• 2021-08-26 01:00:00
  • ព័ត៌មាន

ដេននី ក្វាន់ លឹបលបង្ហាញស្នេហា​ពិតជាមួយ​បុរស​ម្នាក់ ក្រោយប្រកាស​ថាកុមារី​ល្អ​ហួស​ជា​កូន​បង្កើត​របស់​នាង

  • 2021-08-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន អតីត​តារា​សម្ដែង និង​ជា​អ្នក​ដើរ​ម៉ូត​ដ៏​ស៊ិចស៊ី ដេននី ក្វាន់ បាន​ប្រកាស​ថា​នាង​ធ្លាប់​មាន​ស្វាមី ហើយ​កុមារី​ល្អ​ហួស គឺ​ជា​កូន​បង្កើត​របស់​នាង ប៉ុន្តែ​រូប​នាង និង​ស្វាមី​បាន​បែកបាក់​គ្នា​ជា​ច្រើន​ឆ្នាំ​ហើយ។ ភ្លាមៗ ក្រោយ​ការ​ប្រកាស​នេះ ដេននី ក្វាន់ ថា"ព្រះចន្ទ អាច​រះ​បាន​ដោយ​គ្មាន​វត្តមាន​របស់​ផ្កាយ តើ​មាន​ហេតុផល​អ្វី​ដែល​ខ្ញុំ​មិន​អាច​រស់​ម្នាក់​ឯង​បាន​ដោយ​គ្មាន​អ្នក"។

មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រោយ​ពី​ចេញ​សារ​នេះ ស្រាប់​តែ​នៅ​ថ្ងៃ​ទី២៣ និង​ថ្ងៃ​ទី២៤ ខែ​សីហា ដេននី ក្វាន់ បាន​បង្ហាញ​វត្ដមាន​បុរស​ម្នាក់​បែប​លាក់លៀម​ដោយ​បិទ​មុខ​បុរស​ដែល​គេ​ឃើញ​អង្គុយ​ឱប​នាង​ពី​ក្រោយ​នោះ។ ពេល​នោះ នាង​និយាយ​ថា "មាន​តែ​អូន​ទេ​ដែល​យល់​ពី​បង​ច្បាស់ បង​កុំ​គិត​ច្រើន​អូន​យល់​ហេតុផល​របស់​បង ព្រោះ​មាន​តែ​បង និង​អូន​ទេ​ដែល​យល់​គ្នា​ច្បាស់ អគុណ​ដែល​បង​ស្រឡាញ់​អូន អូន​ក៏​ស្រឡាញ់​បង​ដូច​គ្នា"។

មួយ​ថ្ងៃ​ក្រោយ​មក​ទៀត នាង​ក៏​បាន​បញ្ចេញ​រូប​ថត​១​សន្លឹក​ដែល​គេ​ឃើញ​បុរស​ម្នាក់​ឈ​ឱប​នាង​ម្ដង​ទៀត ដោយ​ម្ដង​នេះ ដេននី ក្វាន់ សរសេរ​ថា ជ្រើសរើស​មនុស្ស​ដែល​រវល់ តែ​គេ​មាន​ពេល​សម្រាប់​អ្នក កុំ​ជ្រើស​រើស​មនុស្ស​ដែល​មាន​ពេល តែ​មិន​ខ្វល់​ជាមួយ​អ្នក"។ តាម​រយៈ​សារ និង​រូប​ថត​ស្និទ្ធស្នាល​ដែល​ដេននី ក្វាន់ បញ្ចេញ​រយៈ​ពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​នាង យល់​ថា ដេននី ក្វាន់ អាច​នឹង​ជានា​ជាមួយ​អតីត​ស្វាមី​ដែល​ត្រូវ​ជា​ឪពុក​បង្កើត​នោះ​វិញ​ហើយ។ រីឯ​អ្នក​ខ្លះ​ទៀត​យល់​ថា ដេននី ក្វាន់ បាន​រក​ម្ចាស់​បេះដូង​ឃើញ​ម្នាក់​ទៀត​ហើយ។

គិត​ត្រឹម​ម៉ោង​៣​កន្លះ រសៀល​ថ្ងៃ​ទី២៥ ខែ​សីហា Sabay មិន​ទាន់​អាច​ទាក់ទង​សាមី​ខ្លួន ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កាល​ពី​សប្ដាហ៍​មុន ដេននី ក្វាន់ បាន​បញ្ជាក់​តាម​រយៈ​Sabay ថា រូប​នាង​មិន​ទាន់​បាន​គិតគូរ​រឿង​គូរស្រករ ឬ​រក​ឃើញ​បុរស​ណា​ម្នាក់​ដើម្បី​ចូល​មក​ស្អំ​បេះដូង​នៅ​ឡើយ​ទេ ហើយ​អតីត​ស្វាមី​របស់​នាង​ឈ្មោះ ជូ តុងអាន នោះ​ក៏​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​វិញ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម