បង្ហោះ​សារ​ខ្លី​មួយ​ថា៖"រួចរាល់​សម្រាប់​វ៉ាក់​សាំង​លើក​ទី៣ ជាមួយ​ប៉ា"។ ចំណែក​តារា​សម្ដែង សុខ សោម៉ាវតី វិញ​បាន​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​នាង​ទៅ​ចាក់​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ជាមួយ​នឹង​សំលៀកបំពាក់​ខោ​ខោវប៊យ និង​អាវ​យឺត​ពណ៌​ក្រហម​ឆ្អៅ។

កាល​ពី​ដើម​សប្ដាហ៍​នេះ រាជរដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ឬ​ដូស​ជំរុញ​ដល់​កង​កម្លាំង​ជួរ​មុខ និង​បុគ្គល​សំខាន់ៗ។ ក្នុង​រយៈ​ពេល នៃ​ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ គេ​ក៏​សង្កេត​ឃើញ​សិល្បករ-សិល្ប​ការិនី​ដែល​ជា​កង​កម្លាំង​ផ្ទាល់​បាន​ចេញ​ទៅ​ចាក់​ជា​បន្តបន្ទាប់​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់