• 2021-09-01 08:56:07
  • ព័ត៌មាន

អ៊ុំ សក្ខណា មាន​មុខរបរ​យួរ សោម កណ្ណិកា មាន​មុខរបរ​ទូល តែ​ឱកាស​សម្ដែង​លែង​មាន មុខរបរ​ទាំង​ពីរ​ក៏លែង​ដើរ​!

  • 2021-09-01 08:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ជាង​ពីរ​ឆ្នាំ នៃ​ការ​អូស​បន្លាយ​វិបត្តិ​ជំងឺ​កូវីដ-១៩ មាន​សិល្បករ-សិល្ប​ការិនី​ខ្មែរ​ច្រើន បាន​ប៉ះពាល់​ខាង​ប្រាក់​ចំណូល ជា​ពិសេស​តារា​ចាស់ៗ​ដែល​មិន​សូវ​មាន​ទីផ្សារ​ការងារ​សិល្បៈ​ស្រាប់​ផង​នោះ។ តារា​ទាំង​នោះ គឺ​មាន​ដូច​ជា អ្នកស្រី ញឹម សុខា អ៊ុំ សក្ខណា ប៊ុត ចាន់សោភ័ណ្ឌ សោម កណ្ណិការ និង​អ្នកស្រី សយ ណារីរ័ត្ន ជា​ដើម។

ក្នុង​ចំណោម​តារា​ស្រី​វ័យ​ចំណាស់​ទាំង​នេះ ធ្លាប់​ទទួល​បាន​ការ​ទំនុក​បម្រុង និង​ឧបត្ថម្ភ​នូវ​គ្រឿង​ឧបភោគ បរិភោគ​ខ្លះ​ពី​សប្បុរសជន​ដែរ នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ។ ប៉ុន្តែ​គេ​ឃើញ​តារា​សម្ដែង អ៊ុំ សក្ខណា ហៅ​ម៉ែនឿន និង​តារា​សម្ដែង សោម កណ្ណិកា បាន​បាត់​ឱកាស​សម្ដែង​ខ្សែភាពយន្ត​ហើយ​ ហើយក៏ស្រាប់តែបាត់​ឱកាស​លក់ដូរ​នូវមុខរបរកំប៉ិកំប៉ុកទៀត។

និយាយ​ពី​អ្នកស្រី អ៊ុំ សក្ខណា ហៅ​ម៉ែនឿន។ អ្នកស្រី កំពុង​ប្រវេប្រវា​យក​ម៉ូតូ​ក្មួយ​ដែល​ដឹក​អីវ៉ាន់​តាម​អនឡាញ​ទៅ​បញ្ចាំ​ដើម្បី​បង់​រំលស់​ថ្លៃ​ផ្ទះ​ដែល​អាក់ខាន​បង់​គេ​រយៈ​ពេល​បី​ខែ​ទៅ​ហើយ​នោះ ដោយសារ​តែ​ប្រភព​ចំណូល​ពី​ការ​សម្ដែង​បាន​បាត់​ស្ទើរ​ទាំង​ស្រុង ហើយ​មុខរបរ​លក់​ប្រហុក​ឆៅ និង​កន្ទុយ​ហេះ​ដែល​ធ្លាប់​រក​ចំណូល​ក្រែល​ដែរ​នោះ​ក៏​អត់​ទៀត។

អ្នកស្រី អ៊ុំ សក្ខណា៖"ឥឡូវ​បាត់​ចំណូល​ពី​សម្ដែង អា​ហ្នឹង(ប្រហុក​ចៅ និង​កន្ទុយ​ហេះ)បាត់​ដែរ! លក់​ពីរ​បី​ឆ្នាំ​ហើយ ម៉ែ​តែងតែ​ធ្វើ​វា​យួរ​ទៅ​លក់...មាន​តួៗ កូនៗ​គេ​ចូល​ចិត្ដ​គេ​កុម្ម៉ង់​ទិញ​ហូរហែ ដល់​ឥឡូវ​អត់​សូវ​បាន​ចេញ​ថត អត់​ហ្មង...ពីរ​បី​ថ្ងៃ​បាន​ដាច់​១​ក្រឡ ជួនកាល​អត់​ទៀត​ពិបាក​ណាស់"។

កាល​ពី​ដើម​ឆ្នាំ​២០២១ តារា​សម្ដែង​រូប​នេះ ក៏​ធ្លាប់​ទទួល​បាន​ការ​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​៥០០០​ដុល្លារ​ពី​ថៅកែ​ហាង​ពេជ្រ ទ្រី ដាណា ដែរ ហើយ​ក្រោយ​មក​ទៀត​ក៏​មាន​ថៅកែ​ផលិតកម្ម"រាម" លោកស្រី នួន សុន្ទរី ហៅ​ស្រី​អូន និង​មាន​សប្បុរសជន​មួយ​ចំនួន​ទៀត​ក៏​បាន​ជួយ​ដែរ ប៉ុន្ដែ​ប្រាក់​ជំនួយ​ទាំង​នោះ​ត្រូវ​តារា​សម្ដែង អ៊ុំ សក្ខណា ចាត់ចែង​សង​គេ​អស់​ហើយ ហើយ​បច្ចុប្បន្ន​ត្បិតថា អាជីព​សម្ដែង និង​មុខរបរ​លក់​ប្រហុក មិន​ដំណើរការ​ល្អ ប៉ុន្តែ​តារា​រូប​នេះ​បាន​ងាក​ទៅ​រក​មុខរបរ​លក់​ទា​ខ្វៃ​វិញ​ម្ដង ហើយ​សព្វថ្ងៃ​លក់​អស់​ចន្លោះ​ពី​៨ ទៅ​១០​ក្បាល​ដែរ គ្រាន់​ដោះ​ទ័ល​ជីវភាព​ប្រចាំ​ថ្ងៃ។

ងាក​មក​តារា​សម្ដែង​ស្រី សោម កណ្ណិកា វិញ។ សោម កណ្ណិកា ក៏​ស្ថិតនៅ​ក្នុង​ជីវភាព​ដុនដាប​ណាស់​ដែរ ក្រោយ​ពី​អាជីព​សម្ដែង​ត្រូវ​បាន​ផ្អាក​ស្ទើរ​ទាំង​ស្រុង ហើយ​មុខរបរ​ទូល​នំពុម្ព​លក់​តាម​ផ្សារ​អូឡាំពិក​ក៏​ត្រូវ​កាត់​ផ្ដាច់​ដោយសារ​តែ​លក់​លែង​ដាច់​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ-១៩ ឆ្លង​រាតត្បាត​នេះ។

អ្នកស្រី សោម កណ្ណិកា ធ្លាប់​ប្រាប់​Sabay ថា អស់​ឱកាស​ពី​អាជីព​សម្ដែង និង​ទូល​នំ​ពុម្ព​លក់​គ្រាន់​បាន​ដោះ​ទ័ល​ជីវភាព​នោះ អ្នកស្រី​ត្រូវ​បង្ខំចិត្ដ​ទៅ​ស៊ីឈ្នួល​លាង​ចាន និង​ជួល​លក់​បាយ​ស្រូប​គេ​នៅ​ជិត​ផ្សារ​អូឡាំពិក​នោះ​វិញ​ម្ដង។ ការងារ​នេះ គ្រាន់​តែ​បាន​ដោះស្រាយ​ក្រពះ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទប់​នៅ​ជួល​គេ​នោះ​ត្រូវ​ជំពាក់​ថ្លៃ​ឈ្នួល​គេ​ជា​ច្រើន​ខែ តែ​ម្ចាស់​ផ្ទះ​ចេះ​តែ​អនុគ្រោះ​ជា​បន្ត​បន្ទាប់។

សោម កណ្ណិកា៖"ពិបាក​ណាស់​កូន​អើយ! ចង់​ស្រែក​ប្រាប់​ន​ណា​ក៏​គេ​មិន​ជឿ​ដែរ ជា​ពិសេស​នៅ​ក្នុង​ពេល​កូវីដ​នេះ...ចេញ​ថត​ក៏​មិន​បាន ពឹង​លើ​លក់​នំ ឥឡូវ​អត់​ទៀត ទ្រាំ​លាង​ចាន​ឲ្យ​ប្អូន​គេ​លក់​បាយ​នៅ​ផ្សារ​ហ្នឹង​ដែរ គ្រាន់​តែ​បាន​ដោះ​ទ័ល​មួយ​ពេល​ៗ​ទេ​កូន"។

កូន​សិស្ស​ល្ខោន​និយាយ​របស់​យាយ​ម៉ែ​ម៉ឺន សោម កណ្ណិកា មិន​ធ្លាប់​ទទួល​បាន​ការ​ទំនុកបម្រុង ឬ​ឧបត្ថម្ភ​ធំដុំ​ដូច​តារា​ស្រី​វ័យ​ស្របាល​អ្នក​ស្រី​ដទៃ​ទៀត​នោះ​ទេ។ ប៉ុន្តែ​ចុង​ក្រោយ​នេះ គេ​ឃើញ​តារា​សម្ដែង​វ័យ​ជរា​រូប​នេះ ទទួល​បាន​ប្រាក់ ជំនួយ​ខ្លះ​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ពី​សប្បុរសជន​តាម​រយៈ​តារា​សម្ដែង​ប្រុស​វ័យ​ក្មេង សាយ សៀរ៉ា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់