• 2021-08-27 09:03:41
  • ព័ត៌មាន

ក្នុង​នាម​ជា​ម្ចាស់​ជយលាភី​ពានរង្វាន់​សន្តិភាព YSP 2021 ថ្ងៃ​នេះ សាយ ស្ថិតនៅ​ក្នុង​កម្មវិធី​មួយ​ដ៏​ឱឡារិក

  • 2021-08-27 09:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ួន បឋម ហៅ​សាយ ត្រូវ​បាន​សប្បុរសជន និង​អ្នក​គាំទ្រ​លោក​ដាក់​រហស្សនាម​ថា"វីរ​យុវជន​ខ្មែរ" បន្ទាប់​ពី​លោក​បំបែក​ឯកត្តកម្ម​រត់​លើ​ចម្ងាយ​ផ្លូវ​២៤០០​គីឡូម៉ែត្រ ដើម្បី​សកម្មភាព​មនុស្ស​ធម៌​មួយ​កាល​ពី​ឆ្នាំ​២០១៩។ ក្រោយ​មក កិត្តិនាម​របស់​លោក​បាន​ល្បី​សុះសាយ​ទាំង​ក្នុង និង​ក្រៅ​ស្រុក រហូត​ដល់​គណៈកម្មការ​វាយ​តម្លៃ​ពាន​រង្វាន់​មួយ​ឈ្មោះIAYSP Internationalដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ សម្រេច​ប្រគល់​ពានរង្វាន់​សន្តិភាពYSP 2021 ជូន​លោក។

តាម​ពិត​ពាន​រង្វាន់​កម្រិត​ពី​ភព​លោក​មួយ​នេះ ត្រូវ​ធ្វើ​ពិធី​ប្រគល់ និង​ទទួល​តាំង​ពី​ខែ​មេសា ឆ្នាំ​២០២១ មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ ទើប​ពិធី​នេះ​ត្រូវ​បាន​ពន្យារ​រហូត​មក​ដល់​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០២១ នេះ។ ថ្លែង​ទៅ​កាន់​អ្នកមុខអ្នកការ និង​តំណាង​សមាគម​អន្តរជាតិ​យុវជន និង​សិស្ស​និស្សិត​ដើម្បី​សន្តិភាព នា​ទីស្ដីការ​ក្រសួង​សង្គមកិច្ច ព្រឹក​មិញ​នេះ លោក អ៊ួន បឋម ថា អ្វី​ដែល​លោក​ទទួល​បាន​នៅ​ពេល​នេះ​មិន​បាន​រំពឹង​ទុក​ឡើយ ព្រោះ​អ្វី​ដែល​លោក​ធ្វើ​កន្លង​មក​នោះ គឺ​ធ្វើ​ដើម្បី​ជួយ​សង្គម។

សាយ៖"ខ្ញុំ​ក៏​រំភើប​នៅ​ពេល​ដែល​ទទួល​ស្គាល់​ដោយ​ថ្នាក់​ជាតិ និង​អន្តរជាតិ​ដែល​បាន​មេដាយ​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ថា​តាម​រយៈ​សកម្មភាព​របស់​ខ្ញុំ​នឹង​អាច​ជំរុញ​ទឹកចិត្ត​យុវជន​ខ្មែរ​យើង​ផ្សេង​ៗ​ទៀត​ក្នុង​ការ​ចូល​រួម​ការងារ​សង្គម ហើយ​គាត់​អាច​នឹង​ឈាន​ដល់​មាន​ការ​ទទួល​ស្គាល់​ពី​មហាជន ហើយ​ទទួល​បាន​មេដាយ​ដូច​ខ្ញុំ​ដែរ"។

សូម​បញ្ជាក់​ថា ពានរង្វាន់​សន្តិភាព YSP PEASE PRIZE គឺ​ជា​ពានរង្វាន់​ដែល​ផ្ដល់​ជូន​ដល់​យុវជន និង​ថ្នាក់​ដឹកនាំ​វ័យក្មេង​ដែល​បាន​ធ្វើ​ការ​ចូល​រួម​ចំណែក​ដោះស្រាយ​បញ្ហា​សង្គម និង​ធ្វើការ​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ដែល​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​របស់​អង្គការ​សហប្រជាជាតិ​ដែល​ទទួល​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា និង​មាន​ការ​ទទួល​ស្គាល់​ពី​មហាជន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស តំបន់ និង​សកលលោក។

កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០២១ IA YSP internation បាន​ធ្វើ​ការ​រៀបចំ​មហាសន្និបាត​យុវជន​អន្តរជាតិ​ដែល​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​យុវជន​ជាង​៩០​ប្រទេស​ជុំវិញ​សកល​លោក​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ចេញ​ពី​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង។ អំឡុង​ពេល​មហាសន្និបាត​នោះ​ផង​ដែរ​គណៈកម្មការ​ពានរង្វាន់​សន្តិភាព​YSP បាន​ធ្វើ​ការ​ប្រគល់​ពានរង្វាន់ YSP PEACE PRIZE ជូន​លោក អ៊ួន បឋម ហៅ​សាយ តាម​រយៈ​អ្នក​តំណាង​នៅ​ទីនោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់