• 2021-08-18 04:10:15
  • ព័ត៌មាន

អត់​ព្រម​ឈប់! សាយ ប្រកាស​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​ថ្មី​ទៀត ជួយ​ដល់​អង្គការ​ចំនួន​៣

  • 2021-08-18 04:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ួន បឋម ហៅ សាយ បាន​រត់​ជុំវិញ​ប្រទេស​កម្ពុជា​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ ២០២០ ឥឡូវ​នេះ​លោក​បាន​ដាក់​ចេញ​ផែនការ​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​ធ៏​ធំ​របស់​លោក​ថ្មី​ទៀត​ហើយ។

កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​ថ្មី​របស់ សាយ មាន​ឈ្មោះ​ថា "រត់ជាមួយសាយ Virtual Run 2021" ដែល​មាន​ចក្ខុវិស័យ​មួយ​ចំនួន។ ទី​១ ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​លេងកីឡា​ឲ្យច្រើន ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ព្រម​ទាំង​រួម​ចំណែក​ការងារ​សប្បុរសធម៌​ជាមួយ​យុវជន​មក​ពី​ខេត្ត​រតនៈគីរី។

ម្យ៉ាង​គម្រោង​នេះ ក៏​មានចេតនា​បំផុស​ការ​លេង​កីឡា​ដើម្បី​សុខភាព​ល្អ ទប់​ទល់​នឹង​ការ​ឆ្លង​រីករាលដាល​នៃ​មេរោគ​កូវីដ១៩​នៅ​កម្ពុជា​ផង​ដែរ។ ដូច្នេះ​ហើយ សាយ លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ចួល​រួម​ឲ្យ​បាន​ច្រើន។ តាម​លក្ខខណ្ឌ ការ​ចុះ​ឈ្មោះ​ដើម្បី​ចូល​រួម​រត់​ជាមួយ សាយ មិន​ត្រឹម​តែ​បាន​សុខភាព បង្កើត​ភាពរីករាយ និង​បន្ថែម​ខ្លឹមសារ​ឲ្យ​ជីវិត ប្រិយមិត្ត​ក៏​នឹង​បាន​អំណោយ​អនុស្សាវរីយ៍​មួយ​ចំនួន​ផង​ដែរ។

អំណោយ​អនុស្សាវរីយ៍​ដែល​ត្រៀម​ប្រគល់​ជូន​មាន អាវ​យឺត​ដ៏​ស្រស់​ស្អាត​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ប្រណិត ព្រម​ទាំង​មាន​ការ​បំពាក់​មេដាយ​នៅ​ពេល​បញ្ចប់​ការ​រត់​ថែម​ទៀត សម្រាប់​អ្នក​រត់​បាន ១០គីឡីម៉ែត្រ និង ២១គីឡូម៉ែត្រ។

តាម​ការ​ប្រកាស​ព័ត៌មាន កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​ឆ្នាំ​ទី២ "រត់ជាមួយ​សាយ Virtual Run 2021” មាន​គោលដៅ​ប្រមូល​មូលនិធិ​ត្រៀម​សម្រាប់​ការ​បរិច្ចាគ​ទៅ​អង្គការ​ចំនួន​៣ ដែល​ជួយ​ទ្រទ្រង់​ដល់​សុខុមាលភាព​កុមារ​នៅ​កម្ពុជា ក្នុង​នោះ​មាន​រួម​មាន អង្គការ Manna4Life, សាលា​ទន្សាយ និង​អង្គការ​ជន​ពិការ​កម្ពុជា។

លោក អ៊ួន បឋម ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គម្រោង​ដ៏​ធំ​នេះ​ជា​លើក​ទី២ មាន​ក្ដី​រំពឹង​ថា កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​របស់​លោក​ថ្មី​នេះ នឹង​រួម​ចំណែក​ការ​លើក​កម្ពស់​សកម្មភាព​កីឡា និង​ជា​ពិសេស​បង្កើន​សកម្មភាព​សប្បុរសធម៌​ជួយ​ដល់​ស្ថានប័ន ឬ​អង្គការ​ដែល​ជួប​ការ​លំបាក​នានា។

តាម​រយៈ​កម្មវិធី "រត់ជាមួយ​សាយ​ដើម្បី​សប្បុរសធម៌" កាល​ឆ្នាំ ២០២០ សាយ បាន​រត់​ជុំវិញ​ប្រទេស​កម្ពុជា​ដែល​មាន​ចម្ងាយ​ដី​សរុប​ប្រមាណ ២០០០គីឡូម៉ែត្រ ដោយ​បាន​ឆ្លង​កាត់​រាជធានី​ខេត្ត​ចំនួន ២២ ដោយ​ចំណាយ​ពេល​វេលា ៩៩ថ្ងៃ។ ពលិកម្ម​ដ៏​អស្ចារ្យ​នេះ សាយ ប្រមូល​មូលនិធិ​បាន​ជិត ៥០ម៉ឺន​ដុល្លារ​អាមេរិក​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប។

ជាមួយ​សមិទ្ធផល​នេះ​ដែរ សាយ បាន​ ទទួល​ពាន​រង្វាន់​វីរៈ​យុវជន​ឆ្នាំ​២០២០ ទៀត​ផង ពី​សមាគម​អន្ដរជាតិ​យុវជន និង​សិស្ស​និស្សិត​ដើម្បី​សន្តិភាព កាល​ពី​ចុង​ខែ​មករា ២០២១​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់