• 2021-08-27 07:21:42
  • ព័ត៌មាន

កម្មវិធី "Run with Sai Virtual Run 2021" សម្ពោធ​បើក​ដំណើរការ​ហើយ​​ នៅ​ថ្ងៃ​នេះ

  • 2021-08-27 07:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី"Run with sai virtual run 2021" បាន​សម្ពោធ​បើក​ដំណើរការ​ហើយ​នៅ​ថ្ងៃ​ទី២៧ ខែ​សីហា ក្រោម​អធិបតី​ភាព​ឯកឧត្ដម សំហេង បុរស ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត។ "ចូលរួម​ជាមួយ​ពួក​យើង ដើម្បី​សុខភាព...ចូលរួម​ជាមួយ​ពួក​យើង ដើម្បី​កិច្ច​ការងារ​មនុស្សធម៌" គឺ​ជា​ពាក្យ​ស្លោក​របស់​សាយ​ក្នុង​កម្មវិធី​រត់​លើក​នេះ។

លោក អ៊ួន បឋម ហៅ​សាយ និយាយ​ថា កម្មវិធី​រត់​នេះ នឹង​ចាប់​ផ្ដើម​ឲ្យ​អ្នក​ចូល​រួម​ទាំង​ឡាយ​ចុះ​ឈ្មោះ​តាម​រយៈ​App ទូរស័ព្ទ​មួយ ដើម្បី​តាមដាន​ការ​រត់​របស់​ខ្លួន​រៀងៗ​ខ្លួន ហើយ​កម្មវិធី​គ្រោង​នឹង​រត់​រួម​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​កន្លែង​ណា​មួយ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី៣០ និង​ទី៣១ ខែ​តុលា ខាង​មុខ​នេះ។

សាយ៖"យើង​មិន​បាន​ដាក់​comitmentអី​ដូច​លើក​មុន​ទេ....តែ​យើង​សង្ឃឹម​ថា​នឹង​មាន​អ្នក​ចូល​រួម​ច្រើន​ដើម្បី​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ក្នុង​ការ​ជួយ​ដល់​កុមារ​រងគ្រោះ​នៅ​ក្នុង​អង្គការ​ចំនួន​៣​ផងដែរ។ ក្រោយ​ចុះ​ឈ្មោះ​យើង​ចាប់​ផ្ដើម​ហ្វឹកហាត់ ដោយ​អ្នក​ខ្លះ​ចុះ​ឈ្មោះ​រត់​៥​គីឡូម៉ែត្រ និង​ខ្លះ​ទៅ​រត់​២១​គីឡូ​ម៉ែត្រ អីចឹង​ហើយ​យើង​សង្ឃឹម​ថា​កូវីដ​អាច​នឹង​ស្ងប់​បន្តិច​ហើយ​យើង​រត់​ជុំ​គ្នា"។

សាយ បញ្ជាក់​ថា ជំនួយ​សប្បុរសជន​តាម​រយៈ​ការ​ចុះ​ឈ្មោះ​រត់​ជាមួយ​លោក នឹង​ផ្ដល់​ទៅ​អង្គការ​ក្នុង​ស្រុក​ចំនួន​បី​ដែល​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កុមារ​ងាយ​រងគ្រោះ​ដែល​ប្រភព​ជំនួយ និង​សប្បុរសជន​ខ្លះ​បាន​មើល​រំលង​អង្គការ​ទាំង​នេះ។ ក្នុង​នោះ​មាន​អង្គការ Save the Children ខេត្ដ​សៀមរាប អង្គការ​សាលា​ទន្សាយ និង​អង្គការ​សាលា​ស្វាយ​អង្គ​ម៉ាណា​មិត។

រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ឯកឧត្ដម សំហេង បុរស ថ្លែង​កោតសរសើរ​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​សាយ និង​ក្រុម​ការងារ​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​ដែល​បាន​ចូលរួម​កិច្ច​ការងារ​សង្គម ជា​ពិសេស​ជួយ​បំផុស​គំនិត​យុវជន​ឲ្យ​ចេះ​ស្រឡាញ់​ការងារ​សប្បុរសធម៌ និង​ស្រឡាញ់​សុខភាព​តាម​រយៈ​ការ​រត់​របស់​សាយ​ទាំង​ពីរ​លើក​នេះ។

ឯកឧត្ដម សំហេង បុរស៖"ចេញ​ពី​គំនិត​របស់​សាយ​មួយ​នេះ បាន​បង្កើត​ជា​កម្លាំង​ជួយ​សង្គម​រាប់​ពាន់​នាក់ ដោយ​ថវិកា​មិន​បាន​មក​តែ​ពី​យុវជន​ប៉ុន្មាន​នាក់​ហ្នឹង​ទេ គឺ​គាត់​គ្រាន់​តែ​លះបង់​កម្លាំង​កាយ​ចិត្ដ ហើយ​ប្រភព​ចំណូល​ធំ​បំផុត​គឺ​មហាជន​ដែល​បាន​តាម​ដាន​សកម្មភាព​របស់​សាយ និង​ក្រុម​ការងារ...ហើយ​យើង​កំពុង​តែ​គិត​ថា​យ៉ាង​ជួយ​ជ្រោមជ្រែង​យ៉ាង​ម៉េច​បាន​ទៀត​ក្នុង​កម្មវិធី​នេះ"។

ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដែរ នាយក​ក្រុមហ៊ុន​Sabay group លោក ជី សិលា ថ្លែង​ថា Sabay តែងតែ​ចូល​រួម​ក្នុង​សកម្មភាព​សង្គម ដើម្បី​បង្កើត​ភាព​សុខដុមរមនា និង​ភាព​សប្បាយ​រីករាយ​ក្នុង​សង្គម ហើយ​រូប​លោក​ផ្ទាល់​គិត​ថា កីឡា​គឺ​ជា​ប៉ូល​មួយ​ធ្វើ​ឲ្យ​កាយ​សម្បទា​មនុស្ស​រឹងមាំ មាន​សុខភាព​ល្អ និង​ប្រាជ្ញា​វាងវៃ ទើប​ធ្វើ​ឲ្យ​សង្គម​រីកចម្រើន និង​សុខសប្បាយ។

លោក ជី សិលា៖"ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​អ្នក​ចូលចិត្ត​កីឡា​ខ្លាំង ខ្ញុំ​បាន​ហាត់​កីឡា​ច្រើន​មែនទែន សូម្បី​តែ​កូន​ខ្ញុំ​ក៏​ខ្ញុំ​បំផុស​គំនិត​ឲ្យ​គាត់​ស្រឡាញ់​កីឡា​ដែរ រហូត​ដល់​គាត់​ទៅ​រត់​ជាមួយ​សាយ​អស់​១០០​គីឡូ​ម៉ែត្រ...អីចឹង​ហើយ​ទើប​យើង​តែងតែ​ចូល​រួម​គាំទ្រ និង​ផ្សព្វផ្សាយ​ពី​បេសកកម្ម​របស់​សាយ​កន្លង​មក"។

កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​របស់​សាយ និង​ក្រុមការងារ​ក្នុង​ឆ្នាំ​២០២១ នេះ គឺ​មិន​កំណត់​ចម្ងាយ​ផ្លូវ ឬ​ពេល​វេលា​ដើម្បី​រត់​លើ​ដង​ផ្លូវ​ជាក់​ស្ដែង​ដូច​កម្មវិធី​រត់​កាល​ពី​ឆ្នាំ​២០១៩ នោះ​ទេ ដោយសារ​បញ្ហា​ឆ្លង​រាតត្បាត នៃ​ជំងឺ​កូវីដ-១៩។ កម្មវិធី​សម្រេច បើក​ឲ្យ​សប្បុរសជន ជា​ពិសេស​អ្នក​ស្រឡាញ់​កីឡា និង​គាំទ្រ​សកម្មភាព​របស់​សាយ ជួយ​ចូល​រួម​បរិច្ចាគ​ថវិកា​តាម​រយៈ​ការ​ចុះ​ឈ្មោះ​តាម​App ក្នុង​ទូរស័ព្ទ​ដៃ​ដើម្បី​តាមដាន​ការ​រត់​រៀង​ៗ​ខ្លួន ហើយ​កំណត់​រត់​ជុំ​គ្នា​តែ​២​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី៣០ និង​៣១ ខែ​សីហា។

សូម​រំលឹក​ថា លោក អ៊ួន បឋម ហៅ​សាយ ធ្លាប់​បំបែក​ឯកត្តកម្ម​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ម្ដង​ហើយ​ក្នុង​ការ​រត់​បាន​ឆ្ងាយ​ជាង​គេ ពោល​គឺ​ស្ទើរ​ជុំវិញ​ស្រុក​ខ្មែរ ដើម្បី​រៃអង្គាស​ប្រាក់​ទៅ​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​នូវ​ទឹក​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​បន្ត​ដំណើរការ​មន្ទីរពេទ្យ​នេះ។ តាម​រយៈ​បេសកកម្ម​មនុស្សធម៌​លើក​ទី១ បាន​ធ្វើ​ឲ្យ​មហាជន​ស្គាល់​សាយ និង​គាំទ្រ​សាយ កាន់​តែ​ខ្លាំងក្លា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់